
អ្នកគ្រូពេទ្យពិនិត្យ និងព្យាលបាលភ្នែកដល់កុមារ ដែលមានបញ្ហាភ្នែក ដោយឥតគិតប្រាក់នៅមន្ទីរពេទ្យខ្មែរ-សូវៀត កាលពីថ្ងៃទី ៣-៦ ខែតុលា ឆ្នាំ ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ ផ្នែកចក្ខុរោគនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីបានពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារកម្ពុជាដោយឥតគិតថ្លៃ រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ចំនួនចន្លោះពី ១២០ ទៅ ១៣០ នាក់។ ក្នុងរយៈពេល ៤ ថ្ងៃ នៃការពិនិត្យនិងព្យាបាលនេះ អាណាព្យាបាល ក៏ដូចជាឪពុកម្តាយដែលមកពីបណ្តារាជធានីខេត្តរបស់កម្ពុជា បាននាំកូនៗ របស់ខ្លួន ដែលមានបញ្ហាភ្នែក ទៅតម្រង់ជួរ និងអង្គុយរង់ចាំព្យាបាលទៅតាមលំដាប់លំដោយនៃលេខរៀង នៅខាងមុខបន្ទប់ព្យាបាលជាន់ទី៣ នៃអគារព្យាបាលជំងឺ ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
ការពិនិត្យ និងព្យាបាលភ្នែកកុមារកម្ពុជានេះ ក្រុមគ្រូពេទ្យទាំងខ្មែរ និងអូស្ត្រាលីបានចាប់ផ្តើមការពិនិត្យ និងព្យាបាលកុមារ ដែលឪពុកម្តាយរបស់ពួកគេបាននាំយកមកទទួលសេវា នៅផ្នែកចក្ខុរោគនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ ចាប់តាំងពីព្រឹក រហូតដល់ពេលល្ងាច ដែលជាមធ្យមមានកុមារទាំងប្រុស និងស្រី ដែលមានបញ្ហាភ្នែក មកទទួលពិនិត្យនិងព្យាបាលមានចន្លោះពី ៣០ ទៅ ៤០ នាក់ ក្នុង ១ ថ្ងៃៗ។
លោកស្រី សុខ ខេង អ្នកគ្រប់គ្រងកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឱ្យដឹងថា ក្នុងចំណោមដែល ក្រុមគ្រូពេទ្យរកឃើញ និងជួបប្រទះក្នុងការព្យាបាលនេះ កុមារដែលមានបញ្ហាភ្នែកភាគច្រើនដូចជា កំហុសគំនូររូបភាព ដែលពួកគាត់ចាំបាច់ត្រូវការជំនួយវ៉ែនតា ដើម្បីឱ្យការមើលឃើញរបស់ពួកគេកាន់តែល្អប្រសើរឡើង ដោយក្នុងនោះ បញ្ហាដែលកំហុសគំនូររូបភាពមានដូចជា ពួកគេមានភ្នែកម្ញ៉ូប ភ្នែកអាស្ទីមាត់ ភ្នែកអាភើរូប ដែលភ្នែកទាំងអស់នេះ ត្រូវតែមានការកែ ដើម្បីឱ្យការមើលកាន់តែប្រសើរឡើងជាមួយនឹងការពាក់វ៉ែនតា។
