ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​លោក​ អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ចាត់​មន្ត្រី​ជំនាញ​ក្រសួង​ ចុះ​វាយតម្លៃ​ការ​ខូចខាត​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​ទៀត​​ឱ្យ​បាន​ឆាប់​បំផុត​ដើម្បី​រាជរដ្ឋាភិបាល​អាច​បញ្ចេញ​ពូជ​ស្រូវ​ឱ្យ​​បាន​លឿន​ទៅ​កាន់​គោលដៅ​ដែល​ខូចខាត បន្ទាប់​ពី ឃុំ​ចំនួន​ជាង​ ៧០០ ​បាន​លិចលង់​ ដោយសារ​ជំនន់​ទឹកភ្លៀង​។

តាមរយៈ​សារ​ជាសំឡេង​បន្ទាប់ពី​ចាត់តាំង​លោក អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កសិកម្ម​ លោក ហ៊ុន សែន ​បាន​ថ្លែង​​កាល​ពី​យប់​ថ្ងៃទី ៨ តុលា ថា ខេត្ត​ចំនួន​ ​២២ ​ក្រុង​ស្រុក​ខណ្ឌ​ចំនួន​ ៩៦​ និង​ ៧៧០​ ឃុំ បាន​លិចលង់​ដោយសារ​ជំនន់​ទឹក​ភ្លៀង ដែល​ក្នុង​នោះ​ក៏បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាជន ដែល​មាន​ស្លាប់​ចំនួន ​៤ ​នាក់​ក្រៅ​ពីនោះ ក៏​មាន​​ការ​ជម្លៀស​ប្រជាជន​មក​ទីទួល​សុវត្ថិភាព​។ ក្រៅពីការ​ខូចខាត​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ក៏​មាន​ការ​ប៉ះពាល់​ការសិក្សា​របស់​សិស្ស ដោយសារ​ការ​លិច​សាលារៀន និង​ការខូចខាត​ដល់​ដំណាំ​កសិកម្ម​ផង​ដែរ​។

តាម​តួលេខ​ដែល​បាន​ផ្តល់​ដោយ​លោក គន់ គីម ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (NCDM) លោក​នាយក​រដ្ឋមន្ត្រី លើក​ឡើង​ថា ស្រូវ​​ទទួលរង​ការ​លិច​ទឹក​មាន​ជាង​ ១,៥ ​សែន​ហិកតា ដំណាំ​រួមផ្សំ​ដែល​បាន​លិចលង់​មាន​ជាង​ ៤ ​​ម៉ឺន​ហិកតា ខណៈ​ឥឡូវ​នេះ​ទឹក​នៅ​កន្លែង​ខ្លះ​ក៏បាន​ស្រក ហើយ​នៅ​កន្លែង​ខ្លះ​ក៏​បាន​ឡើង​។

លោក ហ៊ុន សែន បាន​លើក​ឡើង​​ពីការ​ព្យាករ​អាកាសធាតុ​​ដែល​អាច​ឱ្យ​ដឹង​ថា នឹង​នៅ​មាន​ទឹក​ភ្លៀង​មួយ​ចំនួន​បន្ថែម​ទៀត ហើយ​សភាពការណ៍​នៅ​ឯ​មូលដ្ឋាន​គឺ​អាច​គ្រប់គ្រង​បាន តែ​អ្វី​ដែល​ជា​កង្វល់​នោះ​គឺ​មូលដ្ឋាន​មួយ​ចំនួន​ជួប​បញ្ហា​ខ្វះ​ពូជ​ស្រូវ​ឬ​ពូជ​ដំណាំ ដែល​ទាមទារ​ឱ្យ​ថ្នាក់​ជាតិ​ត្រូវ​អន្តរាគមន៍​ជា​បន្ទាន់​។

លោក​ថ្លែង៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​ដាក់​ចេញ​បទបញ្ជា​ទៅ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ចាត់​មន្ត្រី​ជំនាញ​របស់​ក្រសួង ដែល​មាន​រដ្ឋលេខា​ធិការ​អនុរដ្ឋ​លេខាធិការ​ចុះ​ធ្វើការ​ជាមួយ​ហ្នឹង​នឹង​ខេត្ត ក៏ដូចជា​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​វាយ​តម្លៃ​ឱ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន អំពី​ការខូចខាត​ដែល​ទាក់ទង​ជាមួយ​​នឹង​ដំណាំ​ស្រូវ ក៏​ដូចជា​ដំណាំ​ផ្សេង​ទៀត ដើម្បី​រាជ​រដ្ឋាភិបាល​អាច​បញ្ចេញ​យ៉ាង​លឿន ទៅ​កាន់​គោលដៅ​នៃ​ស្រូវ​ដែល​ត្រូវ​ខូច ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​បាន​បង្ក​បង្កើន​ផល​ឡើង​វិញ​»។

