ភ្នំពេញៈ រយៈពេល​ ៥១ ​ថ្ងៃ សមត្ថកិច្ច​រកឃើញ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​ជាង​ ១០០ ​ទីតាំង និង​បាន​អនុវត្ត​វិធានការ​ច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​លើ​បុគ្គល​ចំនួន​ជាង​ ២៥០ ​នាក់​។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ៧ ខែ​តុលា ថា​៖ «​កងកម្លាំង​មាន​សមត្ថកិច្ច​នានា​បាន​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទីតាំង​មាន​ការ​សង្ស័យ​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ចំនួន ៩ ៦២២ ​ទីតាំង ក្នុង​នោះ​បាន​រកឃើញ និង​អនុវត្ត​វិធានការ​ច្បាប់ ចំនួន ១១៦ ​ទីតាំង និង​លើ​បុគ្គល ចំនួន ២៥៣ ​នាក់ ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​»​។

គ​.​ជ​.​ប​.​ជ បន្ត​ថា ក្នុង​រយៈពេល ៥១ ​ថ្ងៃនេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​សីហា ដល់​ថ្ងៃទី​ ៤ ខែ​តុលា អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន​ភូមិ​និង​ឃុំ សង្កាត់ អំពី​ផលប៉ះពាល់​នៃ​ល្បែងស៊ីសង​ខុសច្បាប់​។

គ​.​ជ​.​ប​.​ជ ដែល​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន បញ្ជាក់​ថា ក្នុង​រយៈពេល​ ៥១ ​ថ្ងៃនេះ អាជ្ញាធរ និង​សមត្ថកិច្ច បាន​បន្ត​តាមដាន​ទីតាំង​ដែល​ធ្លាប់​ប្រព្រឹត្ត​ល្បែងស៊ីសង បន្ត​ស្រាវជ្រាវ​រក​ទីតាំង​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​ល្បែងស៊ីសង និង​បន្ត​ក្តាប់​មុខសញ្ញា​បើក​ល្បែង និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​៕