ភ្នំពេញៈ រយៈពេល​ ៥១ ​ថ្ងៃ សមត្ថកិច្ច​បាន​រកឃើញ​ក្រុមហ៊ុន​ចំនួន​ ៩ នៅ​ខេត្ត​ព្រះសីហនុ​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស និង​បានសម្រេច​បិទ​ទីតាំង​ទាំងស្រុង​ ៥​ ក្រុមហ៊ុន និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ចំនួន​ ៤ ​ក្រុមហ៊ុន​។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដែល​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៧ ខែ​តុលា ថា ក្នុង​រយៈពេល ៥១ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ១៨ ខែសីហា ដល់​ថ្ងៃទី​ ៤ ខែ​តុលា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​លើ​បណ្តឹង​ដែល​អះអាង​ថា ជា​ករណី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ចំនួន ៤២០ ​ករណី​។

ផ្អែកលើ​បណ្ដឹង​ទាំង​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ស៊ើប​បញ្ជាក់ ដោយ​បាន​រកឃើញ ២២៩ ​ករណី មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ក្នុងនោះ ១១៨ ​នាក់​ដែល​មាន​ ៥ ​សញ្ជាតិ​ជា​ជនរងគ្រោះ​នៃ​បទល្មើស ដូចជា ការ​បង្ខាំង​ជំរិត​ទារប្រាក់ ការធ្វើ​ទារុណកម្ម អំពើ​ជួញដូរ​មនុស្ស សញ្ចារកម្ម​ល្បែង​អនឡាញ​ខុសច្បាប់ ជាដើម​។

ប្រភព​ដដែល​បន្ត​ថា ទន្ទឹមនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ និង​ជនបរទេស​ចំនួន ៦៧ ​នាក់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ទន្ទឹមនេះ កិច្ចប្រតិបត្តិការ​ក៏បាន​រកឃើញ​ក្រុមហ៊ុន​ចំនួន ៩ ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស និង​បាន​សម្រេច​បិទ​ទីតាំង​ទាំងស្រុង​ ៥ ​ក្រុមហ៊ុន និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ចំនួន ​៤​ ក្រុមហ៊ុន ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែម​»៕