
ពលរដ្ឋធ្វើដំណើលើផ្លូវជាតិលេខ៣ កំពត-វាលរេញ ក្នុងខែតុលា ២០២២ ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពលើនីតិវិធីសាងសង់កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ប្រវែង ២០ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ៧០ លានដុល្លារ និងណែនាំឱ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ត្រូវជួសជុលបណ្តោះអាសន្ន មុនពេលទទួលថវិកា ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ការឯកភាពនេះ ធ្វើឡើងក្នុងអំឡុងពេល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូនព័ន្ធមុនីរ័ត្ន និង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទ បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ កាលពីថ្ងៃទី ៧ ខែតុលា។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «ស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ដែលមានប្រវែង ៥៤ គីឡូម៉ែត្រ ក្នុងនោះ ៣៤ គីឡូម៉ែត្រ មានសភាពល្អប្រសើរ និង ២០ គីឡូម៉ែត្រទៀតតែងតែខូចជាប្រចាំ ទោះបីមានការជួសជុលច្រើនលើកហើយក្តី»។
ជាមួយគ្នានេះ លោកបានចាត់ឱ្យក្រុមការងារបច្ចេកទេសគម្រោង ធ្វើបទបង្ហាញដោយសង្កត់ធ្ងន់លើបច្ចេកទេសដោះស្រាយ ឆ្លើយតបចំពោះកំណាត់ផ្លូវ ២០ គីឡូម៉ែត្រ ដែលតែងតែខូចជាប្រចាំ ដើម្បីធានាថា ផ្លូវនេះនឹងមានភាពគង់វង្សយូរអង្វែង បញ្ចៀសនូវការជួសជុលដដែលៗ ម្តងហើយម្តងទៀត។
លោកបញ្ជាក់ថា ចំពោះផ្លូវ ២០ គីឡូម៉ែត្រ ដែលមានបញ្ហានេះ ត្រូវបែងចែកជា ២ កំណាត់ ក្នុងនោះកំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ ម៉ែត្រនៅផ្នែកខាងក្រោម។ ចំពោះការងារសាង់សង់ គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់ផ្លូវនេះរឹងមាំ។ ដោយឡែកកំណាត់ ១៥ គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្ត្រ២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយ រួមមានវិធីទម្លាក់សេរីទម្ងន់ ២០០ តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ។
នាឱកាសនោះ លោក អូនព័ន្ធ មុនីរ័ត្ន បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនទទួលបន្ទុកជួសជុល ស្ថាបនាផ្លូវជាតិលេខ ៣ កំណាត់ ២០ គីឡូម៉ែត្រនេះ ធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច មុនពេលទទួលបានថវិកាគម្រោងសាងសង់ធ្វើកំណាត់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះលោកបានឯកភាពលើនីតិវិធីសាងសង់ ដែលបានលើកបង្ហាញសម្រាប់ការជួសជុលផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពរឹងមាំផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សូរិយា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីមានការឯកភាព ក្រសួងត្រូវការពេលសិក្សាបន្ថែមទៀត ពីព្រោះទីតាំងនោះមានដីមិនអំណោយផល ដែលទាមទារឱ្យមានការសិក្សាបានល្អិតល្អន់។
លោកបញ្ជាក់ថា៖ «កាលណាមានការឯកភាព យើងសិក្សាសិន ព្រោះកន្លែងនោះយើងធ្វើយូរហើយដីផុង ភក់»។
ទាក់ទងនឹងថវិកាវិញលោកថ្លែងថា៖ «គម្រោងនីមួយៗមិនចេះតែធ្លាក់ថវិកាភ្លាមៗបានទេ ព្រោះជាទូទៅក្នុងស្ថានភាពកូវីដ ១៩ ផង ទឹកជំនន់ទៀត។ ប៉ុន្តែបើមានការឯកភាពពីឯកឧត្តមបណ្ឌិតសភាចារ្យ [អូនព័ន្ធ មុន្នីរ័ត្ន] យើងនឹងមាននីតិវិធីបន្តទៀត»។
ក្នុងអំឡុងពេលដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) កាលពីថ្ងៃទី ២៩ មីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមការសិក្សា ដើម្បីធ្វើផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះឱ្យបានរឹងមាំ និងស្របតាមបច្ចេកទេស រដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបប្រមាណពី ៦០ ទៅ ៧០ លានដុល្លារអាមេរិក។
លោកថា៖ «ផ្លូវ ២០ គីឡូម៉ែត្រនេះ មានបញ្ហាច្រើនណាស់ ធ្វើមិនដែលបានជាប់ទេ តាំងពីដើមមក ដោយសារផ្លូវនេះមិនបានសិក្សាឱ្យបានល្អិតល្អន់ឱ្យស្របតាមលក្ខណៈបច្ចេកទេស ព្រោះនៅតំបន់នោះមានដីស្អុយខាងក្រោមរហូតដល់ ១៨ម៉ែត្រ»។
បើតាមលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវនេះធ្លាប់បានធ្វើ៤ដងរួចមកហើយ ប៉ុន្តែនាពេលនោះមិនបានសិក្សានៅតំបន់ភូមិសាស្ត្រឱ្យបានត្រឹមត្រូវ ទើបបណ្តាលឱ្យមានការខូចជាបន្តបន្ទាប់៕