​ភ្នំពេញៈ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួប លោក ​Stefan Anton Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគីលើការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក អ៊ាង សុផល្លែត ជំនួយការ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា​ លោក​ Stefan បាន​គោរព​សម្ដែង​នូវ​ការរីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​តាម​បំណង​របស់លោក​ ហើយលោក​ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​កម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​បេសកកម្ម​ការទូត​នេះ ឯកឧត្តម ​Stefan​ នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ ជាពិសេស នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​កាន់តែខ្លាំង​ឡើងមក​កាន់​កម្ពុជា​»​។​

លោក អ៊ាង សុផល្លែត ថ្លែងថា ​នៅក្នុងកិច្ចពិភាក្សានោះ លោក​ Stefan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​ការចូលរួម​ដោយផ្ទាល់​របស់លោក ហ៊ុន សែន ចំពោះ​ការជួយ​ស្វែងរក​ដំណោះស្រាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។​

លោក សុផល្លែត ថ្លែងថា លោក ហ៊ុន សែន បាន​ស្វាគមន៍​និង​សម្ដែងនូវ​ការអបអរសាទរ​ចំពោះ​លោក ​Stefan ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា​។

លោកបានថ្លែងថា លោកនាយករដ្ឋមន្ត្រី ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បាន​ជួយ​ដល់​កម្ពុជារាល់ការអភិវឌ្ឍដែល មិនអាច​កាត់ផ្ដាច់​ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់​ទេ ជាពិសេស ថ្មីៗ​នេះ ជំនួយ​របស់​អាល្លឺម៉ង់ បាន​ជួយ​កម្ពុជា​យើង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។

លោក អ៊ាង សុផល្លែត ថ្លែងថា លោក​ហ៊ុន សែន បាន​លើកឡើងថា ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​រឿង​មួយ តែ​ករណី​ដាក់ទណ្ឌកម្ម​ហួសហេតុ​ពេក​ចំពោះ​រុស្ស៊ី​ធ្វើឱ្យមាន​ការប៉ះពាល់​មិន​ត្រឹមតែ​រុស្ស៊ី និង​អឺរ៉ុប​ទេ គឺ​ថែមទាំង​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល​ផង ក្នុងនោះ ក៏​រួមទាំង​កម្ពុជា​ផងដែរ​។ លោក​ថា ចំពោះ​ករណីនេះ គប្បី​ណា​មានការ​ពិនិត្យមើល​ឡើងវិញ​។​

លោក សុផល្លែត ថ្លែងថា ចំពោះ​ករណី​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ លោក ហ៊ុន សែន បញ្ជាក់ថា រាល់​ការប្រឹងប្រែង​ទាំងអស់​របស់​កម្ពុជា​គឺ​ដើម្បី​សេចក្ដីសុខ​សន្តិភាព​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផង សម្រាប់​តំបន់​ផង​និង​ពិភពលោក​ផង​។ លោក ហ៊ុន សែន ថ្លែងទៅកាន់លោក ​Stefan ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ផ្ទាល់ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ដើម្បី​ជំរុញឱ្យមាន​ការឈប់​បាញ់​គ្នា​ ចង់ឱ្យ​មានការ​ជួយផ្ដល់​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រជាជន​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ត្រូវការ និង​ជំរុញឱ្យមាន​កិច្ចពិភាក្សា​គ្នា​ផ្នែក​នយោបាយ តែ​ពុំ​ទទួលបាន​ជោគជ័យ​ ប៉ុន្តែត្រូវតែមាន​ការអត់ធ្មត់​និង​ប្រឹងប្រែង​បន្តទៀត​។​

បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ប្រមាណ ៣០ ឆ្នាំ នេះ​ប្រទេស​អាល្លឺម៉ង់ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ដែល​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ច្រើនជាងគេ​ដល់​កម្ពុជា​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត​។​

គិត​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បានផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​កម្ពុជា​ប្រមាណ ៧២០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ឥណទាន​សម្បទាន ៧០ លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៦៥០ លាន​ដុល្លារ​៕