តាកែវៈ កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចាត់​ឱ្យទៅ​រៀបចំ​ឈូសឆាយ​ដី ​និង​ដាំ​ដុះ​កូនឈើ​ឡើងវិញ ​នៅ​តំបន់ភ្នំ​តាម៉ៅ​បានប្រកាស​ភាពជោគជ័យ ​ដែល​បាន​ដាំ​ដើមឈើ​សរុប​ជាង​ ១៥ ​ម៉ឺន​ដើម ​ជីក​ស្រះ ​និង​ធ្វើ​របង ​ហើយ​បានធ្វើ​លិខិត​ប្រគល់​-ទទួល​ការគ្រប់គ្រង​បន្តទៅ​រដ្ឋបាលខេត្ត ​រដ្ឋបាល​ព្រៃឈើ ​និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​គ្រប់គ្រង​បន្ដ ​នៅ​ថ្ងៃទី ​៧ ​ខែតុលា ​តទៅ​។​

​លោក​ ហ៊ីង ប៊ុនហៀង ​អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ​ឱ្យដឹងថា ​បន្ទាប់ពី​បានទទួល​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃទី​ ១០ ​ខែសីហា ​ឆ្នាំ ២០២២ ​ដែល​បាន​បញ្ជា​ឱ្យ​បញ្ជាការដ្ឋាន​អង្គរក្ស​បញ្ជូន​កម្លាំង​ចំនួន ​១ ២២៥ នាក់ ​និង​គ្រឿងចក្រ​រាប់សិប​គ្រឿង ​ចុះ​ឈូសឆាយ ​កាយកប់ ​សម្អាត​ដី ​ដាំ​កូនឈើ​ប្រណីត​ឡើងវិញ ​ជីក​ស្រះ ​និង​អាង​ស្តុក​ទឹក​ ដែល​អាច​ស្រោចស្រព​កូនឈើ​នៅ​រដូវប្រាំង ​ព្រមទាំង ដាំ​បង្គោល​ថ្ម ​និង​ព័ទ្ធ​លួស​បន្លា​ជុំវិញ​ផ្ទៃដី​៥៣០​ហិកតា​នៅ​តំបន់​ភ្នំតាម៉ៅ​នោះ ​ទីបំផុត​បេសកកម្ម​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​។

​លោក​បញ្ជាក់ថា​៖ «ដាំ​កូនឈើ​បាន​ចំនួន​ ១៥៧ ៩៥១​ ដើម ​សម្អាត​ដី​បាន​ចំនួន ​៥៣០ ហិកតា ​ជីក​ស្រះ​បាន​ចំនួន ២​ កន្លែង​ ជីក​អាង​ស្តុក​ទឹកបាន​ចំនួន​ ១ ​កន្លែង ​ធ្វើ​របង​ដាំ​បង្គោល​ថ្ម​បាន​ចំនួន ​៥ ០២៩ ដើម ​និង​ព័ទ្ធ​លួស​បន្លា​បាន​ប្រវែង ​៥០ ២៨០ ​ម៉ែត្រ»។​

​លោក​ឱ្យដឹងទៀតថា ​ក្រោយពី​បានបញ្ចប់​បេសកកម្ម​យ៉ាង​ល្អ​ដោយ​ជោគជ័យ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ​និង​ដោយមាន​ចំណារ​បានឃើញ ​និង​កោត​សរសើរ​ពី​លោកនាយក​រដ្ឋមន្ត្រី​លើ​របាយការណ៍​ចុះ​ថ្ងៃទី ៣ ​ខែតុលា ​ឆ្នាំ ២០២២ ​រួចមក ​បញ្ជាការដ្ឋាន​អង្គរក្ស ​បានរៀបចំ​កម្លាំង ​និង​គ្រឿងចក្រ​ដើម្បី​ត្រឡប់​ចូល​អង្គភាព​វិញ នៅ​ថ្ងៃទី​ ៨​ ខែតុលា ​ដោយ​ប្រគល់ជូន​ការងារ​បន្តទៅ​រដ្ឋបាល​ខេត្តតាកែវ ​មន្ទីរ​កសិកម្ម ​និង​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ ​និង​អាជ្ញាធរ​មូលដ្ឋាន​។

​លោក​បញ្ជាក់ថា​៖ «សូម​ប្រគល់​ជូនទៅ​អាជ្ញាធរ​ដែនដី​ រួមមាន​ រដ្ឋបាល​ខេត្តតាកែវ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តតាកែវ​ រដ្ឋបាល​ស្រុក​បាទី ​រដ្ឋបាល​ឃុំ​ក្រាំងឆ្នង់ ​និង​រដ្ឋបាល​ឃុំ​កណ្ដឹង ​ដើម្បី​គ្រប់គ្រង​ថែទាំ​បន្ត» ។​

