ភ្នំពេញៈ ដើម្បី​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន​ និង​លើកកម្ពស់​សមត្ថភាព​របស់​សិស្សានុសិស្ស​ និង​​ធនធាន​មនុស្ស​រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី ១១ មីនា ជារៀង​រាល់ឆ្នាំ​ ដើម្បី​ប្រារព្ធ​ទិវាជាតិ​អំណាន​ខណៈ​អ្នក​ជំនាញ​លើក​ឡើង​​ថា ដើម្បី​បណ្ដុះ​ទម្លាប់​អាន និង​ការ​សិក្សា​ពេញ​ ១ ​ជីវិត គឺ​ត្រូវ​បណ្ដុះ​ទម្លាប់​អាន​​តាំងពី​ថ្នាក់​បឋម។

តាមរយៈ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​នេះ ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រារព្ធ​ទិវា​ជាតិ​​អំណាន​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​ឆ្នាំ​ ២០១៦ រហូតមក​ដល់​បច្ចុប្បន្ន ដោយ​រៀបចំ​ការអាន​ជាសកល និង​ការ​ប្រកួតប្រជែង​លើ ៣ វិញ្ញាសា គឺ​ការ​អាន​អត្ថបទ ការ​ស្មូត​កំណាព្យ និង​ការតែង​និពន្ធ ដើម្បី​ទទួល​ពាន​រង្វាន់​របស់​លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផង​ដែរ​។

កាលពី​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ​ ២០២២ ​ក្រសួង​អប់រំ បាន​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ទី៧ ក្រោម​ប្រធាន​បទ «អំណាន​ជួយ​លើក​កម្ពស់​គុណភាព​ជីវិត​ក្នុង​សង្គម​ឌីជីថល»។ ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ ក្នុង​គោលបំណង​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន ស្មូត​​កំណាព្យ និង​ការ​តែង​និពន្ធ​សំដៅ​រួម​ចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ ដល់​សិស្ស​និស្សិត មន្ត្រីរាជការ ប្រជាជន​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​លើក​កម្ពស់ រក្សា​គុណតម្លៃ​កេរដំណែល​របស់​មនុស្ស​ជាតិ និង​ដើម្បី​សម្រេច​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ដែល​ធានា​គុណភាព​អប់រំ​ប្រកប​ដោយ​សមធម៌ បរិយាប័ន្ន និង​លើក​​កម្ពស់​ការ​សិក្សា​ពេញ ​១​ ជីវិត​សម្រាប់​ទាំងអស់គ្នា​។

លោក រស់ សុវាចា អ្នកនាំ​ពាក្យ​ ក្រសួង​អប់រំ ថ្លែង​ថា ក្រសួង​អប់រំ​ បាន​ជំរុញ​ និង​​លើក​កម្ពស់​ការ​អាន​ក្នុង​កម្មវិធី​សិក្សា​នៅគ្រប់​ភូមិ​សិក្សា ពិសេស​កម្មវិធី​អំណាន​ដំបូង និង​គណិតវិទ្យា​ដំបូង​នៅ​បឋមសិក្សា។ លោក​បន្ត​ថា៖ «ក្រសួង​បាន​ជំរុញ​ការ​អាន​នៅ​តាម​បណ្ណាល័យ លើក​កម្ពស់​ការអាន​គ្រប់​កន្លែង និង​សេវា​បណ្ណាល័យ ព្រម​ទាំង​អភិវឌ្ឍ​បណ្ណាល័យ ទាំង​បណ្ណាល័យ​សាលារៀន និង​បណ្ណាល័យ​ចល័ត​»។

លោក សុវាចា បាន​ឱ្យ​ដឹង​ថា អ្នក​សិក្សា និងភាគី​ពាក់ព័ន្ធ​មាន​ចំណូលចិត្ត​អាន​ផ្សេងៗ​​គ្នា​ប្រកប​ដោយ​លក្ខណៈ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់​ដូចជា​អាន​តាម​បែប​ប្រពៃណី និង​អាន​លើ​ឧបករណ៍​បច្ចេកវិទ្យា​ដូចជា កុំព្យូទ័រ ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ តាមរយៈ​បណ្តាញ​សង្គម​តាម​តេឡេក្រាម​ជា​ដើម​។

