ពោធិ៍សាត់ៈ របាយការណ៍​បង្ហាញថា ដំណាំ​ស្រូវ​ជាង​ ២០០​ ហិកតា នៅ​ក្រុង​ពោធិ៍សាត់ និង​ដំណាំ​ស្រូវ​ជិត​ ៧០០​ ហិកតា នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បាន​ខូចខាត​ដោយសារ​ទឹកជំនន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​រយៈពេល​ ៥ ​ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​។

​លិខិត​រដ្ឋបាលខេត្ត​ពោធិ៍សាត់​នា​ថ្ងៃទី ​៨ ខែតុលា បាន​ដកស្រង់​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តពោធិ៍សាត់​ថា បន្ទាប់ពី​ទទួលរង​ឥ​ទិ្ធ​ពល​សម្ពាធ​ទាប (ITCZ) និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នោះ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ គិត​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី ៧ ខែតុលា គឺ​បាន​បង្កឱ្យមាន​គ្រោះទឹកជំនន់​ដងស្ទឹង​ពោធិ៍សាត់ នៅក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង​។

​លិខិត​ដដែល​បន្តថា​៖ «​ក្រុង​ពោធិ៍សាត់ ទទួលរង​ប៉ះពាល់​៖ ប្រជាពលរដ្ឋ ចំនួន​ ១ ១៣៨​ ខ្នង​ផ្ទះ (​ទឹក​ចូល​ក្រោមផ្ទះ​) ដំណាំ​ស្រូវ ចំនួន ​៤០០​ ហិកតា និង​ខូចខាត​ ២១៧​ ហិកតា និង​ដំឡូង​មី ៤,៥០ ​ហិកតា​។ ស្រុក​កណ្តៀង ទទួលរង​ប៉ះពាល់​៖ ប្រជាពលរដ្ឋ ចំនួន​ ៣៦០​ គ្រួសារ (​ទឹក​ចូល​ក្រោមផ្ទះ​) ខូចខាត​ស្រូវ ចំនួន​ ៦៩៦​ ហិកតា​»​។

​បើតាម​លិខិត​ដដែល គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៨ ខែតុលា ទឹកស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់​ ៥,៤៥ ​ម៉ែត្រ បាន​ស្រក​ចំនួន​ ៥​ ហ៊ុន ខណៈ​កម្ពស់​ប្រកាសអាសន្ន​គឺ​ ៥ ​ម៉ែត្រ​។ ស្ទឹង​ភ្នំក្រវាញ មាន​កម្ពស់​ ៣,៤៥ ​ម៉ែត្រ បាន​ស្រក​ចំនួន​ ០,៥​ ម៉ែត្រ ខណៈ​កម្ពស់​ប្រកាសអាសន្ន​គឺ​ ៦​ ម៉ែត្រ​។ ស្ទឹង​វាលវែង មាន​កម្ពស់ ​១,៤០​ ម៉ែត្រ បាន​ស្រក​ចំនួន​ ០,៥ ម៉ែត្រ ខណៈ​កម្ពស់​ប្រកាសអាសន្ន​គឺ​ ៩​ ម៉ែត្រ​)៕