ភ្នំពេញៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឯកភាព​លើគោលការណ៍​ផ្លាស់ប្តូរ​ទីតាំង​តំបន់​រុន​តា​ឯក និង​ទីតាំង​ទាំងឡាយ ​ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​រស់​នៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​ត្រូវ​កំណត់​ជាទី​ប្រជុំជន​ដូចគ្នា និង​ជំរុញ​ឱ្យ​ប្រ​ញាប់ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​ដោយ​ប្តូរ​ពី​អត្រា​ក្នុង​ទីជនបទ​ទៅ​អត្រា​ទីប្រជុំជន​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​។

​ចំណារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នៅលើ​របាយការណ៍​នោះ​បញ្ជាក់ថា​៖ «​សូម​ប្រ​ញាប់​បើក​ផ្តល់​ដោយ​ប្តូរ​ពី​អត្រា​ក្នុង​ទីជនបទមក​អត្រា​ក្នុង​ទីប្រជុំជន​។ អ្នកស្ម័គ្រចិត្ត​ទៅ​រស់នៅ​តំប​ន់​រុន​តា​ឯក និង​ពាក់​ស្នែង​ត្រូវ​៖១ទទួល​បណ្ណ​ក្រីក្រ ​១ ដូចគ្នា​ទាំងអស់ ២ យកអ​ត្ត្រា​ឧបត្ថម្ភ​នៅក្នុង​ទីប្រជុំជន​ទាំងអស់​ដូចៗ​គ្នា​»​។

​ការឯកភាព​លើ​គោលការណ៍​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ខែតុលា បន្ទាប់ពី​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាបានស្នើ​សុំ​តាមរយៈ​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​ការអនុវត្ត​ការផ្ទៀងផ្ទាត់​បណ្ណ​សមធ​ម៌​ថ្មី​ប្រភេទ​ក្រីក្រ​ ១ និង​ប្តូរ​បណ្ណ​ក្រីក្រ​ថ្មី​ប្រភេទ ​១ នៅក្នុង​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​លោក វង សូត បានឱ្យដឹង​តាមរយៈ​របាយការណ៍​ថា បណ្ណ​សមធម៌​ក្រីក្រ​ ១ បែង​​ចែក​ការឧបត្ថម្ភ​ជា​ ២ គឺសម្រាប់​អ្នក​នៅ​ទីប្រជុំជន និង​សម្រាប់​អ្នក​នៅ​ទីជនបទ​។ អត្រា​ឧបត្ថម្ភ​នៅក្នុង​ទីប្រជុំជនក្នុង​ ១ ​គ្រួសារ​ទទួលបាន ១២ ​ម៉ឺន​រៀល សមាជិក​ក្នុង​គ្រួសារ​ម្នាក់ ៤​ ម៉ឺន​រៀល កុមារ​អាយុ​ត្រឹម ​៥​ ឆ្នាំ ក្នុង​ម្នាក់ ៤​ ម៉ឺន​រៀល ជន​មាន​ពិការភាព​ក្នុង​ម្នាក់ ៤​ ម៉ឺន​រៀល មនុស្ស​ចាស់​ចាប់ពី​ ៦០ ឆ្នាំ​ឡើងក្នុង​ម្នាក់ ៤ ​ម៉ឺន​រៀល និង​គ្រួសារ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ៤ ម៉ឺន​រៀល​។

​ចំណែក​អត្រា​ឧបត្ថម្ភ​នៅក្នុង​ទីជនបទ ក្នុង​ ១ ​គ្រួសារ ៨ ​ម៉ឺន​រៀល សមាជិក​ក្នុង​គ្រួសារ កុមារ​អាយុ​ត្រឹម ​៥ ​ឆ្នាំ ជន​មាន​ពិការ​ភាព និង​មនុស្ស​ចាស់​ចាប់ពី​៦០ឆ្នាំ​ឡើង ក្នុង​ម្នាក់ ព្រមទាំង​គ្រួសារ​មាន​ផ្ទក​មេរោគ​អេដស៍ទទួលបាន

២៤ ០០០ រៀល​។

​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានឱ្យដឹង​ទៀតថា បន្ទាប់ពី​មានការ​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី ១ ខែតុលា ក្រុមការងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គមនៃ​ក្រសួង​សង្គមកិច្ច សហការ ជាមួយ​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បានចាប់ផ្តើម​ផ្ទៀងផ្ទាត់​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​រស់​តំបន់​រុន​តា​ឯក​ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី ៨ ខែតុលា​ដោយគ្រួសារ​ក្រីក្រ​ទទួលបាន​បណ្ណ​ក្រីក្រ​ថ្មីបាន​ផ្ទៀងផ្ទាត់ និង​បើកប្រាក់​បាន​ចំនួនជាង ៣ ​ពាន់​គ្រួសារ​។

​លោក​បញ្ជាក់ថា​៖ «​សរុប​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ១- គ្រួសារ​ក្រីក្រ​ទទួលបាន​បណ្ណ​ក្រីក្រ​ថ្មីបាន​ផ្ទៀងផ្ទាត់ និង​បើកប្រាក់​បានចំនួន៣ ១៥៧​គ្រួសារ ចំណាយ​អស់​ទឹកប្រាក់​សរុប ៦០២ ៥៤៤ ០០០ ​រៀល ២- គ្រួសារ​កំពុង​ទទួលផល ដែល​ប្តូរ​បណ្ណ​ថ្មីចំនួន ១ ០២១ ​បណ្ណ​»​។

​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​គ្រួសារ​កំពុង​ទទួលផលដែល​ប្តូរ​បណ្ណ​ថ្មី​នឹងត្រូវ​ទៅ​ផ្ទៀងផ្ទាត់​ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភសម្រាប់​ខែតុលាចាប់ពី​ថ្ងៃទី​ ២៥ ខែតុលាឆ្នាំ​ ២០២២ តទៅ ដោយសារ​គ្រួសារ​ទាំងនោះ​បាន​បើកប្រាក់​ សម្រាប់​ខែកញ្ញាឆ្នាំ​ ២០២២ រួចហើយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និង​សំណង់បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ៨ ខែតុលា​ថា គិត​ចាប់​ពីថ្ងៃ​ចាប់ឆ្នោត​ដំបូងនា​ថ្ងៃទី​ ២៥ ខែសីហា រហូតមកដល់​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧ ៥០០ គ្រួសារ​ហើយដែល​បានមក​ចាប់ឆ្នោត​។ ដោយឡែក​នៅ​ថ្ងៃទី ៨ ខែតុលា​ មាន​ប្រជាពលរដ្ឋ​ចំនួន ៥៧៤​ គ្រួសារ​បន្ថែមទៀត​យល់​ព្រមទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​។

​លោក​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្តូរ​លំនៅ​ពី​ភូមិ​មណ្ឌល​៣ ទក្សិណ​ត្បូង ត្រពាំង​សេះ ទ្រាំង អញ្ចាញ វាល ខ្វៀន គោក​តា​ចាន់ និង​ភូមិ​រហាល ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ចម្ងាយ ៥៥៨ ម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត ចាប់ឆ្នោត​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង បន្ថែមចំនួន ៥៧៤ ​គ្រួសារ នា​ថ្ងៃទី ៨ ខែតុលា ឆ្នាំ​ ២០២២​ នេះ​»​៕