លោក​ថ្លែង​ថា៖ «ក្រសួង​អប់រំ បាន​និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​បណ្ណាល័យ​សតវត្សរ៍​ទី​២១​»។

បើ​តាម​លោក​ សុវាចា ស្ថិតិ​បណ្ណាល័យ​សាលារៀន​ចំណេះ​ទូទៅ​សាធារណៈ​របស់​រដ្ឋ​ទូទាំង​ប្រទេស​ ត្រឹម​ឆ្នាំ​ ២០២១-២០២២ សម្រាប់​បឋម​សិក្សា​មាន​ចំនួន ៤ ១​៤៨ បណ្ណា​ល័យ​។ អនុវិទ្យាល័យ​មាន​ចំនួន ៧០៨ បណ្ណាល័យ និង​វិទ្យាល័យ​មាន​ចំនួន ៥២៥ បណ្ណាល័យ។

លោក​បញ្ជាក់​ថា ស្ថិត​ក្នុង​គោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន​ និង​តែង​និពន្ធ រាជរដ្ឋាភិបាល​បាន ចេញ​អនុក្រឹត្យ​លេខ ១២០ អនក្រ.បក ចុះ​ថ្ងៃទី​ ១៤ កញ្ញា ឆ្នាំ​ ២០១៥ ដែល​បាន​កំណត់​​យក​ថ្ងៃទី​ ១១ មីនា ជាថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ជារៀងរាល់​ឆ្នាំ។ បន្ថែម​ពីនេះ​​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្តីពី​ការប្រារព្ធ​ទិវាជាតិ​អំណាន​លេខ ០២ សរ. ចុះ​ថ្ងៃទី​ ២៥ ខែ​កុម្ភ:ឆ្នាំ ២០១៩ ស្តីពី​ការ​អនុវត្ត​តាម​អនុក្រឹត្យ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា​៖ «ក្រសួង​អប់រំ​ បាន​រៀបចំ​ការ​ប្រារព្ធ​ទិវាជាតិ​អំណាន​ជា​រៀងរាល់​ឆ្នាំ ​តាំង​ពី​ឆ្នាំ ​២​០១៦ រហូតមក​ដល់​បច្ចុប្បន្ន ដោយ​មាន​ការ​រៀបចំ ការ​អាន​ជា​សកល និង​ការ​ប្រកួត​ប្រជែង​លើ ​៣ វិញ្ញាសា គឺ​ការ​អាន​អត្ថបទ ការស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ ដើម្បី​ទទួល​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន»។

លោក​ហោ ​សុខៈ ​នាយក​កម្មវិធី​អំណាន ​និង​ជា​អ្នក​ជំនាញ​ខាង​អំណាន​នៃ​អង្គការ ​Room to Read ប្រចាំ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ការ​អាន គឺ​មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​កុមារ​តូច ​ដែល​កំពុង​សិក្សា​បឋមសិក្សា​ថ្នាក់​ទី១ ឬ​​ថ្នាក់​ទី​២។

