ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​ទទួលខុស​ត្រូវការ​ងារ​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​និង​វិស័យ​ការងារ​ឯទៀត​ ត្រូវ​ផ្តល់​កិច្ចសហ​ប្រតិបត្តិការ​ដ​ល់ គ.ជ.ប. ​និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ​ដើម្បី​រក្សា​សុវត្ថិភាព ​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​របៀបរៀបរយ ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត ​ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២០ ​ខែតុលា ​រហូតដល់​ថ្ងៃទី ៨ ​ខែធ្នូ ​ឆ្នាំ ២០២២​។​

ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផ្សព្វផ្សាយ​លើ​ផែនការ​ចំនួន​ ៣​ រួមមាន ​ការងារ​សន្ដិសុខ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​ វិធានការ​បង្ការ ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ​និង​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ។ ​

លោក​ឌឹម ​សុណ្ណារុំ ​សមាជិក ​គ.ជ.ប.​ថ្លែងថា ​ដើម្បី​សម្រេចបាន​វត្ថុបំណង​ដ៏​មាន​សារៈសំខាន់​នេះ​ ក្រសួង​មហាផ្ទៃ​ ក្រសួង​ការពារជាតិ ​និង ​គ.ជ.ប.​ បាន​ដាក់ចេញ​ផែនការ​អន្តរ​ស្ថាប័ន​លេខ ​០១០ ផ.ក ​ចុះ​ថ្ងៃទី​ ២៥ ​ខែតុលា ​ឆ្នាំ​ ២០២១ ​ស្តីពី​កិច្ចការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​-ថ្នាក់ក្រោម​ជាតិ​ចាប់ពី​ឆ្នាំ ២០២២ ​ដល់​ឆ្នាំ ២០២៤​។

លោក​បញ្ជាក់ថា ​ក្នុង​ផែនការ​អន្តរ​ស្ថាប័ន​នេះ ​បាន​ឆ្លុះបញ្ចាំង​នូវ​ផែនការ ​ក៏ដូចជា​យន្តការ ​ការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត ​និង​ដំណាក់កាល​សំខាន់ៗ​ឯទៀត​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត។​

លោក​បន្តថា​ មុខសញ្ញា​ដែល​ត្រូវការពារ ​រួមមាន ​សមាជិក ​គ.ជ.ប. ​និង​មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​និង​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត ​នៃ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ ​អន្តរជាតិ ​តំណាង ​ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី ​គ.ជ.ប.​។

ដោយឡែក ​គោលដៅ​ការពារ​ជា​អាទិភាព ​រួមមាន ​ទីស្តីការ​ គ.ជ.ប. ​និង​ទីស្នាក់ការ ​លធ.ខប​។ ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត ​និង​កន្លែង​រក្សាទុក ឬ​ការដឹក​ជញ្ជូន​សម្ភារ ​បរិក្ខារ ​និង​សង្ហារិម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ពី​គោលដៅ​ ១ ​ទៅ​គោលដៅ​ ១ ​ដែល​កំណត់​ដោយ ​គ.ជ.ប​. ឬ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​។​

បើ​តាមលោក ឌឹម​ សុវណ្ណារុំ ​គណៈ​អភិបាល​រាជធានី​-ខេត្ត ​ដែលជា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ដែលមាន​ស្រាប់ ​ត្រូវបាន​កំណត់​ជា​យន្តការ ​និង​រចនាសម្ព័ន្ធ​សន្តិសុខ​បោះឆ្នោត​ថ្នាក់​រាជធានី-​ខេត្ត ​ដើម្បី​ការពារ​ការរៀបចំ​ ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​ ដោយ​បំពេញ​មុខងារ​តាម​ឋានៈ ​តួនាទី ​និង​ការទទួល​ខុសត្រូវ​ក្នុង​សមត្ថកិច្ច​ដែនដី ​នៃ​រាជធានី​-ខេត្ត​រៀងៗ​ខ្លួន​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-​ខេត្ត​ដែល​មាន​ស្នងការ​នគរបាល​រាជធានី-​ខេត្ត ​ធ្វើជា​សេនាធិការ ​ត្រូវ​គ្រប់គ្រង ​ដឹកនាំ ​និង​បញ្ជា​គ្រប់​យន្តការ ​និង​រចនាសម្ព័ន្ធ​ក្រោម​ឱវាទ​រាជធានី-​ខេត្ត ​ដោយ​សហការ​ត្រួត​ពិនិត្យ​លើ​ការងារ​រៀបចំ​ចាត់តាំង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ​តាម​ផែនការ​ដែល​បាន​កំណត់​។​

លោក​ថ្លែងថា​៖ «ក្រៅពី​ផែនការ​អន្តរ​ស្ថាប័ន​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​ គ.ជ.ប. ​ក៏បាន​ស្នើសុំ​បន្ត​កិច្ចសហការ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ​ដើម្បីឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​២០២២​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សន្ដិសុខ​ល្អប្រសើរ ​ធានាបាន​នូវ​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ ​និង​សុវត្ថិភាព​សង្គម ​ចៀស​ផុតពី​ការរំខាន​អុកឡុក ​ការបំភិត​បំភ័យ ​ការគំរាម​កំហែង ​និង​គ្មាន​អំពើហិង្សា​ផ្សេងៗ»។​