លោកស្រីបន្តថា ក្រៅពីកំហុសបញ្ហាគំនូររូបភាព ក៏មានឃើញបញ្ហាផ្សេងទៀតដែរ ដូចជាភ្នែកស្រលៀង ដែលអ្នកខ្លះ ក៏ស្រលៀងពីកំណើត និងអ្នកខ្លះទៀត ក៏ស្រលៀងនៅពេលដែលពួកគាត់មានអាយុ ២ ឆ្នាំ ឬ ៣ ឆ្នាំ ដែលស្រលៀងទាំងអស់នោះ មានទាំងស្រលៀងចូល និងស្រលៀងចេញ។ មួយវិញទៀត បញ្ហាដែលធ្ងន់ធ្ងរជាងគេ គឺកុមារ ដែលមានរបើកបាតភ្នែកដោយសារតែពួកគេកើតមកមិនគ្រប់ខែ និងមិនគ្រប់គីឡូ។
លោកស្រីពន្យល់ថា ការកើតមិនគ្រប់ខែឬ មិនគ្រប់គីឡូនេះ តម្រូវឱ្យប្រើប្រាស់អុកស៊ីហ្ស៊ែនរយៈពេលយូរ និងច្រើនថ្ងៃ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើបញ្ហាភ្នែក ដែលឱ្យឈ្មោះថា ROP។ ចំពោះក្មេងដែលកើតមិន គ្រប់ខែ និងមិនគ្រប់គីឡូនេះ ហើយអត់បានពិនិត្យភ្នែក នៅពេលដែលពួកគាត់កើតបាន១ខែ និងរហូតដល់ ៥ ទៅ ៦ ខែ ទើបពិនិត្យ ធ្វើឱ្យបាតភ្នែករបើកអស់ ដែលពេលនោះ ធ្វើឱ្យភ្នែករបស់ពួកគាត់ឈានដល់ពិការភាព។
លោកស្រីថ្លែងថា៖ «អ៊ីចឹង ជំងឺដែលទាក់ទងនឹងរបើកបាតភ្នែកដែលកូនអត់គ្រប់ខែ យើងក៏ឃើញ មានច្រើនករណីដែរ ក្នុងអំឡុងពេលនេះ ។ ជំងឺក្រៅពីហ្នឹង យើងឃើញមានជំងឺភ្នែកឡើងបាយដោយសារប៉ះទង្គិច និងពីកំណើត យើងឃើញមានជំងឺទាក់ទង នឹង Genetics មួយចំនួនទៀតផងដែរ»។
ចំណាប់អារម្មណ៍អាណាព្យាបាល
អ្នកស្រី ឈិន ចាន់ធីតា មានអាយុ ៤០ ឆ្នាំ មកឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកូនប្រុសតូចដែលកើតមិនគ្រប់ខែ និង មានបញ្ហាភ្នែក កំពុងអង្គុយនៅលើកៅអីរង់ចាំការព្យាបាល ថ្លែងថា កូនប្រុសរបស់អ្នក ស្រីបានកើតក្នុងខែទី ៦ នៅក្នុងសម្ភពឯកជនមួយ ហើយបានយកទៅចិញ្ចឹមនៅក្នុងកែវ បាន ១២ ថ្ងៃ។ ក្រុមគ្រូពេទ្យប្រាប់ក្រុមគ្រួសារលោកស្រីថា ក្នុងករណីដកអុកស៊ីហ្ស៊ែនកូនប្រុលអ្នកស្រីនឹងស្លាប់ ប៉ុន្តែ នៅពេលដែលដឹកទៅដល់ផ្ទះ កូនប្រុសរបស់អ្នកស្រីមិនស្លាប់នោះទេ ហើយក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
អ្នកស្រីបន្តថា ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនេះ បានប្រាប់អ្នកស្រី ឱ្យនាំកូនមកមើលភ្នែកនៅមន្ទីរពេទ្យខ្មែរសូវៀតនេះ និងព្យាបាលរហូតមកទល់នឹងបច្ចុប្បន្ននេះដែលមកដល់ពេលនេះ មានអាយុ ជិត៧ខែហើយ។ អ្នកស្រីបង្ហាញក្តីរីករាយ ចំពោះក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី និងក្រុមគ្រូពេទ្យខ្មែរ នៃមន្ទីរពេទ្យខ្មែរ-សូវៀតនេះ និងបង្ហាញជំនឿងថា ក្រោយពីទទួលបានព្យាបាល ភ្នែកកូនប្រុលរបស់លោកស្រីនឹងអាចមើលឃើញដូចគេ។
