ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះរាជក្រឹត្យ​ចុះថ្ងៃទី​ ៨ ខែ​តុលា​ បញ្ជាក់​ថា៖ «បញ្ចប់​មុខ​តំណែង​ឯកឧត្តម វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ថលេខាត​ទៅ​»។

លោក​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី ៨ ខែតុលា​បាន​ចេញ​សេចក្តី​សម្រេច​ចាត់​តាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម​បន្ថែម​លើ​មុខងារ បច្ចុប្បន្ន រហូត​ដល់​មាន​ការតែងតាំង​ជាផ្លូវ​ការនូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​។

សេចក្តី​សម្រេច​បញ្ជាក់​ថា​៖ «រដ្ឋមន្រ្តី​​ស្តីទី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ទទួល​បាន​ការ​ចាត់​តាំង​ខាង​លើ ប្រើប្រាស់​សិទ្ធិអំណាច​ទាំងអស់​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​​គតិយុត្ត​ជា​ធរមាន ដើម្បី​ដឹកនាំ និង​គ្រប់គ្រង​ការងារ​របស់​ក្រសួង​អង្គភាព​ចំណុះ​របស់​ក្រសួង ព្រម​ទាំង​មន្ត្រីរាជការ និង​បុគ្គលិក​ដែល​ជា​ភ្នាក់ងារ​រដ្ឋបាល​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន​»។

ក្នុង​ពេល​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី លោក វេង សាខុន ធ្លាប់​រង​ការស្ដី​បន្ទោស​ពី​លោក ហ៊ុន សែន ក្នុង​ពិធី​សាធារណៈ​ជាច្រើន​លើក​ច្រើន​សា។ កាល​ពី​ខែ​កុម្ភៈ​នៅ​ក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​មហាផ្ទៃ លោក ហ៊ុន សែន បាន​ស្ដី​បន្ទោស​លោក វេង សាខុន​ ខ្លាំង​ៗថា ​ជា​រដ្ឋមន្ដ្រី «ជិះ​សេះ​មើល​ផ្កា» និង​ធ្វើ​ការងារ មិន​ព្រម​សហការ​ជាមួយ​ក្រសួង ​និង​ស្ថាប័ន​ដទៃ​ទៀត។

លោក​ថ្លែង​ថា៖ «​មើល​ខុន​ឯង​បង្កើន​កិច្ចសហការ​បន្តិច​មើល។ ខ្ញុំសូម​ចង្អុល​បង្ហាញ​ថា ក្នុង​ចំណោមរដ្ឋ​មន្ត្រី គឺ​រដ្ឋមន្ត្រី​​ដែល​មិន​ព្រម​សហការ​ជាមួយ​អ្នកដទៃ​គឺរដ្ឋ​មន្ត្រី​កសិកម្ម​ហ្នឹង​ឯង​។ រដ្ឋ​មន្ត្រី​កសិកម្ម​អត់​សូវ​សហការ​ជាមួយ​រដ្ឋ​មន្ត្រី​ណា​ទាំង​អស់»​។

ក្នុង​ពិធីបិទ​សន្និបាត​នោះ លោក​ ហ៊ុន សែន ក៏បាន​ដាស់​តឿន​ដល់​រដ្ឋមន្ត្រី​នានា​ បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ឱ្យ​បាន​ពេញ​អាណត្តិ​ ដោយ​លោក​បញ្ជាក់​ថា​ ការ​បញ្ចប់​តំណែង​រដ្ឋមន្ត្រី​វា​មិន​ពិបាកនោះ​ទេ គឺ​លោក​ត្រូវការ​យ៉ា​ង​យូរ ២៤ ​ម៉ោង​ដែល​ការដក​តំណែង​រដ្ឋមន្ត្រី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ​។

លោក វេង សាខុន មិន​អាច​ទាក់ទង​ដើម្បី​សុំការ​បញ្ជាក់​បាន​ទេ​កាលពី​ថ្ងៃទី​ ៩ ខែ​តុលា​។