​លោក​ លី សាវេត ​អភិបាលរង​ខេត្តតាកែវ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩​ ខែតុលា​ថា ​បន្ទាប់ពី​បាន​ចូលរួម​ប្រជុំ​ ដើម្បី​ប្រគល់ ​និង​ទទួល​ការគ្រប់គ្រង​បន្ត​នៅ​តំបន់​ភ្នំតាម៉ៅ ​ស្ថិតនៅ​ឃុំ​ក្រាំងធ្នង់ ​និង​ឃុំ​កណ្តឹង ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុកបាទី​ ខេត្តតាកែវ ​កាលពី​រសៀល​ថ្ងៃទី ៧ ​ខែតុលា​រួចមក​ អាជ្ញាធរ​ខេត្ត​នៅ​មិនទាន់បាន​ប្រជុំ ​ដើម្បី​រៀបចំ​ចាត់ចែង​ផែនការ​គ្រប់គ្រង​បន្តទៀត​យ៉ាងណា​នៅ​ឡើយ​ទេ​។ លោក​បន្តថា ​នៅ​ថ្ងៃ​អង្គារ ​ឬ​ថ្ងៃពុធ​ នៃ​សប្តាហ៍​ថ្មី​នេះ ​លោក​អភិបាលខេត្ត​អាច​នឹង​ដឹកនាំ​កិច្ចប្រជុំ ​ដើម្បី​រៀបចំ​ចាត់ចែង​ការគ្រប់គ្រង​នៅ​តំបន់​នេះ។

​លោក​ថ្លែងថា​៖ «ឥឡូវនេះ​ត្រូវធ្វើ​យ៉ាងម៉េច​ទៅមុខ​ទៀត​ហ្នឹង ​យើង​មិនទាន់​មានអី​ជា​ផ្លូវការ​ទេ ​ចាំមើល​មានតែ​រង់ចាំ​ឯកឧត្តម ​[អ៊ូច ភា]​ អភិបាល​ខេត្ត​លោក​ដឹកនាំ​ការប្រជុំ​បន្តទៀត»។

​លោក​ លី ​សាវេត​ ប្រាប់ថា​ តាម​ដែល​លោក​ទៅ​ឃើញ​ជាក់ស្តែង​នៅ​ទីតាំង​ដាំ​ដើមឈើ​ឡើងវិញ​ក្នុង​តំបន់​ភ្នំតាម៉ៅ​នោះ​ គឺ​មាន​ការរៀបចំ​បានល្អ​ មាន​សោភណភាពស្រស់ស្អាត​ជាទី​ទាក់ទាញ​។ លោក​ថា​ ដើមឈើ​នៅ​ទីនោះ ​នឹង​ដុះ​លូតលាស់​ធំ​បញ្ចេញ​ភាពស្រស់​បំព្រង​ជាមួយនឹង​ដើម​ឈើ​​​​ដែល​មាន​ស្រាប់​នៅ​ជុំវិញ​នោះ ​ធ្វើឱ្យ​កន្លែង​នោះ​ជាទី​មនោរម្យ​ថ្មី​មួយ​មិន​ខាន។

​លោក​ថ្លែងថា​៖ «មើលទៅ​ស្អាត ​ហើយ​កូនឈើ​ល្អៗ​យើង​ដាំ​មាន​ជួរ​មាន​បន្ទាត់ ​ហើយ​នៅ​ថ្ងៃ​ខាងមុខ​ខ្ញុំ​គិតថា ​ប្រហែលជា​យ៉ាងយូរ ៣ ​ឆ្នាំ​ទៀត​គឺ​កន្លែង​ហ្នឹង​ទៅជា​កន្លែង​ល្អ​មែនទែន ​ព្រោះ​កូនឈើ​នោះ ​ជា​កូនឈើ​ល្អ​ទាំងអស់​។ មើលទៅ​តំបន់​ដែល​ឈូសឆាយ​ហ្នឹង ជា​ព្រៃ​យើង​ដាំ ហើយ​តំបន់​ផ្សេង​ទៀត​ហ្នឹង​វា​ព្រៃ​បែប​ធម្មជាតិ»។

​លោក​បញ្ជាក់ថា ​នៅ​ទីនោះ​មាន​ធ្វើ​ផ្លូវ​ចេញ​-ចូល​ ធ្វើ​ទ្វារ ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ​ដែលនាំឱ្យ​ទីកន្លែង​នោះ​មាន​សុវត្ថិភាព​បន្ថែមទៀត​ផងដែរ​។ បច្ចុប្បន្ន​មាន​អ្នកប្រចាំការ​ដើម្បី​មើល​ថែទាំ​កូនឈើ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​ការស្រោច​ទឹក​នៅក្នុង​រដូវ​នេះ​ មិនសូវ​ជា​ចាំបាច់​ខ្លាំង​ទេ ​សម្រាប់​កូនៗ​ឈើ​តូចៗ​។ ការស្រោច​ទឹក ​គឺ​ផ្តោត​សំខាន់​លើ​ដើមឈើ​ធំៗ​មួយចំនួន​ដែល​ដាំ​លម្អ​ប៉ុណ្ណោះ៕