ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប) ​មិនមែន​ជា​ស្ថាប័ន​នយោបាយ​ទេ​ ប៉ុន្តែ​ជា​ស្ថាប័ន​បច្ចេកទេស ​និង​អនុវត្ត​ច្បាប់ ​ដូច្នេះ ​ខ្លួន​នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ឯករាជ្យ ​តាម​គន្លង​ច្បាប់ ​និង​រដ្ឋធម្មនុញ្ញ​។ នេះ​ជា​ការបញ្ជាក់​របស់​លោក ឌឹម សុវណ្ណារុំ ​សមាជិក ​និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន ​នៃ ​គ.ជ.ប.។

លោក​អះអាង​បែប​នេះ​ នៅ​ថ្ងៃ​ទី ៩ ​តុលា ​ពោល​គឺ​ ២ ថ្ងៃ​ បន្ទាប់ពី​​ សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី ៧ ​ខែ​តុលា ​បាន​សម្រេច​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​ប្ដឹង​លោក​ សុន ឆ័យ ​អនុប្រធាន​គណបក្ស​ភ្លើងទៀន ​ពី​បទ​បរិហាកេរ្តិ៍​ ជា​សាធារណៈ។ លោក​ ឌឹម សុវណ្ណារុំ ​ថ្លែង​ថា ​សម្រាប់ ​គ.ជ.ប.​ សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ពិតជា​បាន​ផ្ដល់​យុត្តិធម៌ ​ភាព​ស្អាតស្អំ ​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​ជូន ​គ.ជ.ប.​។

លោក​ ឌឹម សុវណ្ណារុំ ​បញ្ជាក់​ថា​៖​ «​តុលាការ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ជន​ជាប់​ចោទ​ឈ្មោះ​ សុន ឆ័យ ​និង​បាន​រកឃើញ​ថា​ ការចោទ​ប្រកាន់​របស់​គាត់​មកលើ ​គ.ជ.ប.​ គឺ​គ្មាន​ភ័ស្តុតាង​ និង​ការពិត»។

លោក​បញ្ជាក់​ដែរ​ថា ​គ.ជ.ប.​មិនមែន​ជា​ស្ថាប័ន​នយោបាយ​ទេ ​តែ​ជា​ស្ថាប័ន​បច្ចេកទេស ​និង​អនុវត្ត​ច្បាប់។ ហេតុ​ដូច្នេះ ​គ.ជ.ប. ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ឯករាជ្យ ​តាម​គន្លង​ច្បាប់ ​និង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។ លោក​ សុវណ្ណារុំ ​ថ្លែង​ថា​៖ «ក្នុង​កិច្ចការ​បោះឆ្នោត ​គ.ជ.ប. មិន​អាច​ធ្វើ​តែម្នាក់​ឯង​បាន​ទេ ​គ.ជ.ប.ត្រូវ​ការ​កិច្ចសហការ​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់»។

គួរ​រំឭក​ថា ​សំណុំ​រឿង​ប្ដឹង​ផ្ដល់​ឡើង​ដល់​តុលាការ ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ប្រឆាំង​នឹង​លោក ​សុន ឆ័យ ​កើតឡើង​ដោយសារ​តែ​បទ​សម្ភាស​មួយ​របស់​លោក ​សុន ឆ័យ ​ផ្ដល់​ដល់​សារព័ត៌មាន ​The Cambodia Daily​ នៅ​ថ្ងៃ​ទី ៧​ ខែ​មិថុនា ​ឆ្នាំ ២០២២។ ​ក្នុង​បទសម្ភាស​លោក​សុន ឆ័យ ​បាន​ចោទ​ថា ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥ ​នៅថ្ងៃ​ទី ៥ ​ខែ​មិថុនា ​ឆ្នាំ ២០២២។ លោក សុន ឆ័យ ​បាន​ប្រៀប​ប្រដូច​ការបោះ​ឆ្នោត​នេះ​ ទៅ​នឹង​ការលួច​គោ ​លួច​ក្របី​។

ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការភាន់ច្រឡំ ​និង​បាត់​ទំនុកចិត្ត​ពី​ម្ចាស់​ឆ្នោត ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ទើប ​គ.ជ.ប.​ ដែល​តំណាង ​ដោយ​លោក​ ឌឹម សុវណ្ណារុំ ​សមាជិក ​គ.ជ.ប. ​និង​លោក​ សោម សូរីដា ​អគ្គលេខាធិការ​រង​ គ.ជ.ប. ​បាន​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​រឿង​ក្តី​នេះ។ បណ្ដឹង​ប្រឆាំង​នឹង​លោក​ សុន ឆ័យ​ ក្នុង​រឿង​ដដែល​នេះ ​ក៏​មាន​ដើមបណ្តឹង ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។

នៅ​ថ្ងៃ​ទី ៧ ​ខែ​តុលា ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ ​សាលក្រម​របស់​ខ្លួន ​ច្រានចោល​ការចោទ​ប្រកាន់​របស់​លោក ​សុន ឆ័យ ​និង​ទទួល​យក​សំណូមពរ​ របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​គ.ជ.ប.។ ​តុលាការ​បាន​ពិនិត្យ​ឃើញ​ថា ​ការអះអាង​របស់​លោក ​សុន ឆ័យ ​មិនមែន​ជា​ការពិត ​និង​មាន​ការទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណាមួយ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ ​ហើយ​អំពើ​របស់​លោក​ សុន ឆ័យ ​ដែល​ជា​ជន​ជាប់​ចោទ ​បាន​ធ្វើ​ឱ្យ​ខូចខាត​សណ្ដាប់ធ្នាប់ ​និង​របៀប​រៀបរយ​សង្គម​។

សាលក្រម​តុលាការ​បង្គាប់​ឱ្យ​លោក​ សុន ឆ័យ ​ចាំបាច់​ធ្វើ​លិខិត​សុំទោស​ស្ថាប័ន ​គ.ជ.ប.​ជា​លាយលក្ខណ៍​អក្សរ ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​រយៈពេល​ ២ ខែ ​ដើម្បី​ស្ដារ​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់ ​គ.ជ.ប.។ បន្ថែម​ពីនេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ ​ផ្ដន្ទាទោស​លោក​ សុន ឆ័យ ​ពិន័យ​ជា​ប្រាក់​ចំនួន ​៩ លាន​រៀល​គត់ ​ដើម្បី​បង់​ចូល​ថវិកា​ជាតិ ​ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ​តាម​បញ្ញត្តិ​មាត្រា ​៣០៥ ​នៃ​ក្រមព្រហ្មទណ្ឌ ​និង​ផ្ដន្ទាទោស​បន្ថែម​តាម​បញ្ញត្តិ​មាត្រា​ ៥៣ ​និង​ ៣១០ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

សេចក្ដី​សម្រេច​ផ្ដន្ទាទោស​នេះ​ត្រូវ​បិទ​ផ្សាយ​នៅ​ទី​សំណាក់​ចុងក្រោយ​របស់​ជនជាប់​ចោទ ​នៅ​សាលា​សង្កាត់​ នៃ​លំនៅ​របស់​ជន​ជាប់​ចោទ​ នៅ​មណ្ឌល​បោះឆ្នោត​ឃុំ-សង្កាត់ ​រាជធានី​-ខេត្ត ​នៅ​បញ្ជរ​ព័ត៌មាន ​និង​នៅ​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​ សម្រាប់​រយៈពេល ​៨ ​ថ្ងៃ​ ដោយ​ការចំណាយ​ ជា​បន្ទុក​របស់​ជន​ជាប់​ចោទ។

ចំពោះ​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ​តុលាការ​បាន​បង្គាប់​ឱ្យ​លោក​ សុន ឆ័យ ​បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ​៨ លាន​រៀល ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ​៣ ពាន់​លាន​រៀល ​ឬ​ស្មើ​នឹង​ប្រមាណ​ ៧៥ ម៉ឺន​ដុល្លារ៕