លោក វេង សាខុន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម កាលពី​ឆ្នាំ​ ២០១៦។ មុន​ពេល​ចូលទៅ​ដឹក​នាំ​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្លាប់​បម្រើ​ការងារ​នៅ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្នុង​តំណែង​ជា​អនុរដ្ឋលេខាធិការ​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ ២០១៦​។

នាថ្ងៃទី​ ៨ ខែ​តុលា នៅមុន​ការបញ្ចប់​តំណែង​លោក លោក វេង សាខុន បាន​បង្ហោះសារ​ក្នុង​ហ្វេសប៊ុក ថា​ ក្រោយ​ពី​បាន​បំពេញ​បេសកកម្ម​ការងារ​នៅ​អឺរ៉ុប ​១ ​សប្តាហ៍​ទាក់ទង​ទៅ​នឹង​ការពង្រឹង​សុវត្ថិភាព​ស្បៀង​ជា​សកល និង​ការ​ស្វះស្វែង​រក​ការ​គាំទ្រ​គម្រោង​ពង្រឹងការ​ផលិត​ផលិតផល​កសិកម្ម​ប្រកប​ដោយ​សុវត្ថិភាព​ស្របតាម​ស្តង់​ដា​អឺរ៉ុប នៅ​កម្ពុជា លោក និង​សហការី​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​ថៃ​ នៅ​វេលា​ម៉ោង ២ និង​ ៣០ នាទី ហើយ​កំពុង​រង់ចាំ​ចេញ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា​នៅ​វេលា​ម៉ោង ៤​ និង ៣០ នាទី។

លោក អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃ​ទី​ ៩ ខែ​តុលា បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំងអស់​ចំណុះ​ក្រសួង​កសិកម្ម ត្រូវ​បន្តការ​ពាររាល់​ឯកសារ​ការងារ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច និង​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​សុវត្ថិភាព​។

លោក​បញ្ជាក់​ថា៖ «ខុទ្ទកាល័យ​​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ថែរក្សា និង​ការពារ​ឯកសារ​ទាំងអស់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ផ្ទេរ​ប្រគល់​ជូន​ខុទ្ទកាល័យ​រដ្ឋមន្រ្តី​ថ្មី ដែល​នឹង​ត្រូវ​បាន​តែងតាំង និង​ចូល​កាន់តំណែង​នាពេល​ខាង​មុខ​»។

ចំពោះ​មុខ លោក អូន ព័ន្ធមុនីរ័ត្ន ណែនាំ​ដល់​ខុទ្ទកាល័យ​អតីតរដ្ឋមន្ត្រី​ក្រសួង​កសិក​ម្មត្រូវ​ប្រគល់​ត្រា​របស់​ក្រសួង​នេះ​ជូន​មក​ខុទ្ទកាល័យ​រដ្ឋមន្រ្តី​ស្តីទី ដែល​មាន​ទីតាំង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ចាប់​ពី​ពេល​នេះ​រហូត​ដល់​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​បាន​តែងតាំង​ចូលកាន់​តំណែង​ជា​ផ្លូវការ​។

លោក​បន្ថែម​ថា ចំពោះ​រាល់​ឯកសារ ឬលិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ត្រូវការ​នូវ​ការ​ពិនិត្យ ​និង​ការសម្រេច​របស់​រដ្ឋមន្ត្រី​ស្តីទី ខុទ្ទកាល័យ និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​កសិកម្ម ត្រូវ​បញ្ជូន​មកខុទ្ទកាល័យ​រដ្ឋមន្ត្រី​ស្តីទី​ដែល​មាន​ទីតាំង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យសភា​កម្ពុជាថ្លែង​ថា វាជារឿង​ធម្មតា​ដែល​សមាជិក​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ជំនួស​ក្នុង​កាលៈទេសៈ​ជាក់លាក់​ណាមួយ​ សម្រាប់​អភិបាល​កិច្ចសាធារណៈ​កាន់តែ​ប្រសើរ ហើយ​ប្រជាជន​សង្ឃឹម​ថា រដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើការ​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិកម្ម​៕