ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិត​ទៅកាន់​លោក ប្រា​យុ​ធ ចាន់​-​អូ​ចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​ថៃ ដោយ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​ជិត ៤០ នាក់ ដែល​ភាគច្រើន​ជា​កុមារ ដោយសារ​ការបាញ់ប្រហា​រ​នៅឯ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​មួយកន្លែង នៅ​ប្រទេស​ថៃ នាពេល​ថ្មីៗ​នេះ​។​

​លោក​បាន​សម្ដែង​សេចក្តី​តក់ស្លុត និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​បានទទួល​ព័ត៌មាន​អំពី​ការបាញ់រះ​សម្លាប់​រង្គាល​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ក្នុង​ខេត្ត​ណង​ប៊ូ​ឡាំ​ភូ (Nong Bua Lam Phu) ភាគ​ឦសាន នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ៦ ខែតុលា ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ៤០ នាក់ នេះ ដែល​ភាគច្រើន​ជា​កុមារ និង​មាន​អ្នករងរបួស​មួយចំនួន​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៨ ខែតុលាថា​៖ «​ក្នុង​កាលៈទេសៈ​ដ៏​សែន​សោកសៅ​នេះ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​ឯកឧត្តម រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​ថៃ ជាពិសេស​ក្រុមគ្រួសារ​នៃ​សព និង​ជនរងគ្រោះ​»​។​

​លោក​បន្តថា កម្ពុជា​ស្ថិតនៅ​ជាមួយ​ថៃ​ក្នុងខណៈពេល​ដ៏​សោកសង្រេង​នៃ​ឧប្បត្តិហេតុ​សម្លាប់​រង្គាល​នេះ ហើយ​លោក​បាន​បួងសួង​ឱ្យ​អ្នក​ដែល​ទទួល​រងរបួស​ឆាប់​បានជា​សះស្បើយ ។​

​គួរ​បញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់​ជិត ៤០ នាក់ រួមទាំង​ក្មេងៗ និង​មនុស្ស​ធំ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ក្នុងការ​បាញ់ប្រហារ​ដ៏​ធំ​មួយ នៅឯ​មជ្ឈមណ្ឌល​ថែទាំ​កុមារ កាលពី​ម៉ោង​ប្រហែល ១២ ជិត ១ រសៀល នាទី ៦ ខែតុលា ក្នុងស្រុក Uthaisawan Na Klang នៃ​ខេត្ត Nong Bua Lamphu​។

​ប៉ូលិស​ថៃ​បានធ្វើ​ការកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែលមាន​វ័យ ៣៤ ឆ្នាំ និង​ជា​អតីត​ប៉ូលិស ឈ្មោះ Panya Kamrab៕​