ភ្នំពេញៈទីភ្នាក់​ងារ​ជាតិ​មុខ​រប​រនិង​ការងារ (NEA) នៃ​ក្រសួង​ការងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សហ​ការ​ជាមួយ​ ស.ស.យ.ក​ រាជ​ធានី​ភ្នំពេញ​ និង​សមា​គម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នឹង​រៀបចំ​ពិ​ព័រណ៍​ការងារ​ និង​ផលិត​ភាព​ជាតិ​ឆ្នាំ​ ២០២២ រ​យៈ​ពេល​ ២ ថ្ងៃ​នៅ​ចុង​ខែ​នេះ​ ដែល​នឹង​ផ្តល់​ឱកាស​ការងារ​ជាង ​២ ​ម៉ឺន​កន្លែង​ពី​ក្រុម​ហ៊ុន​ធំៗ និង​ល្បីៗ​ចំនួន​ ១៥០​។

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ៩ តុលា​ថា យុវជន សិស្ស​និស្សិត និង​អ្នក​ស្វែងរក​ការ​ងារ នឹង​ទទួល​បាន​ឱកាស​ការងារ​ជាង​ ២ ម៉ឺន​កន្លែង​ពី​ក្រុម​ហ៊ុន​ធំៗ​និងល្បីៗចំនួន ១៥០ នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​កា​រងារ​​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ។

ក្រសួងបាន​បញ្ជក់​ថា «ការរក​ការងារ​ ការ​រើស​បុគ្គលិក និង​ការ​សម្ភាស​ភ្លាមៗ នឹង​មាន​នៅក្នុង​ពិព័រ​ណ៍​ការងារ ​និង​ផលិត​ភាព​ជាតិឆ្នាំ ​២០២២ ដែល​សហ​ការ​រៀបចំ​ឡើង​នៅ​អគារ​ពិព័រ​ណ៍​កោះ​ពេជ្ររយៈ​ពេល​ ២​ ថ្ងៃគឺ​ថ្ងៃទី​ ២៨-​២៩ ខែ​តុលា​ឆ្នាំ ​២០២២​ ចាប់​ពី​ម៉ោង ៨ ព្រឹក​ ដល់ម៉ោង ៨​ យប់»​។

លោក​ ហៃ ​ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ពិព័រណ៍​ការងារ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​ដៅ​បង្កើត​ឱ្យ​មាន​វេទិកា​ការងារ​ដ៏​ធំ​ជួបជុំគ្នា​នៅ ​១ កន្លែង​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​រវាង​អ្នក​ស្វែង​រក​ការ​ងារ​ និយោ​ជក អ្នក​ផ្តល់​ការអប់រំ​បណ្តុះ​បណ្តាល និង​ដៃគូ​ពាក់​ព័ន្ធ​នានា។ លោក​បន្ត​ថា ពិ​ព័រ​ណ៍​នេះ ក៏​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ពួកគេ​​ផ្លាស់​ប្តូរនិង​ចែក​រំលែក​ព័ត៌​មាន​ទីផ្សារ​ការងា​រ លើក​កម្ពស់​ការ​យល់​ដឹង​ និង​បណ្តុះ​គំនិត​អំពី​ការ​បង្កើន​ផលិត​ភាព​ផង​ដែរ​។

លោកបាន​បញ្ជាក់​ថា៖​ «ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​នេះ នឹង​ត្រូវ​បាន​រៀប​ចំ​នៅ​អគារ​ពាណិជ្ជ​កម្ម និង​ពិព័រណ៍​កោះ​ពេជ្រ​ដ៏​ធំ​ទូលាយ​នឹង​អាច​ទាក់​ទាញនិង​កៀរ​គរ​អ្នក​ចូល​រួម​ទស្សនា​ប្រមាណ​ជាង​ ៣០ ០០០ នាក់។នាំមក​នូវ​ក្រុម​ហ៊ុន សហ​គ្រា​ស គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​ល្បី​ឈ្មោះ អង្គ​ការ​ជាតិ-អន្ដរ​ជាតិ ព្រម​ទាំង​ក្រសួង ស្ថាប័ន​រដ្ឋាភិ​បាល​ចំនួន ​១៥០ ចូល​​រួម​ដាក់​តាំង​បង្ហាញ​អំពី​តម្រូវ​ការ​ជ្រើស​រើស​កម្លាំង​ពល​កម្ម​ប្រមាណ​ជាង ​២ ម៉ឺន​កន្លែងដែល​នឹង​ចូល​រួម​តាំង​បង្ហាញ​អំពី​តម្រូវ​ការ​ជ្រើស​រើស​ក​ម្លាំ​ង​ពល​កម្ម​មគ្គុ​ទ្ទេសក៍ និង​បទ​ពិសោធ​ សម្រាប់​ឈាន​ចូល​ទីផ្សារ​ការងារ​​ព្រម​ទាំង​ឱកាស​បណ្តុះ​បណ្តាល​ជំនាញ»​។

ទន្ទឹម​នឹង​នេះ​លោក ហៃ ហ៊ុន​ឡេង បាន​អះអាង​ទៀត​ថា កម្មវិធី​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​នេះ ក៏​នឹង​មាន​រួម​ប​ញ្ចូល​សិក្ខា​សាលា​ស្តីពី​ផលិត​ភាព​ថ្នាក់ជាតិ​ក្នុង​គោល​បំណង​ដើម្បី​លើកក​ម្ពស់​ការ​យល់​ដឹង និង​បណ្ដុះ​គំនិត​អំពី​ការ​បង្កើន​ផលិត​ភាព​តាម​រយៈ​ការចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធ​ល្អៗ​ពី​សំណាក់វាគ្មិន​ជំនាញៗ​ទៀត​ផង។

