ភ្នំពេញៈ​ គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) បានរៀប​ចំ​វគ្គ​អប់រំ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ស្តីពី “​សារៈសំខាន់​នៃ​ការបោះឆ្នោត​”​ជូន​ដល់​សិស្ស និស្សិត ចំនួន​ប្រមាណ ​៦០០ ​នាក់​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ដោយ​ចាប់ផ្ដើម​ពី​ខេត្ត​ឧត្ដរមាន​ជ័យ​ និង​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បីលើក​កម្ពស់​ការយល់ដឹង​របស់​យុវជន​ក្នុងសង្គម​លទ្ធិ​ប្រជាធិប​តេយ្យ​ឱ្យបាន​ទូលំទូលាយ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី ​៨ ខែតុលា ឱ្យដឹងថា ដោយមាន​ការផ្តល់​កិច្ចសហការ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ​.​ជ​.​ប បានរៀបចំ​វគ្គ​អប់រំ​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់ដឹង​ស្តីពី ​“​សារៈសំខាន់​នៃ​ការបោះឆ្នោត​”​ ជូន​ដល់​សិស្ស​និស្សិត​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​ក្នុង​រាជធានី​ខេត្ត​ទាំង​ ២៥​ ជា​បន្តបន្ទាប់​ ដោយ​ចាប់ផ្តើម​ពី​ខេត្តឧត្ដរមានជ័យ​នៅ​ថ្ងៃទី​៦​ខែតុលា​ និង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ៨ ​ខែតុលា​ឆ្នាំ ​២០២២ ​ដើម្បី​ជំរុញ​ការចូលរួម​របស់​យុវជន​ក្នុង​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង គ​.​ជ​.​ប ថ្លែង តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​ដល់​យុវជន​អំពី​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិ​បោះឆ្នោត​តាមរយៈ​ភាព​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្ពោះទៅរក​ការសម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន ព្រោះ​ការបោះឆ្នោត​គឺជា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

លោក​ថ្លែ​ថា​៖ «​វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​ក្នុងការ​មក​ចុះឈ្មោះ​បោះឆ្នោត​តាម​ពេលវេលា​កំណត់​របស់​ គ​.​ជ​.​ប ​។ ចំពោះ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២០ ​ខែតុលា ​រហូតដល់​ថ្ងៃទី​ ៨​ ខែធ្នូ​ឆ្នាំ ​២០២២​ ខាងមុខនេះ​»​។​

​បើតាម លោក លោក ម៉ុក ដា​រ៉ា ក្នុង​វគ្គ​អប់រំ ផ្សព្វផ្សាយ​នេះ​មានការ​ធ្វើ​បទ​បង្ហាញ​ដោយ​មន្ត្រីជាន់ខ្ពស់​របស់ គ​.​ជ​.​ប ទៅលើ​ប្រធានបទ​ចំនួន​ ៤ រួមមាន ប្រវត្តិ និង​ដំណើរការ​នៃ​ការបោះឆ្នោត ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ សារៈសំខាន់​នៃ​ការបោះឆ្នោត តាមរយៈ​ការចូលរួម​របស់​យុវជន​ក្នុងសង្គម​ប្រជាធិបតេយ្យ និង​ការចូលរួម​របស់​យុវជន​ក្នុងដំណាក់កាល​នៃ​ការបោះឆ្នោត ។

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៩ ខែតុលា​ថា ការបើក​វគ្គ​ផ្សព្វផ្សាយ​របស់ ​គ.ជ.ប នៅពេលនេះ ពិតជា​រួមចំណែក​ក្នុងការ​លើកស្ទួយ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅក្នុង​ប្រទេស តាមរយៈ​ការចូលរួម​បោះឆ្នោត​របស់​សិស្ស​និស្សិត​កម្ពុជា ជាពិសេស ជំ​រុញឱ្យ​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ​ឆ្នាំ និង​អ្នក​ដែល​មិនទាន់​ចុះឈ្មោះ​ឱ្យទៅ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត និង​អ្នក​ដែលមាន​ឈ្មោះ​រួចហើយ​ទៅពិនិត្យ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​ ២០២២​។​

​លោក​បន្តថា កាលពី​អាណត្តិ​មុន គ.ជ.ប ក៏បាន​បើក​វគ្គ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ព័ត៌មាន​នេះ​ជូន​ដល់​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន ប៉ុន្តែ​លើក​នេះ គ.ជ.ប គ្រោង​ធ្វើ​គ្រប់​រាជធានី​ខេត្ត​ទាំង​ ២៥ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ពួកគេ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត និង​ដំណើការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅក្នុង​ប្រទេស​ឱ្យ​កាន់តែ​ទូលំទូលាយ​មួយកម្រិត​ទៀត​។​

​លោក​ថ្លែងថា​៖ « កាល​ពួកគេ​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការបោះឆ្នោត វា​នឹងចូលរួម​លើកកម្ពស់​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​សិទ្ធមនុស្ស នៅ​កម្ពុជា​។ ម្យ៉ាង​ពួកគាត់​គឺជា​ម្ចាស់​ស្រុក ដែល​ត្រូវតែ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស តាមរយៈ​គណបក្ស​ដែល​ពួកគាត់​ពេញចិត្ត​»​។​

​បើតាម លោក សំ គ​ន្ធា​មី ការរៀបចំ​វគ្គ​អប់រំ និង​បញ្ជ្រាប​ព័ត៌មាន​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា មិនទាន់​គ្រប់គ្រាន់​នោះទេ គ.ជ.ប គួរតែ​ពង្រីក​វិសាលភាព ក្នុងការ​រៀបចំ​វេទិកាសាធារណៈ ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ផ្តល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ពី​ដំណើការ​នៃ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ពួកគេ ដែលជា​ម្ចាស់​ប្រទេស​បាន​ចូលរួម​កាន់តែច្រើន​ថែមទៀត ក្នុងការ​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ស្រឡាញ់​ពេញចិត្ត​៕