ភ្នំពេញៈ ឱសថ​ទឹក​សេរ៉ូ​ក្អក​ ចំនួន​ ៤ ប្រភេទ​ របស់​ឥណ្ឌា ​ដែល​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​ប្រកាស​អាសន្ន ​និង​ហាម​ប្រើ​ប្រាស់​ ក្រោយពី​រកឃើញ​ឱសថ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​កុមារ​ជិត ​៧០ នាក់​ នៅ​ប្រទេស​ហ្គាំប៊ី ​គឺ​មិនមាន​ចុះ​បញ្ជិកា​នាំ​ចូលមក​កម្ពុជា​នោះ​ឡើយ។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល។

កាលពី​ដើម​ខែតុលា ​WHO ​បានប្រកាស​អាសន្ន​សកល​មួយ ​និង​ព្រមាន​ពី​ការប្រើប្រាស់​ឱសថ​ទឹកសេរ៉ូ​ក្អក​ទាំង ​៤ ប្រភេទ​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​មាន​ឈ្មោះ​ Maiden Pharmaceuticals ​ដោយថា ​ឱសថ​នោះ ​ពុំបាន​ផ្តល់​ការធានា​អំពី​សុវត្ថិភាព​ឱសថ​ឡើយ។

ឱសថ​ទឹក​សេរ៉ូ​ក្អក​ចំនួន ៤ ​ប្រភេទ​នោះ ​មាន​ដូចជា ​Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup and Magrip N Cold Syrup ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ អះអាង​ថា ​ឱសថ​ទាំងនេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​កុមារ​ចំនួន​ ៦៦ នាក់​នៅ​ប្រទេស​ហ្គាំប៊ី។

លោកស្រី​ ឱ​ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៧ ​តុលា​ថា ​ថ្នាំ​ទាំង​ ៤ ប្រភេទ​ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន ​Maiden Pharmaceutical​ នេះ​ គឺ​មិនមាន​ចុះ​បញ្ចិកា​ នៅ​ក្រសួង​សុខាភិបាល​ឡើយ​ ហើយ​ប្រភេទ​ថ្នាំ​ទាំង​នេះ ​ក៏មិនមាន​ការចរាចរ​ស្រប​ច្បាប់​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ដែរ។

លោកស្រី​បាន​បញ្ជាក់ថា​៖ «យើង​មិនមាន​ថ្នាំ​ប្រភេទ​ខាងលើ​នេះ ​ចុះ​បញ្ជិកា​នៅ​ក្រសួង​នោះ​ឡើយ»។

អង្គការ​ WHO ​បានឱ្យដឹងថា ​យោងតាម​ការវិភាគ​មន្ទីរ​ពិសោធន៍ ​រកឃើញថា ​ទឹក​សេរ៉ូ​ក្អក​ទាំង ​៤ ប្រភេទ​នេះ ​មាន​ផ្ទុក​នូវ​បរិមាណ​មិនអាច​ទទួល​យកបាន​ នៃ​ diethylene glycol និង ethylene glycol ​ដែល​វា​ គឺជា​សារធាតុ​ម្យ៉ាង ​ដែល​មាន​ជាតិ​ពុល​ដល់​មនុស្ស ​និង​អាច​ស្លាប់​នៅ​ពេល​ទទួល​ទាន។

WHO​ និយាយថា​៖ «រហូត​មកដល់​ពេលនេះ ​ផលិតផល​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​នៅក្នុង​ប្រទេស​ហ្គាំ​ប៊ី។ ប៉ុន្តែ​ពួក​គេ​ប្រហែលជា​ត្រូវបាន​ចែកចាយ​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​តាមរយៈ​ទីផ្សារ​ក្រៅ​ផ្លូវការ»។

ទោះ​យ៉ាងណា​ រដ្ឋាភិបាល​ឥណ្ឌា ​បាន​អះអាងថា ​ខ្លួន​បាន​នាំចេញ​ឱសថ​សេរ៉ូ​ក្អក​ទាំង​៤ប្រភេទ​នេះ ​ទៅ​តែ​ប្រទេស​ Gambia ​តែ​ប៉ុណ្ណោះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ BBC ​កាលពី​ថ្ងៃទី ៨ ​តុលា។

ចំណែក​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន ​Reuters ​បានឱ្យដឹងថា ​ក្រុមហ៊ុន ​Maiden Pharmaceuticals ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Haryana ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ​បាន​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី ​អាហ្វ្រិក ​និង​អាមេរិក​ឡាទីន។

លោក​ ផាន អូន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការក្លែង​បន្លំ ​ក.ប.ប. ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ​តុលា​ថា ​ ក្រសួង​សុខាភិបាល ​ច្បាស់​ជា​បាន​ធ្វើការ​យ៉ាង​ហ្មត់ចត់​ហើយ​ចំពោះ​ករណីនេះ ​បន្ទាប់ពី​ក្រសួង​បានប្រកាស​ថា ​មិនមាន​ការផ្តល់​បញ្ជិកា​ ឱ្យ​នាំចូល​ថ្នាំ​ប្រភេទ​នេះ​មក​កម្ពុជា។

ទោះ​យ៉ាងណា ​ក្នុង​នាម​អគ្គនាយកដ្ឋាន ​ក.ប.ប.​លោក​អះអាងថា ​ក.ប.ប. ​នឹង​នៅតែ​បន្ត​ឃ្លាំមើល​នៅតាម​បណ្តា​ទីផ្សារ​ ដើម្បីឱ្យ​ប្រាកដថា ​គ្មាន​ការចរាចរ​ដោយ​សុខ​ច្បាប់​ចំពោះ​ឱសថ​ទាំង ​៤ នេះ ​ចៀង​វាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ ជាពិសេស​កុមារ​តូចៗ។

លោក​បញ្ជាក់ថា​៖ «ក.ប.ប. ​នឹង​ឃ្លាំមើល ​ក្រែង​មាន​ករណី​ចៃដន្យ​ណាមួយ​ជាយថាហេតុ ​នៅតាម​បណ្តា​ទីផ្សារ ​និង​តាម​បណ្តា​កន្លែង​លក់​តូចតាច​ណា​ ដែល​មាន​ការឆកល្វែង​ណា​មួយ។ យើង​បន្ថែម​ពីលើ​អ្វី​ដែល​ក្រសួង​មាន​សមត្ថ​កិច្ច​លោក​បានប្រកាស​ជា​ផ្លូវការ​ហើយ។

នៅពេល ​ក.ប.ប. ​ចុះទៅ​តាម​ម៉ាត ​ឬ​ដេប៉ូ​ផ្សេងៗ​នោះ ​ក.ប.ប. ​នឹង​ឆ្លៀត​មើល​ដែរ ​ដើម្បី​ជា​ការស្រាវជ្រាវ​បន្ថែម​កុំឱ្យ​មាន​ផលិតផល​ទាំង ​៤ ប្រភេទ​នេះ​ដាក់​ចរាចរ»៕