ភ្នំពេញៈ គណៈកម្មាធិការ​សម្រប​សម្រួល​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ៦ ​តុលា​បាន​បើក​កិច្ចប្រជុំ​លើក​ទី​ ៣ នៃ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​លូទឹកកខ្វក់​។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ថ្លែង​បើក​ដោយ​លោក​ តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​បិទ​កម្មវិធី​ដោយ​លោក​រដ្ឋលេខាធិការ រស់ វណ្ណា សហប្រធាន​អង្គប្រជុំ និង​មាន​ការចូលរួម​ពី​លោក Kuribayashi Takanori លេខា​ទី​ ១ ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ស៊ុយ សិរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ លោកស្រី Kamei Haruko ប្រធាន​តំណាង​ការិយាល័យ​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ (JICA)​ ប្រចាំ​កម្ពុជា និង​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន មន្ត្រី​ជំនាញ​បច្ចេកទេស​ទទួល​បន្ទុក និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត រួមទាំង​អង្គភាព​ពាក់ព័ន្ធ​នានា សរុប​ប្រមាណ ៧២ រូប​។

បើតាម​ហ្វេសប៊ុក​ក្រសួង​សាធារណការ​ដែល​ចេញផ្សាយ​ទៅ​ថ្ងៃទី​ ៧ ​តុលា អង្គ​ប្រជុំ​បាន​ពិភាក្សា​អំពី​រចនាសម្ព័ន្ធ និង​ស្ថានភាព​នៃ​ការគ្រប់គ្រង​ទឹក​កខ្វក់ ការធ្វើ​អនាម័យ​ទីក្រុង ការប្រើប្រាស់​ធនធាន​សម្រាប់​អនុវត្ត​កិច្ចការងារ ភាព​ចាំបាច់​នៃ​គោលកាណ៍​ផ្សព្វផ្សាយ​ណែនាំ សម្រាប់​បំពេញ​តម្រូវការ​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​ការខិតខំ​ពង្រឹង​ពន្លឿន​រៀបចំ​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស លិខិតបទដ្ឋាន​គតិយុត្ត សេចក្តី​ព្រាងច្បាប់ និង​យន្តការ​ក្នុង​ការទ្រទ្រង់​វិស័យ​ទឹក​កខ្វក់​នៅ​កម្ពុជា​។

អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផ្តោតលើ​ការធ្វើ​បច្ចុប្បន្នភាព​អំពី​គម្រោង សកម្មភាព​ការងារ​ដែល​កំពុង​អនុវត្ត ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​ដែល​ធ្វើការ​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព​។

នៅក្នុង​អង្គប្រជុំ លោក​ តូច ចាន់កុសល បាន​គូសបញ្ជាក់​អំពី​សាវតារ​ខ្លះៗ​នៃ​ការសាងសង់​អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​កំពុង​សាងសង់ និង​ខ្លះទៀត​កំពុង​លើក​ផែនការ ដែល​ជា​ការបញ្ជាក់​យ៉ាងច្បាស់​ពី​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ជាមួយ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក្រោម​កិច្ចសហការ​ពី​ដៃគូ​អភិវឌ្ឍន៍​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ (JICA) ​ប្រចាំ​កម្ពុជា និង​ជាពិសេស​អង្គភាព​ពាក់ព័ន្ធ​បាន​ចូលរួម​លើក​កម្ពស់​ការគ្រប់គ្រង​អនាម័យ និង​ទឹក​កខ្វក់ ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។

លោក​ តូច ចាន់កុសល បាន​ថ្លែង​ការកោតសរសើរ​ដល់​ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តជាតិ​ជប៉ុន​ (JICA) ប្រចាំ​កម្ពុជា និង​ជាពិសេស​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ​លើកកម្ពស់​ការគ្រប់គ្រង​អនាម័យ និង​ទឹកកខ្វក់​នៅ​តាម​រាជធានី​-​ខេត្ត ក៏ដូចជា​ក្នុង​មូលដ្ឋាន​ ដើម្បី​កែលម្អ ការពារ​ទឹកជំនន់ ការកកស្ទះ​លូ និង​ការប៉ះពាល់​បរិស្ថាន ដោយ​បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ អាង​ប្រព្រឹត្តកម្ម​ចម្រោះ​ប្រព័ន្ធ​ទឹកកខ្វក់ និង​វិធាន​អនាម័យ​ផ្សេងៗ សំដៅ​ធ្វើ​យ៉ាងណា​អាច​គ្រប់គ្រង​លើ​ប្រតិបត្តិការ សម្រេច​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​ទាក់ទង​នឹង​ការគ្រប់គ្រង អភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់​នៅ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​សោភ័ណភាព​ទីក្រុង (​ទីក្រុង​បៃតង​) និង​ភាពទាក់ទាញ​ផងដែរ​។

នៅ​ទីបញ្ចប់ លោក រស់ វណ្ណា សហប្រធាន​អង្គប្រជុំ​បាន​ថ្លែង​អំណរគុណ​ដល់​អង្គប្រជុំ ដែល​បាន​ពិភាក្សា​យ៉ាង​ផុលផុស​ក្នុង​ការបង្ហាញ​មតិយោបល់ ចែករំលែក​បទពិសោធ​ការងារ​ផ្តល់​ការ​សហប្រតិបត្តិការ ជាពិសេស ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ (JICA) ​ប្រចាំ​កម្ពុជា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ​(DPWT) និង​សាលា​រាជធានី​ភ្នំពេញ​ (PPCA) ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក្នុង​ការសម្រេច​បាន​នូវ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​លូទឹកកខ្វក់ កើតឡើង​នៅ​ថ្ងៃនេះ ដើម្បី​ផលប្រយោជន៍ រួមចំណែក​ក្នុង​ការទ្រទ្រង់​វិស័យ​ទឹក​កខ្វក់ និង​អនាម័យ​ក្នុង​ទីក្រុង ព្រមទាំង​កិច្ច​សហការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ​នាពេល​កន្លងមក និង​បន្តទៅ​អនាគត​៕