លោកបាន​បញ្ជាក់​ថា៖ «អ្នក​ចូល​រួម ក៏​អាច​ស្វែង​យល់​ពី​ការបង្កើន​ផលិត​ភាព​ការ​ងារតាមរយៈ​ការចែក​រំលែក​ចំណេះ​ដឹង​ដោយ​វាគ្មិន​ជាតិ​ និង​អន្តរ​ជាតិ​ល្បីៗនៅក្នុង​សិក្ខា​សាលា​ផង​ដែរ។ កុំ​ភ្លេច​ត្រៀម CV ឱ្យបាន​ច្រើន ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ការងារ​បាន​ច្រើន​ជម្រើស»។

តាម​ការ​ប្រកាស​នៅលើ​គេហ​ទំព័រ​របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​រប​រ និង​ការងារបាន​ឱ្យ​ដឹងថា​ឱកាស​ការងារ​ជាង ​២ ម៉ឺន​កន្លែង គឺមាន​ដូច​ជា ក្នុង​វិស័យ​កសិ​កម្ម និង​ធន​ធាន​ធម្មជាតិ ​ស្ថាប​ត្យកម្ម និង​សំណង់ សិល្បៈ ​សំឡេង​/វីដេអូ និង​ទំនាក់​ទំនង ការ​គ្រប់​គ្រង​ពាណិជ្ជ​កម្មនិង​រដ្ឋ​បាល ការអប់រំ និង​បណ្តុះ​បណ្តាលហិរញ្ញវ​ត្ថុ​ព្រមទាំង​វិស័យ​រដ្ឋ​បាល​សា​​ធារណៈ​ជា​ដើម​។

ក្រៅ​ពី​នោះ ឱកាសការ​ងារ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល​ បដិ​សណ្ឋារ​កិច្ច និង​ទេស​ចរណ៍ សេវា​កម្ម ព័ត៌មាន​វិទ្យា កម្មន្ត​សាល ​ទីផ្សារ ដឹក​ជញ្ជូន ចែក​ចាយ និង​ភ័ស្តុ​ភារ ព្រម​ទាំង​ផ្នែក​សុវត្ថិ​ភាព​សាធា​រណៈ និង​សន្តិសុ​ខ ក៏​កំពុងមា​ន​តម្រូ​វការ​នៃ​ការ​ជ្រើស​រើស​ក្នុង​ឱកាស​នោះ​ដែរ។​

កាលពី​ថ្ងៃទី​ ៤ ទី៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ កន្លង​ទៅ តម្រូវ​ការ​កម្លាំង​ពលកម្ម​សរុប​ចំនួ​ន ២៣ ១៤០ ត្រូវ​បាន​ប្រកាស​ជ្រើស​រើស​ពី ១០៩ ​ក្រុ​មហ៊ុនដោយ​ក្នុង​នោះ​ផ្នែក​រដ្ឋបាល​សា​ធារណៈ​មាន​ច្រើន​ជាង​គេគឺមាន​ដល់ ៧ ៤៤២ កន្លែង និង​ផ្នែក​កម្មន្ត​សាលគឺ​ឈរ​ក្នុង​លំដាប់​ខ្ពស់​ទី ២ គឺមាន​តម្រូវ​ការ​ចំនួន ​៥ ៣៥៩ ​កន្លែង និង​បន្ទាប់មកគឺ​ផ្នែក​គ្រប់​គ្រង​ពា​ណិ​ជ្ជ​កម្មនិង​រដ្ឋ​បាល​ចំនួន​ ២ ៩៤៦ កន្លែង ខណៈ​ផ្នែក​ព័ត៌មាន​វិទ្យា​មាន​ចំនួន​ ២ ៥៥៨ កន្លែង។ នេះ​បើតាម​ការ​ប្រកាស​របស់​ NEA​។

លោក កាំង មូនីកា អគ្គ​លេខាធិការ​រង​នៃសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានថ្លែង​ថា នេះ​ជាពិព័រណ៍​ការងារជាតិ ដូច្នេះគ្របដណ្តប់លើគ្រប់វិស័យ។ លោកបាន​ថ្លែង​ថា៖​«យើង​ចូល​រួម​ជា​ចម្បង​ជា​មួយ​ក្រ​សួង​លើ​ការ​ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ​ដល់​ទាំង​ក្រុម​ហ៊ុន​ដែល​មាន​បំណង​ធ្វើការ​ជ្រើស​រើស​បុគ្គ​លិក និង​ដល់​អ្នក​ដែល​កំពុង​មាន​តម្រូវ​ការ​ស្វែង​រក​ការ​ងារ​ធ្វើ។ បន្ថែម​ពី​លើ​នេះ យើង​បាន​សហ​ការ​រៀប​ចំ​សិក្ខា​សាលា​ដែល​ពាក់​ព័ន្ធ​ដល់​កា​រលើក​កម្ពស់​ផលិត​ភាព​ការ​ងារ។ កាលណាយើងនិយាយពីការងារ យើងមិនអាចមិននិយាយពីកម្រិតផលិតភាពការងារឡើយ»៕