
អង្គការមួយចំនួនដែលពាក់ព័ន្ធនៅក្នុងសកម្មភាពការងារប្រឆាំងមេរោគអេដស៍ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបង្កើនបរិយាកាសគាំទ្រក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការមួយចំនួនដែលពាក់ព័ន្ធនៅក្នុងសកម្មភាពការងារប្រឆាំងមេរោគអេដស៍ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបង្កើនបរិយាកាសគាំទ្រក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកម្ពុជា ឈានទៅលុបបំបាត់មេរោគអេដស៍ត្រឹមឆ្នាំ ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការខាណាចេញផ្សាយនៅក្រោយបញ្ចប់សិក្ខាសាលានេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា អង្គការដែលបានចូលរួមនៅក្នុងសិក្ខាសាលានោះមាន អង្គការខាណា បានសហការណ៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសុខភាពបុរសនៅកម្ពុជា និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ សិក្ខាសាលានេះធ្វើឡើងមានគោលបំណង រួមដើម្បីផ្សព្វផ្សាយព័ត៌មានអំពីមេរោគអេដស៍ យុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រជាមួយភាគីពាក់ព័ន្ធរួមមានក្រុមប្រជាជនគន្លឹះ ម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត អ្នកផ្តល់សេវាសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងស្ថាប័ននានាក្នុងការឆ្លើយតបជាមួយនឹង មេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាព។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា រាជរដ្ឋាភិបាលបានកំណត់ទិសដៅក្នុងការលុបបំបាត់មេរោគអេដស៍នៅកម្ពុជា ក្នុងគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ ២០២៥ ហើយនិងគោលដៅសកលលោក ត្រឹមឆ្នាំ ២០៣០។ តាមរយៈរបាយការណ៍ ឆ្នាំ ២០២១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) កម្ពុជា នៅមានអ្នកស្លាប់ដោយសារជំងឺអេដស៍ ប្រមាណ ១ ១០០ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលកំពុងទទួលសេវាព្យាបាល ដោយឱសថប្រឆាំងនឹងជំងឺអេដស៍ ចំនួន ប្រមាណ ៦២ ៥៦១ នាក់ និងអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ១ ១០០ នាក់។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ «តួលេខនេះ យើងសង្កេតឃើញថា មានការកើនឡើង អត្រាឆ្លងនៃមេរោគអេដស៍ជាពិសេសក្នុងក្រុមប្រជាជនគន្លឹះរួមមាន បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទ និងស្ត្រីធ្វើការនៅសេវាកម្សាន្ត»។
បើតាមសេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា បច្ចុប្បន្នស្ថាប័នដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រចម្បងៗ ចំនួន ២ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៖ ទី១ កម្មវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ដោយលើកកម្ពស់ការអប់រំ បង្ការ នៅតាមសហគមន៍ ជាពិសេសជាមួយក្រុមប្រជាជនគន្លឹះ ការលើកកម្ពស់ការប្រើប្រាស់ស្រោមអានាម័យ ឱ្យបាន ១០០ % វិធីលេបថ្នាំ បង្ការមុនពេលប្រឈមនឹងមេរោគអេដស៍ (PrEP) និងការធ្វើតេស្តរកមេរោគអេដស៍។ ទី២ ការព្យាបាល និងកាថែទាំ គឺការព្យាបាលមេរោគអេដស៍ ដោយឱសថ ប្រឆាំងនឹងមេរោគអេដស៍មិនចំណាយថវិកាទេ ហើយសេវាមាននៅទូទាំងប្រទេស។
ទោះជាយ៉ាងណា លោក ជួប សុខចំរើន នាយកអង្គការខាណាថ្លែងថា ជាមួយនឹងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពគឺត្រូវ ការការចូលរួមទាំងអស់គ្នា ជាពិសេសក្រុមប្រជាជនគន្លឹះ ចូលរួមបង្ការមេរោគអេដស៍ ទាំងអស់គ្នាដោយប្រើប្រាស់នូវស្រោមអនាម័យ ឱសថ និងត្រូវក្លាហានទៅទទួលសេវាតេស្តរកមេរោគអេដស៍ ប្រសិនបើពួកគេបានប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងទៅទទួលសេវាព្យាបាល និងថែទាំប្រសិនបើមានផ្ទុកមេរោគអេដស៍។
លោកបន្តថា លើសពីនេះ ទៅទៀតពិតជាត្រូវការចាំបាច់នូវកិច្ចសហការល្អរបស់ម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត ក្នុងការផ្តល់ពេលវេលាដល់ក្រុមការងារក្នុងការធ្វើបទអន្តរាគមន៍ ក៏ដូចជាធ្វើការតេស្តដល់ប្រជាជនគន្លឹះ និងបញ្ជូនពួកគេទៅទទួលសេវាព្យាបាល។ មួយវិញទៀត ការចូលរួមគាំទ្ររបស់អ្នកផ្តល់សេវាសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធពិតជាមានសារៈសំខាន់ ណាស់ក្នុងការបង្កបរិយាកាសគាំទ្រកាន់តែប្រសើរឡើង៕