ភ្នំពេញៈរដ្ឋាភិបាល​កម្ពុជាទទួលបាន​ទាំង​ការ​សាទរ​ផង និង​ការរិះគន់​ផងពី​សំណាក់​មជ្ឈមណ្ឌល​អ្នកឃ្លាំមើល​សង្គម និង​អ្នកជំនាញ​ផ្នែក​សិកម្ម​ជុំវិញការបញ្ចប់​តួនាទី​ លោក វេ​ង សាខុន ពីរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ តាមរយៈព្រះវាជក្រឹត្យកាលពីថ្ងៃទី ៨ តុលា ឆ្នាំ ២០២២ ។​

​លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ចាត់ទុកថា ជា​រឿង​មិន​ភ្ញាក់ផ្អើលទេចំពោះ​ការដក​លោក វេ​ង សាខុន ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយ​លោក​អះអាងថា លោក វេ​ង សាខុន ជា​រដ្ឋមន្ត្រី​ដែល​សមត្ថភាព​នៅមានកម្រិត​នៅឡើយ​។

​លោក​ថា​៖ «​ខ្ញុំ​យល់ថាវា​ជាការ​បង្ហាញ​គំរូមួយ​ សម្រាប់​មន្ត្រី​ផ្សេងទៀតក្នុងការ​ទទួលបន្ទុក​កិច្ចការងារ និង​ការទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហានៅពេល​ពួកគាត់​ត្រូវបាន​ជ្រើសរើស​ឱ្យទទួលខុសត្រូវ​លើ​វិស័យ​។ មួយវិញទៀត​គឺជា​ឱកាស​ផ្តល់​ឱ្យ​ឥស្សរជន អ្នកមាន​សមត្ថភាព​ផ្សេងទៀត​ ដើម្បី​បង្ហាញ​ថ្វីដៃ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​»​។​

​តាម​លោក ថេ​ង សាវឿន វិស័យ​កសិកម្ម​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​និង​ទុក្ខលំបាក​ផ្សេងៗ​ក្នុងការ​ប្រកបមុខរប​រ និង​ការលក់ដូរនិង​ការធ្វើ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​។ តាម​អ្វីដែល​អ្នកជំនាញ​ផ្នែក​កសិកម្ម​រូបនេះ​កត់សម្គាល់គឺ​មុនពេល​ឈានទៅដល់​ការដកតំណែង​មួយ​នេះលោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ព្រមាន​ជា​សាធារណៈ​ម្តង​រួចមកហើយ ហើយ​នេះ​ក៏​ជា​សារ​ត្រូវ​ព្រមាន​លើ​មន្ត្រី​សាធារណៈ​ផ្សេងៗ​ទៀតឱ្យ​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

​រីឯ​លោក មាស នី អ្នកតាមដាន​បញ្ហា​សង្គមបានបង្ហាញការយល់ឃើញថា​៖ «​ដំណោះស្រាយ​នានា​ក្នុង​វិស័យ​កសិកម្ម​កន្លងមកនេះ ហាក់ដូចជា​ មិនមាន​ដំណើរ​ទៅមុខ​បានជា​ដុំកំភួន សូម្បី​តែ​វិបត្តិ​ទីផ្សារ​ក៏​មិនមាន​ភាព​រីកចម្រើន​»​។​

​អ្វីដែល​លោក ​មាស នី មាន​ការ​ងឿង​ឆ្ងល់​នោះ​គឺនី​តិវិធី​នៅក្នុង​កា​រដក​តំណែងរ​ដ្ឋ​មន្ត្រី ​ដែល​ធ្វើ​ឡើង​ភ្លាមៗ​។លោក​ថា​៖ «​បញ្ហា​នៅ​ស្រុក​យើង ​នៅតែ​ជា​បញ្ហា​ការដក ការ​អី​អ៊ីចឹង ការដក​រដ្ឋ​មន្ត្រី ត្រូវធ្វើ​តាម​សភា​វិញ ដូ​ច​កាល​រើស​ចូល​យើង​រើស​ជា​កញ្ចប់ ​តែ​ពេល​ដក​ចេញ​ខ្ញុំ​មិន​ដឹង​ថា​តួនាទី​ខាង​ណា​ជា​អ្នក​ដក ខ្ញុំ​មិន​យល់​ដែរ​»​។​

​ក្រោយ​ការ​ដក​តំណែង​លោក វេ​ង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម​ភ្លាម ប្រមុខ​រដ្ឋាភិ​បាល​កម្ពុ​ជាលោក​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​តែង​តាំង​លោក​ឧបនាយ​ករដ្ឋ​មន្ត្រី អូន ព័ន្ធមុនី​រ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ធ្វើ​ឱ្យ​រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​កសិកម្មបន្ថែម​ពី​លើ​តួនាទី​បច្ចុប្បន្ន រហូត​ដល់​រដ្ឋ​មន្ត្រី​ថ្មី ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​។​

​បើតាមលោក​ មាស នី ​យល់​ថា អាច​ជា​បញ្ហា​នៃ​ការមិនទុក​ចិត្ត​មន្ត្រី​ផ្ទៃក្នុង​នៃ​ក្រសួងកសិកម្មឬ​អាច​ថា ​ការសម្រេច​នេះ​មាន​លក្ខណៈ​លឿន​ពេក​ដែល​មិនទាន់​អាច​រក​អ្នកណា​ចូលកាន់​តំណែង​នេះ​បាន​។ តែ​សម្រាប់​អ្នកតាមដាន​បញ្ហា​សង្គម​រូបនេះគឺ​ក្រសួង​សេដ្ឋកិច្ច​មានកា​ត្វ​កិច្ច​យ៉ាងសំខាន់​នៅក្នុង​ពេលវេលា​បច្ចុប្បន្ន ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្តូរ ជាពិសេស​បញ្ហា​អតិផរណា​។ លោក​ថា បញ្ហា​នេះ អ្នក​កាន់​តួនាទី​ថ្មី​នៃ​ក្រសួងកសិកម្ម គួរ​ណាស់​តែ​មិនមែនជា​អ្នកមាន​តួនាទី​ត្រួតគ្នា​៕