អ្នកស្រីបន្តថា ក្រុមគ្រូពេទ្យទាំងនេះ សុទ្ធសឹងតែគ្រូពេទ្យជំនាញ និងច្បាស់លាស់ ព្រោះនៅពេលដែលអ្នកស្រីយកកូនមកព្យាបាលលើកដំបូង កូនរបស់អ្នកស្រីមើលមិនឃើញនោះទេ គ្រូពេទ្យប្រាប់ថា មានសរសៃរួចនៅក្នុងភ្នែកកូនប្រុសរបស់គាត់ ប៉ុន្តែបន្ទាប់ពីទទួលបានព្យាបាលជាបន្តបន្ទាប់ កូនរបស់អ្នកស្រីបានមើលឃើញ។ សម្រាប់ទទួលបានការព្យាបាលលើកនេះទៀត អ្នកស្រីសង្ឃឹមថា នឹងកាន់តែធ្វើឱ្យភ្នែកកូនប្រុសរបស់អ្នកស្រីមើលឃើញកាន់តែច្បាស់ថែមទៀត។
ចំណែក អ្នកស្រី ងូ ហ្គិចហុង មានអាយុ ៤២ ឆ្នាំ មកពីខេត្តសៀមរាប ដែលកំពុងឈរកាន់ដៃកូនស្រីអាយុ ១១ ឆ្នាំ កំពុងរង់ចាំទទួលការព្យាបាល បានរៀបរាប់ទាំងញញឹមថា អ្នកស្រីបានយកកូនស្រីអាយុ ១១ ឆ្នាំ មកទទួលការព្យាបាល ពីព្រោះកូនស្រីមើលឃើញភ្នែក ១ ចំហៀង និង១ចំហៀងទៀតមើលឃើញព្រាលៗ ដែលភាសាគេហៅទូទៅថា ភ្នែកខ្ជិល ឬហៅថា ប្រើភ្នែក ១ ចំហៀងទុក ១ ចំហៀង។
អ្នកស្រីថ្លែងដោយរំពឹងថា ក្រោយការព្យាបាលពីក្រុមគ្រូពេទ្យអូស្ត្រាលី និងខ្មែរ នឹងធ្វើឱ្យភ្នែកកូនស្រីរបស់អ្នកស្រីកាន់តែមើលឃើញច្បាស់ និងប្រសើរជាងមុន។ អ្នកស្រីទទួលបានព័ត៌មាននេះ តាមបណ្តាញហ្វេសប៊ុក ថា មានក្រុមគ្រូពេទ្យអូស្ត្រាលី មកព្យាបាលនៅមន្ទីរពេលរុស្សី ក៏បាននាំកូនស្រីរបស់អ្នកស្រីមកព្យាបាល។
កូនស្រីរបស់អ្នកស្រី ឈ្មោះ កៅ គឹមជូ អាយុ ១១ ឆ្នាំ បានរៀបរាប់ឱ្យដឹងដែរថា ភ្នែករបស់នាងនឹងអាចមើលឃើញច្បាស់ឡើងវិញ ហើយអាចអានសៀវភៅ និងមើលឃើញច្បាស់នៅពេលរៀននៅសាលារៀន។
ស្ត្រីម្នាក់ទៀត ឈ្មោះ ងួន រដ្ឋា អាយុ ៣៥ ឆ្នាំ មកពីខេត្តស្វាយរៀង បាន នាំកូនមកព្យាលដែរនោះ បានរៀបរាប់នៅក្រោយចេញពីបន្ទប់ព្យាបាលថា កូនស្រីរបស់អ្នកស្រីមាន អាយុ ១០ ឆ្នាំ និងមិនសូវចេះនិយាយនោះទេ មិនត្រឹមតែប៉ុណ្ណោះ កូនស្រីរបស់អ្នកស្រីមានបញ្ហាភ្នែកស្រលៀង។ បន្ទាប់ពីពិនិត្យ ក្រុមគ្រូពេទ្យបានផ្តល់យោបល់ល្អ និងសង្ឃឹមថា ភ្នែកកូនស្រីរបស់អ្នកស្រីនឹងជាសះស្បើយ ហើយអាចមើលឃើញច្បាស់។
ជាមួយគ្នានេះ អ្នកស្រី អ៊ុន ចិត្រា អាយុ ៥០ ឆ្នាំ មកពីខេត្តកោះកុង បានរៀបរាប់ថា អ្នកស្រីបាននាំកូនស្រីអាយុ ១១ ឆ្នាំមកព្យាបាលដែរ ព្រោះភ្នែកកូនស្រីរបស់អ្នកស្រីឡើងក្រហម រយៈពេល ៦ ខែ មកហើយដែលបច្ចុប្បន្ននេះមើលមិនសូវច្បាស់នោះទេ។
