
វិមានឯករាជ្យ នៅរាជធានីភ្នំពេញ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
បាត់ដំបងៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការគ្រោងសាងសង់វិមានឯករាជ្យថ្មីនៅខេត្តបាត់ដំបង ដើម្បី រំលេចនូវស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ នូវការទទួលបានឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានជាប្រវត្តិសាស្ត្រ របស់សម្តេចព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនាថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។
លោក ស ខេង ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងផងនោះ ថ្លែងនៅក្នុងពិធីអញ្ជើញ សម្ពោធវេទិកាអុំទូក មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង កាលពីថ្ងៃទី ៨ តុលាថា វិមានឯករាជ្យថ្មីនេះ រួមនឹងការរៀបចំសំណង់ និងសោភណភាពនានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោកថ្លែងថា៖ «ចប់ពីនេះទៅវិមានឯករាជ្យធ្វើនៅខាងមុខសាលាខេត្ត ក្បែសារមន្ទីរ និងនាគបាញ់ទឹក យកកន្លែងហ្នឹងធ្វើជាវិមានឯករាជ្យ ហើយក៏ជារមណីយដ្ឋានមួយ សម្រាប់ប្រជាពលរដ្ឋចូលរួមសប្បាយរីករាយនៅកន្លែងហ្នឹងដែរ»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ តុលាថា គម្រោងសាងសង់វិមានឯករាជ្យថ្មី នៅលើទឹកដីខេត្តបាត់ដំបងនេះនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ ២០២២ ព្រោះទាំងគំរូប្លង់ និងទាំងទីតាំងបានរៀបចំរួចរាល់អស់ហើយ ដែលនឹងគ្រោងសាងសង់នៅលើទំហំដីជាង ១ ហិកតា។
បើតាមលោក សុខ លូ ចំពោះថវិកាសម្រាប់យកមកចំណាយលើការសាងសង់មិនទាន់បានកំណត់នៅឡើយទេ ដោយរដ្ឋបាលខេត្តនឹងបើកកិច្ចប្រជុំពិភាក្សាលើការងារនេះ ហើយថវិកានេះនឹងអំពាវនាវឱ្យសប្បុរសជនចូលរួមជួយឧបត្ថម្ភ។
លោកថ្លែងថា ការសាងសង់សំណង់វិមានឯករាជ្យនេះ ដើម្បីរំឭកដល់ស្នាព្រះហស្ថរបស់សម្តេចព្រះបរមរតនកោដិ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងជាពិសេសតាមប្រវត្តិសាស្ត្រ ខេត្តបាត់ដំបងនេះជាទីតាំងដែលព្រះអង្គបានចលនាមហាជន ឱ្យចូលរួមតស៊ូ ដើម្បីទាមទាឯករាជ្យពីបារាំងផងដែរ។
លោក សុខ លូ ថ្លែងថា សំណង់វិមានឯករាជ្យនេះ គឺជានិមិត្តរូបសម្រាប់ខេត្តបាត់ដំបងជាពិសេសចូលរួមលើកកម្ពស់សោភណភាពខេត្ត និងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពេលមកលេងកម្សាន្ត ក្នុងទឹកដីខេត្តផងដែរ។ មួយវិញទៀតនៅពេលដែលវិមានឯករាជ្យត្រូវបានសាងសង់រួចរាល់ នោះខេត្តនឹងមានទីតាំងសមរម្យសម្រាប់ប្រារព្ធពិធីទិវាបុណ្យឯករាជ្យជាតិផងដែរ៕