
អគារកាស៊ីណូ និងសណ្ឋាគារនៅខេត្តព្រះសីហនុ។ ហេង ជីវ័ន
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីណែនាំលើការគ្រប់គ្រងកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងអាជីវកម្មនានា ខណៈការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសធ្វើឡើងបានជិត ១ ម៉ឺនទីតាំង ក្នុងនោះមនុស្សជាង ២៥០ នាក់ត្រូវបានបញ្ជូនទៅតុលាការ។
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ៧ តុលា បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរបានសង្កេតឃើញមានទីតាំងអាជីវកម្ម ក្រោយពីបានទទួលសិទ្ធិប្រកបអាជីវកម្មពីរាជរដ្ឋាភិបាល ឬពីក្រសួង ស្ថាប័នមានសមត្ថកិច្ចរួចហើយ មិនបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនមករដ្ឋបាលខេត្ត ឬសមត្ថកិច្ចពាក់ព័ន្ធ និងមិនបានលើកស្លាកសម្គាល់ឈ្មោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួននៅឡើយ។
រដ្ឋបាលខេត្តបន្ថែមថា៖ «មានទីតាំងខ្លះទៀតបានហ៊ុមព័ទ្ធរបងបិទបាំង ដែលធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិបាកក្នុងការត្រួតពិនិត្យទីតាំងនីមួយៗ និងម៉្យាងទៀត បង្កលក្ខណៈដល់ជនឆ្លៀតឱកាសប្រព្រឹត្តបទល្មើសផ្សេងៗរួមមានការបង្ខាំងមនុស្ស ដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងន័យនេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងអាជីវកម្មទាំងនោះឱ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំម្ចាស់កាស៊ីណូ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកទីតាំងអាជីវកម្មរបស់ខ្លួនពីរដ្ឋបាលខេត្តព្រះសីហនុ មុនសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ម្ចាស់អាជីវកម្មត្រូវដាក់តាំងស្លាកឈ្មោះបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដែលមានអក្សរខ្មែរធំជាងអក្សរបរទេស ហើយអក្សរខ្មែរត្រូវស្ថិតនៅជួរលើគេបំផុតឱ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ និងដាក់បង្ហាញគ្រប់អាជ្ញាប័ណ្ណនៅកន្លែងទទួលភ្ញៀវ។ ម្ចាស់អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ឬបុគ្គលណាមួយ មិនត្រូវយកលិខិតឆ្លងដែន ឬបណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គលិករបស់ខ្លួនមករក្សាទុកជាដាច់ខាត។
រដ្ឋបាលខេត្តគូសបញ្ជាក់ថា ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា លិខិតឆ្លងដែន ឬបណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលិកត្រូវបានរក្សាទុកនៅម្ចាស់អាជីវកម្ម ឬបុគ្គលណាមួយនោះ ម្ចាស់អាជីវកម្មនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
រដ្ឋបាលខេត្តណែនាំបន្តថាចំពោះទីតាំងអាជីវកម្មត្រូវបើកចំហដោយមិនត្រូវបិទបាំង ឬហ៊ុមព័ទ្ធសំណាញ់ ឬរបងបន្លាលួស និងមិនត្រូវបិទសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក្នុងការចេញ-ចូល ហើយម្ចាស់អាជីវកម្មត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិត និងបញ្ជីបើកប្រាក់ខែឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមកិច្ចសន្យាការងារ។
រដ្ឋបាលខេត្តព្រះសីហនុសង្កត់ធ្ងន់ថា៖ «ក្នុងករណី ម្ចាស់អាជីវកម្មមិនអនុវត្តតាមខ្លឹមសារនេះ រដ្ឋបាលខេត្តនឹងគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ឬពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដើម្បីបិទអាជីវកម្មជាស្ថាពរ»។
ជាមួយគ្នានេះដែរ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើនកាលពីថ្ងៃទី ៨ ខែតុលា បានបើកកិច្ចប្រជុំមួយជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងគ្រប់ប្រភេទ និងបានដាក់ចេញនូវវិធានការមួយចំនួន។
លោកបានជំរុញដល់អាជ្ញាធរបន្តរុករកស្រាវជ្រាវទីតាំងនានា តាមពាក្យបណ្តឹងដែលនៅសេសសល់ ឬបណ្តឹងថ្មីៗ ឬសង្ស័យមានការជួញដូរមនុស្ស ការធ្វើទារុណកម្ម ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ទោះទីតាំងនោះមានអាជ្ញាប័ណ្ណ ឬគ្មានអាជ្ញាប័ណ្ណក្តី។ លោកថា៖ «អាជ្ញាធរ កងកម្លាំងត្រូវធ្វើការគ្រប់គ្រងតាមដានត្រួតពិនិត្យជាប្រព័ន្ធ ដើម្បីធានាថា ទីតាំងមុខសញ្ញាដែលប្រព្រឹត្តបទល្មើសល្បែងភ្នាល់អនឡាញខុសច្បាប់មិនឱ្យកើតមានសាជាថ្មី ឬលួចលាក់ល្បែងអនឡាញថ្មីៗបន្ថែមទៀត»។
ជាមួយគ្នានោះលោកណែនាំឱ្យអាជ្ញាធរពង្រឹងច្រកទ្វារព្រំដែនសំដៅទប់ស្កាត់បទល្មើសនានាឆ្លងកាត់ព្រំដែន ពិសេសសហការគ្រប់គ្រងសន្តិសុខ និងការចេញចូលតាមលម្ហសមុទ្រសំដៅមិនឱ្យមានការលបលួចនាំពលករបរទេសចូលតាមច្រកសមុទ្រមកធ្វើការមិនស្របច្បាប់នៅកម្ពុជា និងបទល្មើសនានាក្នុងលម្ហសមុទ្រ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សកម្ពុជាចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃទី ១៧ ខែកញ្ញាមកបង្ក្រាបបាន ៩ ៦២២ ទីតាំង ក្នុងនោះអនុវត្តវិធានការច្បាប់ ១១៦ ទីតាំង និងបុគ្គលចំនួន ២៥៣ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្នុងនោះ សមត្ថកិច្ចចុះត្រួតពិនិត្យជនបរទេសនៅទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុរកឃើញជនបរទេសចំនួន ២ ៧៦០ នាក់មាន ១៤ សញ្ជាតិក្នុងនោះជនបរទេសគ្មានបណ្ណការងារចំនួន ១ ៥១២ នាក់ ហើយត្រូវបានផាកពិន័យមុនអនុញ្ញាតឱ្យចាកចេញពីទីតាំងក្រុមហ៊ុន។
ជាមួយគ្នានេះក្រុមការងារបានរៀបចំបែបបទបណ្ដេញចេញជនបរទេសចំនួន ៦ ៨៥ នាក់មាន ១០ សញ្ជាតិ និងកំពុងស្នាក់នៅក្នុងទីស្នាក់ការត្រៀមបណ្តេញចេញចំនួន ៩២០ នាក់៕