លោក ហ៊ុន សែន បាន​ចាត់ទុក​​ថា នេះ​ជា​អន្តរាគមន៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​នៅចុង​រដូវ ​ព្រោះ​ទឹក​មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ទេ​ ​ដោយ​នៅ​កន្លែង​មួយ​ចំនួន នៅ​មាន​លទ្ធភាព​អាច​ធ្វើ​ស្រូវ​ទៅបាន តែ​កន្លែង​មួយ​ចំនួន​ទៀត​មិន​អាច​ធ្វើ​ស្រូវ​បាន​នោះ តែ​​ក៏​អាច​ជំនួស​ទៅ​ដោយ​ពូជ​ដំណាំ​មួយ​ចំនួន​ ដែល​រាជ​រដ្ឋាភិបាល​បាន​បម្រុង​ទុក​។

លោក​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហការ​ជា​បន្ទាន់​រវាង​ក្រសួង​កសិកម្ម អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក៏​ដូចជា​ NCDM ដោយ​ត្រូវ​រួមគ្នា​វាយតម្លៃ​ផង និង​ត្រៀម​បម្រុង ​ដើម្បី ដឹកចេញ​នូវ​ពូជ​ស្រូវ​ និង​ពូជ​ដំណាំ​ទៅ​កាន់​គោលដៅ​ផង​។ លោក​ថា នេះ​ជា​កិច្ចការ​បន្ទាន់​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដោយ​មិន​ត្រូវ​​បណ្ដែត​បណ្ដោយ​​ឱ្យ​ទឹក​ស្រក​ហួស​នោះ​ទេ​ព្រោះ​មិនមាន​ប្រភព​ទឹក​ដើម្បី​បង្កបង្កើន​ផល​បន្ថែម​។

លោក ហ៊ុន សែន រំឭក​ថា កម្ពុជា​​មាន​បទពិសោធ​រួចមក​ហើយ បន្ទាប់​ពី​បាន​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​ កាលពី ១២​ ឆ្នាំមុន​គឺ​ក្នុង​ឆ្នាំ​ ២០០០។ «ជារួម​ខ្ញុំ​ព្រះករុណា​ខ្ញុំ អំពាវនាវ​ឱ្យ​ធ្វើ​សកម្មភាព​ជា​បន្ទាន់ ដោយ​បែងចែក​មន្ត្រី​ចុះ​ធ្វើការ ​ហើយ​ម្ខាង​​ចុះទៅ​វាយតម្លៃ​រួម​ជាមួយ​ខេត្ត និង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដើម្បី​វាយតម្លៃ​ពី​ការ​ខូចខាត និង​ម្ខាង​ទៀត​ត្រៀម​រៀបចំ​ពូជ​ដើម្បី​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​យើង ដែល​ស្តុក​នៅ​ភ្នំពេញ​ក្តី និង​ស្តុក​នៅ​តាម​ខេត្ត​ក្ដី ដើម្បី​បញ្ជូន​ពូជ​ស្រូវ​ទាំង​នោះ ឬ​ពូជ​ដំណាំ​ទាំង​នោះ ទៅ​ជូន​ប្រជាជន​របស់​យើង​ដើម្បី​​ដាំដុះ​សា​ជា​ថ្មី​។ សូម​ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន និង​ឯកឧត្តម​ គន់ គីម សហការ​គ្នា​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ដើម្បី​ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​»។

លោក គន់ គីម នា​ថ្ងៃ​ទី ៩ តុលា បាន​ចុះ​ជួបប្រជុំ​ជាមួយ​​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​តាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប។ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​សៀមរាប​លោក​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​​ខេត្ត និង​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ទាំង ២​ ​នេះ​ចាំបាច់​ត្រូវ​សហការ​គ្នា​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​អំពី​ភូមិសាស្រ្ត​នីមួយៗ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ ក្នុងពេល​ស្ថានភាព​អាកាសធាតុ​បន្ត​ប្រឈម​និង​អាច​អូសបន្លាយ​​រងគ្រោះ​ដោយ​ទឹកជំនន់​។

លោក​ អូន​ ព័ន្ធមុន្នីរ័ត្ន​ បាន​ចេញ​សេចក្ដី​សម្រេច​ផ្ទៃក្នុង​មួយ​ នៅថ្ងៃ​ទី​ ៩​ តុលា​ដើម្បី​ធានា​ប្រក្រតី​ភាព ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​កសិកម្ម​ដែល​លោក​ទើបតែ​​ទទួល​ដឹកនាំ​បន្ទាប់​ពី រដ្ឋមន្ត្រី​ចាស់​ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ចប់​តំណែង តាម​សំណើ​របស់​លោក​ហ៊ុន​ សែន​៕