ភ្នំពេញៈ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា បញ្ជាក់​ថា៖ «បញ្ចប់​មុខ​តំណែង​ឯកឧត្តម វេង សាខុន ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខា​ត​ទៅ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃ​ទី​៨ ខែ​តុលា នេះដែរ ក៏​បាន​ចេញ​សេចក្តី​សម្រេច​ចាត់​តាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន រហូត​ដល់​មាន​ការ​តែងតាំង​ជាផ្លូវការ​នូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សេចក្តី​សម្រេច​បញ្ជាក់​ថា៖ «រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ទទួល​បាន​ការ​ចាត់តាំង​ខាងលើ ប្រើប្រាស់​សិទ្ធិអំណាច​ទាំងអស់​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​ដឹកនាំ និង​គ្រប់គ្រង​ការ​ងារ​របស់​ក្រសួង អង្គភាព​ចំណុះ​របស់ក្រសួង ព្រម​ទាំង​មន្ត្រី​រាជការ និង​បុគ្គលិក​ដែល​ជា​ភ្នាក់ងារ​រដ្ឋបាល​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន»៕