បាត់ដំបងៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​ ៨ ខែតុលា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​វេទិកា​អុំទូក មាត់ទន្លេ ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​លោក​បញ្ជាក់ថា ពិធី​ប្រណាំងទូក​ខេត្តបាត់ដំបង​នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​យ៉ាង​រីករាយ និង​បង្ក​បង្កើតបាន​បរិយាកាស​កាន់តែ​អធិកអធម​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​បាន​កោតសរសើរ​រដ្ឋបាលខេត្ត​បាត់ដំបង រួមទាំង​ក្រុម​ស្ថាបត្យករ វិស្វករ និង​កម្មករ កម្មការិនី ទាំងអស់​ដែល​បាន​ដឹកនាំ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការសាងសង់​វេទិកា​អុំទូក​នេះ​បាន​យ៉ាង​លឿន ប្រកបដោយ​គុណភាព និង​សោភ័ណភាព​។

​លោក​ថ្លែងថា​៖ «​តាមរយៈ​វេទិកា​អុំទូក​ដ៏​ប្រណីត​នេះ និង​តាមរយៈ​កា​រៀបចំ​សោភ័ណភាព​ស្ទឹង​សង្កែ ព្រមទាំង​ស្ទឹង​សង្កែ​សម្បូរ​ទឹក​ផង​នោះ ពិធី​ប្រណាំងទូក​ខេត្តបាត់ដំបង​នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​យ៉ាង​រីករាយ បង្ក​បង្កើតបាន​បរិយាកាស​កាន់តែ​អធិកអធម​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចូលរួម​កម្សាន្ត​ក្នុងពេល​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល​»​។

​លោក​ថ្លែងថា កីឡា​ប្រណាំងទូក គឺជា​កីឡា​ប្រពៃណី ជា​កីឡា​មហាជន ប៉ុន្តែ​កីឡា​នេះ​បាន​សម្ដែង​ឱ្យឃើញ​ពី​ការរក្សា​ប្រពៃណី​ទំនៀមទម្លាប់ ការរួមសាមគ្គីគ្នា​រប​ស់​ប្រជាពលរដ្ឋ ហើយក៏​ជាការ​រួមចំណែក​លើកកម្ពស់​វប្បធម៌​ជាតិ​ផងដែរ​។ លោក​បាន​សរសើរ រាជរដ្ឋាភិបាល​ដែលមាន​លោក ហ៊ុន សែន ជា​ប្រមុខ បាន​ជំរុញ​លើកស្ទួយ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​។​

​លោក ស ខេង ដែលជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បញ្ជាក់ថា គម្រោង​សាងសង់​វិមានឯករាជ្យ រួម​នឹង​ការរៀបចំ​សំណង់ និង​សោភ័ណភាព​នានា​ទៀត ខេត្តបាត់ដំបង នាពេល​ខាងមុខនេះ នឹង​កាន់តែ​ទទួលបាន​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​យោងតាម​ហ្វេ​ស​ប៊ុ​កលោក ស ខេង នា​ថ្ងៃទី​ ៨ ខែតុលា វេទិកា​អុំទូក​ថ្មី​នេះ​មាន​បណ្តោយ ៣៦ ​ម៉ែត្រ ទទឹង​ ១៦​ ម៉ែត្រ និង​កម្ពស់ ១៥ ​ម៉ែត្រ ដោយបាន​ចំណាយ​រយៈពេល​សិក្សា​ប្លង់​ចំនួន ៥ ​ខែ និង​រយៈពេល​នៃ​ការសាងសង់​ចំនួន ៤ ​ខែ​។​

​វេទិកា​អុំទូក​នេះ​បាន​ក្រុង​ពាលី​សាងសង់​នៅ​ថ្ងៃទី ​១ ខែមិថុនា និង​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃទី​ ១ ខែតុលា ដោយបាន​ប្រើប្រាស់​នូវ​សសរ​គ្រឹះ​ចំនួន ៩៨ ​ដើម និង​បាន​ប្រើប្រាស់​នូវ​វិស្វករ​ជំនាញ​ចំនួន ៥​ នាក់ និង​កម្លាំង​កម្មករ​ជា​មធ្យម​ចំនួន ៨០​ នាក់ ដល់​ខ្ពស់បំផុត ​១៣៤​ នាក់​៕​