លោក​ថ្លែង​ថា​៖​​ «បើសិនជា​យើង​មិន​អាច​ជួយ​កុមារ​តូច​នៅ​ថ្នាក់​ទី១ ឬ​ថ្នាក់​ទី​២ ឱ្យ​ចេះ​អាន​ទេ មាន​ន័យ​ថា​ ក្នុង​ ១ ជីវិត​របស់​គាត់​មិន​អាច​ប្រើ​ប្រាស់​ជីវិត​ឱ្យ​ស្រស់បំព្រង​បាន​ទេ​ ពីព្រោះ​ពួកគេ​មិនអាច​ប្រើប្រាស់​ការអាន​ដើម្បី​អភិវឌ្ឍ​អាជីព​ឬ​ក៏​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​បាន​ប្រសើរ​ឡើយ​»។ ​បើសិន​ជា​ជួយ​ឱ្យ​កុមារ​​ឱ្យ​ចេះ​អាន​តាំង​តូច​ទៅ ពេល​ដល់​វ័យ​កុមារ​ធំធាត់​ចូលសិក្សា​ថ្នាក់​ខ្ពស់​​ជា​បន្ត​បន្ទាប់​ទៀត គឺ​ការ​អាន​នេះ​កាន់តែ​មាន​សារៈ​សំខាន់​សម្រាប់​ពួកគេ ពីព្រោះ​ពួកគេ​ចេះ​អាន​ គឺ​អាច​ប្រើប្រាស់​​ការ​អាន​នេះ ​សិក្សា​ស្រាវជ្រាវ ដើម្បី​ក្លាយ​ទៅជា​អ្នកសិក្សា​ពេញ ១ ​ជីវិត ស្រប​ទៅនឹង​ទិសដៅ​នៃ​ការ​អប់រំ​ក្នុង​សតវត្សរ៍​ទី​២១ ​នេះ​។

លោក​ថ្លែង​ថា ដើម្បី​ជំរុញ​ការ​អាន និង​សរសេរ​ដល់​កុមារ​ ចាប់តាំងពី​ឆ្នាំ​ ២០០៣ រហូតដល់​បច្ចុប្បន្ន​ ​អង្គការ Room to Read បាន​ជួយ​កុមារ​លើ​ការ​អាន និង​សរសេរ​បាន​ជាង ២ លាន​នាក់​ឱ្យ​ចេះ​អាន ដោយ​បាន​បង្កើត​បណ្ណាល័យ​ស្ដង់ដា​នៅតាម​សាលារៀន​ទូទាំង​ប្រទេស​កម្ពុជា​ចំនួន​ ២ ១២១ បណ្ណាល័យ ខណៈ​បច្ចុប្បន្ន​អង្គការ​កំពុង​ប្រតិបត្តិការ​លើការ​ជំរុញ​ការ​អាន និង​សរសេរ​​តាម​សាលា​រៀន​ជាង ២០០ សាលារៀន​ទៀត​។

បើតាម​លោក សុខៈ ក្នុង​សម័យកាល​កូវីដ​ ១៩ ដែល​សាលារៀន​បាន​ផ្អាក​បណ្ដោះ​​អាសន្ន​ជា​បន្តបន្ទាប់ អង្គការ Room to Read ក៏បាន​ប្រមូល​ទិន្នន័យ​សិស្ស​ដែល​បាន​ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ​ ហើយ​សង​មក​បណ្ណាល័យ​វិញ​ គឺ​ក្នុង​សិស្ស ម្នាក់ បាន​ខ្ចី​សៀវភៅ ៤,២ ក្បាល។​ ដូច្នេះ​ដើម្បី​ជំរុញ​ការ​អាន និង​សរសេរ​ដល់​កុមារ​ចាប់​តាំងពី​ឆ្នាំ​ ២០០៣ រហូតមក ​អង្គការ Room to Read បាន​តាក់តែង និង​និពន្ធ​សៀវភៅ​សម្រាប់​ជំរុញ​ការ​អាន​ដល់​កុមារ​បាន​ចំនួន ៣៥០ ចំណងជើង​ដោយ​បាន​ដាក់​​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ក្រសួងអប់រំ​ យុវជន និង​កីឡា។

អង្គការ Room to Read ក៏​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុង​ការ​ជំរុញ​ការ​អាន និង​សរសេរ ដោយ​រៀបចំ​ជាកញ្ចប់​អំណាន​បន្ថែម​ហើយ​មកដល់​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​​ពង្រីក​កញ្ចប់​អំណាន​នេះ​ទៅដល់​ ១៨ រាជធានី-ខេត្ត ។

