សៀមរាបៈ ខ្លោងទ្វារ​តាកាវ ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ក្រុង​អង្គរធំ ដែល​រង​ការខូចខាត​ដោយ​អន្លើ នៅ​ពេលនេះ​បាន​វិលត្រឡប់​ទៅរក​ភាពល្អ​ស្អាត រឹងមាំ និង​មាន​សោភ័ណភាព​ពេញលេញ​វិញ​ហើយ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចំណាយពេល​ធ្វើការ​ជួសជុល​អស់​រយៈពេល​ប្រមាណ​ជិត​ ២ ​ឆ្នាំ​។ នេះ​បើតាម​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៧ ​តុលា​នេះ​។

កាលពី​ពេល​មិនទាន់​ជួសជុល ខ្លោងទ្វារ​តាកាវ មាន​ភាព​ទ្រុឌទ្រោម​ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម កង្វះ​ការថែទាំ ដំរី​ទាំង​ ៤ ​ជ្រុង​បាន​រង​នូវ​ការខូចខាត​ជាខ្លាំង ដោយសារ​ដើមឈើ និង​ឫស​ឈើ​ដុះ​ចាក់​ចូល​រចនាសម្ព័ន្ធ បណ្តាល​ឱ្យ​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ពិសេស​កំពូល​ខ្លោងទ្វារ​ដែលមាន​មុខព្រហ្ម​ទាំង​ ៤ ​ទិស រួមទាំង​សំណង់​ជាប់​សងខាង​នៃ​ខ្លោងទ្វារ ថ្ម​បាន​ក្រៀក រំកិល​ចេញពី​ទីតាំង​ដើម​ដោយ​អន្លើ ថ្ម​មួយចំនួន​បាន​ជ្រុះ​ធ្លាក់​មកក្រោម ដែល​ទាមទារ​ឱ្យមាន​ការ​ទល់ទ្រ​បណ្តោះអាសន្ន​ជា​ចាំបាច់​។

បន្ថែម​ពីនេះ ក្រុម​ជំនាញ​បាន​ប្រើ​ខ្សែកាប​រឹត អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ នៅតែមាន​ហានិភ័យ​ខ្ពស់​ដោយសារ​ឈើ​ទ្រនល់​ពុកផុយ កាប​ធូររលុង ឫស​ឈើ​ដុះ​ឫស​ជ្រែក​ហែក​កាន់តែ​ធំ​ឡើង​។

បច្ចុប្បន្ន​នេះ ខ្លោងទ្វារ​តាកាវ​ទាំងមូល​បាន​សង្គ្រោះ​ឱ្យ​រួច​ផុតពី​ហានិភ័យ​ផ្សេងៗ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន តាមរយៈ​ «លោកជំទាវ​ឧកញ៉ា​ នាង​វិសាខា អគ្គមហា​ឧបាសិកា ពុទ្ធសាសនូបត្ថម្ភ​កិត្តិបណ្ឌិត សៀង ចាន់ហេង (​អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​)» ធ្វើការ​ជួសជុល ដើម្បី​លើក​តម្លៃ​ឱ្យ​ខ្លោងទ្វារ​នេះ នៅ​ឈរ​រឹងមាំ ជា​ខ្លោងទ្វារ​ការពារ​ក្រុង​អង្គរធំ​។

កំពូល​ខ្លោងទ្វារ​ដែល​មាន​ព្រះភក្ត្រ​ទាំង​ ៤​ ទិស ដែល​ធ្លាប់តែ​បាត់បង់​ផ្នែក​ខ្លះ​ជា​យូរ​មកហើយ ត្រូវបាន​ជួសជុល​ទៅតាម​លក្ខណៈ​ដើម​ឡើង​វិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និង​ផ្នែក​ផ្សេងៗ​បាន​រៀប​បញ្ចូល ទីតាំង​ដើម​វិញ ធ្វើឱ្យ​ព្រះ​ភក្ត្រ​ញញឹម​រស់រវើក​ឡើងវិញ ហើយ​រូប​ដំរី​នៅតាម​ជ្រុង​ទាំង​ ៤ ​បាន​លេច​រូបរាង​ឈរ​ឡើងវិញ ហាក់​កំពុង​ជួយ​ទប់​លំនឹង​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​ទាំងមូល​។

ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​ខ្លោងទ្វារ​តាកាវ ភាគ​ខាងលិច​នៃ​ក្រុង​អង្គរធំ​នេះ តាំងតែ​ពី​ចុងខែ​កុម្ភ​: ឆ្នាំ​ ២០២១ ហើយ​រហូតមកដល់​អំឡុង​ខែ​តុលា ឆ្នាំ​ ២០២២ ​នេះ គឺ​បាន​សម្រេច​ប្រមាណ​ ៩៧ ​ភាគរយ​ហើយ ដោយនៅ​សេសសល់​តែ​ការកែសម្រួល​ថ្មភក់​ថ្មី ដែល​បាន​ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់​ឬ​ខូចគុណភាព​។

បច្ចុប្បន្ន​ក្រុមការងារ​កំពុង​មមាញឹក​ក្នុងការ​រុះរើ​រន្ទា​ចេញ​ជា​បណ្តើរៗ ហើយ​នឹង​បញ្ចប់​ការជួសជុល​នាពេល​ឆាប់ៗ​ខាងមុខ​។

ខ្លោងទ្វារ​តាកាវ គឺជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ចេញចូល​ទាំង​ ៥ នៃ​ក្រុង​អង្គរធំ ដែល​ស្ថិតនៅ​ទិស​ខាងលិច នៃ​ប្រាសាទបាយ័ន​។

ក្រោយពី​បញ្ចប់​ការជួសជុល​ទាំងស្រុង ខ្លោងទ្វារ​នេះ នឹង​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា និង​ផ្តិត​យក​រូបភាព​មួយផ្នែក​ទៀត​នៃ​ទិសដៅ​ទេសចរណ៍​ថ្មី​៕