លោក​ ទេព ​នីថា​ អគ្គលេខាធិការ គ.ជ.ប. ​ថ្លែងថា ​សម្រាប់​ការការពារ​សន្តិសុខ ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​ក្នុង​អំឡុង​ពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត ​និង​ការបោះឆ្នោត ​ត្រូវបាន​អនុវត្ត​ចាប់ពី​ពេលនេះ ​ដែល​កិច្ចការ​នេះ​ ត្រូវបាន ​គ.ជ.ប.​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការពារជាតិ​។ ដោយឡែក ​សម្រាប់​ការការពារ​សន្តិសុខ ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់​ក្នុង​អំឡុងពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត ​អាស្រ័យ​ទៅលើ​ឃុំ-​សង្កាត់​នីមួយៗ ​រៀបចំ​ ព្រោះ​កម្មវិធី​ពិនិត្យ​បញ្ជី ​និង​ចុះឈ្មោះ​បោះឆ្នោត​នេះ​ ធ្វើឡើង​នៅតាម​ឃុំ-​សង្កាត់​នោះ​។​

លោក​ថា​ មួយវិញ​ទៀត​ ឃុំ-​សង្កាត់​នីមួយៗ ​ក៏មាន​កម្មវិធី​របស់​ខ្លួន​ក្នុងការ​ចុះឈ្មោះ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ-​សង្កាត់​នោះ​។​ដូច្នេះ ​ការពិនិត្យ​ឈ្មោះ ​និង​ការចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ ​គឺ ​គ.ជ.ប​. ប្រើប្រាស់​កម្លាំង​សន្តិសុខ ​នគរបាល ​និង​ប្រជា​ការពារ​ភូមិ​នៅ​ទីនោះ​ ជា​អ្នកការពារ​សុវត្ថិភាព​។ រីឯ​ចំនួន​ទៀតសោត ​ក៏​មិនត្រូវ​បានកំណត់​ដែរ ​អាស្រ័យ​លើ​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​និង​លេខាធិការដ្ឋាន​រាជធានី-​ខេត្ត​រៀបចំ​ការបោះឆ្នោត ​ជា​អ្នក​រៀបចំ​។

​លោក​ថ្លែងថា​៖ «នៅពេល​ដែល​គាត់​ចុះ​ចល័ត​ទៅតាម​ភូមិ ​នឹងមាន​កម្លាំង​ការពារ​ចំនួន​ពី​ ២ ​រូប ទៅ​ ៣ ​ទៅតាម​ផងដែរ ​និង​ទៅតាម​ស្ថានភាព​ផងដែរ​។ ប៉ុន្តែ​ឥឡូវនេះ មាន​បញ្ហា​សម្រាប់​យើង ​គឺ​មាន​ឃុំ-​សង្កាត់​មួយចំនួន ​ត្រូវបាន​ទឹកជំនន់​លិច ​យើង​កំពុង​សិក្សា​ឡើងវិញ ​ឱ្យ​ពិនិត្យមើល​ស្ថានភាព​នៅ​ថ្ងៃទី​ ២០​ ខាងមុខ​ហ្នឹង​ អាចរក​ទីទួល​មាន​សុវត្ថិភាព ​ដើម្បី​ការងារ​នេះ​។ ដូច្នេះ ​ទីតាំង​ដែល​មិនជា​កន្លែង​នៅ​ឃុំ-​សង្កាត់ ​កម្លាំង​ការពារ ​នឹងត្រូវ​បន្ថែម ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង»។​

លោក ​យ៉ូវ ​សេង​គុណ ​នាយក​រដ្ឋបាល ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ធំ ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០​ ខែតុលា​ថា ​កន្លងមក​នេះ​ គជប​ បានស្នើ​មក​រដ្ឋបាល​ខេត្ត ​ដើម្បី​ជួយ​សហការ ​និង​សម្របសម្រួល ​ជាពិសេស​ការពារ​សុវត្ថិភាព ​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​ក្នុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​។ ជាមួយ​គ្នានេះ​រដ្ឋបាល​ខេត្ត​បាន​ឆ្លើយតប ​និង​បានធ្វើ​លិខិត​ណែនាំ​បន្តទៅ​រដ្ឋបាល​ក្រុង-​ស្រុក ​និង​បន្តទៅ​ឃុំ-​សង្កាត់ ​ឱ្យមាន​ការសហការ ​និង​សម្រប​សម្រួល​ជាមួយ​មន្ត្រី​គជប ​និង​ប្រជា​ពល​រដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​។​

លោក​ថ្លែងថា​៖ «នៅ​ក្នុង​គណៈបញ្ជាការ​ខេត្ត ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏​បានឱ្យ​រដ្ឋបាល​ក្រុង-​ស្រុក ​ឱ្យ​យកចិត្ត​ចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​កិច្ចការ​នេះ​ផងដែរ ​ដើម្បី​ធ្វើយ៉ាង​ណា ​ឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ទទួលបាន​ជោគជ័យ​។ មួយវិញ​ទៀត​ សម្រាប់​កម្លាំង​ការពារ ​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ឃុំ-​សង្កាត់ ​និង​ក្រុង-​ស្រុក​នីមួយៗ ​ជា​អ្នក​ចាត់ចែង​ក្នុង​ការការពារ​នេះ»។

បើតាម ​គជប ​តាម​ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២២ ​បញ្ជី​បោះឆ្នោត​ផ្លូវការ ​ឆ្នាំ​ ២០២១ ​(បញ្ជី​បោះឆ្នោត​ចុង​ក្រោយ) ​និង​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ​និង​ការិយាល័យ​បោះឆ្នោត ​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ ​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​នៅតាម​បណ្ដា​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស ​នៅ​ថ្ងៃទី ១០​ ខែតុលា​ ឆ្នាំ​ ២០២២៕