លោក​ស្រី ប៊ុណ្ណា សុសីហនាដ ប្រធាន​ជាន់​ខ្ពស់​កម្មវិធី​អប់រំ​កុមារី នៃ​អង្គ​ការ Room to Read ឱ្យ​ដឹង​ថា ដើម្បី​ជំរុញ​ការ​អាន និង​​សរសេរ​ដល់កុមារ អង្គការ បាន​ធ្វើ​សកម្មភាព​សំខាន់ៗ​ចំនួន ២ គឺ​ទី១ សកម្មភាព​ជជែក​ដេញដោល​ដែល​ជា​ទូទៅ​កុមារ​តែងតែ​ព្យាយាម​អាន ស្រាវជ្រាវ និង​ដកស្រង់​ចំណេះដឹង​ពី​បណ្ណាល័យ និង​ប្រព័ន្ធ​អនឡាញ​រួមនឹង​ការ​ចែករំលែក​ឯកសារ​សំខាន់ៗ​ពី​មន្ត្រី​​របស់​អង្គការ​ផងដែរ​។ សកម្មភាព​ ទី​២ គឺ​ជំរុញ​​ក្លិប​សិក្សា​ដោយ​ប្រធានក្រុម ឬ​អ្នក​ដឹកនាំ​ក្លិប​សិក្សា​ត្រូវ​ធានា​ថា ពូកែ​ស្រាវជ្រាវ​រក​ប្រភព​ឱ្យ​បាន​ច្បាស់លាស់​​ពី​កន្លែង​ផ្សេងៗ​ ដើម្បី​យក​មក​ចែករំលែក​ដល់​សមាជិក​ក្រុម​របស់​ខ្លួន​។

លោក​ស្រី​ថ្លែង​ថា​៖​ «សកម្មភាព​ទាំង ២​ នេះ បាន​ជំរុញ​ឱ្យ​កុមារ​ព្យាយាម​អាន និង​ស្រាវជ្រាវ​ច្រើន​ជាងមុន​ជា​ពិសេស​សិស្ស​ដែល​ជា​អ្នក​ដឹកនាំ​»។

លោកស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុប្រធាន​នាយកដ្ឋាន​សៀវភៅ និង​​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​លើក​ឡើង​ថា ការអាន គឺមាន​សារៈ​សំខាន់​ណាស់ បើ​គ្មាន​សារៈ​សំខាន់ មិនមែន​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ ខិតខំ​បង្កើត​បណ្ណាល័យ​ជាច្រើន​នៅតាម​សាលារៀន និង​សាកល​វិទ្យាល័យ​​នោះ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «ការអាន​គឺ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​វ័យ​​ទាំងអស់​តាំងពី​កូនក្មេង ​រហូតដល់​មនុស្ស​ចាស់ សូម្បី​ទារក​នៅ​​ក្នុង​ពោះ​ក៏​​ត្រូវមាន​​ទម្លាប់​អាន​ឱ្យ​ពួកគេ​រៀន​ស្ដាប់​តាំងពី​នៅ​ក្នុង​ផ្ទៃម្ដាយ​ដែរ ដើម្បី​បង្កើត​ទម្លាប់​អាន មិនមែន​មាន​ស្មាតហ្វូន​ប្រើ​ភ្លេច​ការ​អាន​នោះ​ទេ»​។

លោក ហេង ឧត្ដម និស្សិត​ កំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​ជា​អ្នក​ចូលចិត្ត​ការ​អាន​ថ្លែង​ថា ការ​អាន​គឺ​មិន​សប្បាយ​ដូចជា​ដើរ​លេង​កម្សាន្ត ឬ​ជួបជុំ​មិត្តភក្ដិ​ទេ ប៉ុន្ដែ​ការ​អាន​បាន​ផ្ដល់​លទ្ធភាព​ និង​ឱកាស​ជា​ច្រើន​ដល់​​យុវជន​។​ ឧត្តម​បញ្ជាក់​ថា៖​ «ការ​អាន អត់​សប្បាយ​ដូច​ផឹក​ទេ។ តែ​បើ​អាន​ច្រើន គឺ​អាច​នឹង​ឱ្យ​មាន​លទ្ធភាព​ផឹក​បាន​ច្រើន​។ តែ​បើ​ផឹក​ច្រើន​ពី​ក្មេង គឺ​ច្បាស់​ជា​គ្មាន​ឱកាស​អាន​ច្រើន​ទេ»៕