អ្នកស្រីបន្តថា កូនស្រីរបស់អ្នកស្រី បាន មុជទឹកសមុទ្រ ក៏ស្រាប់តែភ្នែកឡើងក្រហម ដែលធ្វើឱ្យភ្នែកខាងឆ្វេង របស់នាងមើលមិនច្បាស់។ នៅពេលដែលនាងទៅសាលារៀន ធ្វើឱ្យនាងមើលអក្សរនៅលើ ក្តារខៀន ដែលអ្នកគ្រូសរសេរនៅក្នុងសាលា មិនច្បាស់នោះទេ ដូច្នេះ នាងស្នើសុំសរសេរតាមសៀវភៅវិញ។
អ្នកស្រីថ្លែងថា៖ «កូនខ្ញុំមានការលំបាកច្រើនក្នុងការរៀនសូត្រ ហើយការព្យាបាលលើកនេះនឹងធ្វើ ឱ្យភ្នែកនាងកាន់តែឃើញច្បាស់ឡើងវិញ»។
កិច្ចសហប្រតិបត្តិការ
បើតាមលោកស្រី សុខ ខេង គ្រូពេទ្យដែលមកពីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី មានតែមួយរូបទេ ដើម្បីពិគ្រោះ និងព្យាបាលលភ្នែកកុមារ ជូនដល់កុមារកម្ពុជា។ ក្រៅពីនេះ ក៏មានការវះកាត់ភ្នែកស្រលៀង និងភ្នែកឡើងបាយផងដែរ។ ក្រៅពីប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី មន្ទីរពេទ្យខ្មែរ-សូវៀត គឺមាន កិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នផ្សេងទៀតដែរ ដូចជាបច្ចុប្បន្ននេះ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ Sight For All នៅប្រទេសអូស្ត្រាលីផងដែរ ពាក់ព័ន្ធនឹងសុខភាពភ្នែក មិនថា តែព្យាបាលជំងឹភ្នែកកុមារទេ គឺព្យាបាលជំងឺផ្សេងទៀត ដូចជាជំងឺទឹកដក់ក្នុងភ្នែក ជំងឺបាតភ្នែក។ សម្រាប់កិច្ចសហការបន្តបន្ទាប់នេះ បើមានក្រុមដែលចុះមកទៀត មន្ទីរពេទ្យនឹងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាដំណឹងបន្ថែមទៀត។
សារណែនាំ
លោកស្រី សុខ ខេង បានណែនាំទៅដល់ ឪពុកម្តាយ និងអាណាព្យាបាលដែលត្រូវតែធ្វើ គឺចំពោះកូនដែលកើតមកមិនគ្រប់ខែ ឬមិនគ្រប់គីឡូ គឺពួកគាត់ចាំបាច់ត្រូវការនាំកូនមកពិនិត្យសរសៃបាតភ្នែកក្នុង១ខែបន្ទាប់ពីគាត់កើត។ ចំពោះកុមារផ្សេងទៀតដែលកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ និងឃើញមានភាពមិនប្រក្រតីកន្លែងណាមួយ គួរតែប្រញាប់ នាំកូនមកពិភាក្សាជាមួយនឹងអ្នកឯកទេស ឱ្យបានទាន់ពេលវេលា។ តួយ៉ាងដូចមន្ទីរពេទ្យខ្មែរ-សូវៀតនេះ មាន ផ្នែកឯកទេសកុមារ ស្រាប់ គាត់នឹងផ្តល់នូវការពិភាក្សា ក៏ដូចជាផ្តល់នូវការព្យាបាលជូនដល់កុមារទាំងអស់៕