ភ្នំពេញៈ ក្រុមការងារ​ស្រាវជ្រាវ​ជីវចម្រុះ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ស្លាប បាន​កំណត់​អត្តសញ្ញាណ​នូវ​សំឡេង​សត្វ​ស្លាប​មួយចំនួន​នៅ​ទីវាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ ដើម្បី​ចងក្រង​ជា​ឯកសារ​វិទ្យាសាស្ត្រ និង​របាយការណ៍​បច្ចេក​ទេស។

អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប និង​សំឡេង​ដែល​ទទួលបាន​នេះ គឺធ្វើឡើង​នៅតាម​ទីវាល ស្ថិតក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល និង​របៀង​ជីវចម្រុះ។ អង្គការ​នេះ បានឱ្យដឹង​បន្តថា ការវិ​ភា​គ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​នេះ នឹងត្រូវ​ចងក្រង​ជា​ឯកសារ​វិទ្យាសាស្ត្រ និង​របាយ​ការណ៍​បច្ចេក​ទេស ដើម្បី​ផ្សព្វផ្សាយ​ដល់​សា​ធារណ​ជន​ទូទៅ។

អង្គការ​អភិរក្ស​អន្តរជាតិបាន​បញ្ជាក់ថា៖ «ក្រៅពី​នេះ ក្រុមការងារ​បាន​ចងក្រង​ឯកសារ​ការចុះ​អង្កេត​តាមដាន​ជីវចម្រុះ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល និង​របៀង​ជីវចម្រុះ និង​បានធ្វើ​ការពិភាក្សា​ជាមួយ​នាយកដ្ឋាន​ឣ​ភិ​រក្ស​តំបន់ការពារ​ធម្មជាតិ​ដីគោក​ខាងត្បូង​បឹង​ទន្លេសាប​នៃ​ក្រសួងបរិស្ថាន ក្នុងការ​ស្វែងរក​មតិ​យោបល់ ដើម្បី​កែលម្អ​ការងារ​បច្ចេកទេស​ឱ្យ​កាន់​តែមាន​ភាព​ប្រសើរ​ឡើង និង​ការអនុញ្ញាត ព្រមទាំង​កិច្ចសហការ​ក្នុងការ​ដំណើរការ​ការចុះ​អង្កេត​តាមដាន​ជីវ​ចម្រុះ​​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល និង​របៀង​ជីវចម្រុះ»។

កញ្ញា ថោង រ៉េត មន្ត្រី​សម្របសម្រួល​ផ្នែក​ជីវចម្រុះ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ដែល​បាន​ចុះ​សិក្សា​ដោយ​ផ្ទាល់​លើ​ការធ្វើអង្កេត​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១០ តុលា​ថា សត្វ​ស្លាប​ដែល​ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​នេះ គឺមាន​មួយចំនួន​នៅ​មិនទាន់មាន​អត្តសញ្ញាណ​នៅឡើយ​ទេ។

កញ្ញាបានឱ្យ​ដឹង​បន្តថា មកដល់​ពេល​នេះ ក្រុម​អ្នក​ជំនាញ បាន​ប្រទះ​ឃើញ​សត្វ​ស្លាប​ជិត ១០០ ប្រភេទ ខណៈ​សត្វ​មួយ​ចំនួន ត្រូវបាន​ស្គាល់​អត្តសញ្ញាណ និង​មួយ​ចំនួន​ទៀត មិនទាន់​ស្គាល់ដែល​ទាមទារ​ឱ្យមាន​ការធ្វើ​វិភាគ​ច្បាស់​លាស់ ដើម្បី​កំណត់​អត្ត​សញ្ញាណ​សត្វ​ស្លាប​ទាំង​នោះ។

កញ្ញាបាន​បន្តថា៖ «ខ្ញុំ​កំពុងតែធ្វើការ​វិភាគ​ទិន្នន័យ។ មាន​សត្វ​ស្លាប​ចំនួន ៩៧ ប្រភេទ ដែល​យើង​នឹង​យកមក​វិភាគ​ទាំង​សំឡេង និង​មើលឃើញ​ផ្ទាល់។ ប្រភេទ​សត្វ​មួយ​ចំនួន ​ដោយសារ​តែ​ក្រុម​របស់​យើង ​មិនអាច​ធ្វើការ​កំណត់​អត្តស​ញ្ញា​ណ​​​បាន ទើប​ការកំណត់​តាម​សំឡេង ត្រូវ​ធ្វើ​ឡើង​ជាមួយ​អ្នក​ជំនាញ»។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១០ តុលា​ថា ការអង្កេត និង​កំណត់​អត្តស​ញ្ញា​ណ​សត្វ​ស្លាប​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល គឺជា​កិច្ចសហការ​រួមគ្នា​រវាង​អង្គការ​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា និង​ក្រ​សួងបរិស្ថាន។

លោក​បន្ត​ថា ការសិក្សា​នេះ គឺ​ដើម្បីឱ្យ​បានដឹង​ពី​ប្រភេទ​សត្វ​ស្លាប ដែល​កំពុង​រស់នៅក្នុង​តំបន់​នេះ បន្ទាប់​ពី​ធ្លាប់ធ្វើ​អង្កេត​តាំងពី​ឆ្នាំ ២០០០ មក។

លោក​បាន​បញ្ជាក់​ថា៖ «បច្ចុប្បន្ន​តំបន់​នេះ មានការ​អនុវត្ត​គម្រោង​ឥណទាន​កាបូន ដែល​ទាម​ទារ​ឱ្យមាន​ការ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប​ន្ថែ​ម​ទៀត ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​ហ្នឹង ក៏ដូចជា​សិក្សា​ឱ្យបាន​ច្បាស់​លាស់​ថា មាន​ប្រភេទ​សត្វ​អ្វីខ្លះ​រស់នៅក្នុង​តំបន់​ហ្នឹង? តើ​មាន​សត្វ​កម្រ​ឬ​សត្វ​សម្បូរ​យ៉ាងណា​ ដើម្បី​សិក្សា​ពី​លក្ខណៈ​វិទ្យា​សាស្ត្រ»។

កាលពី​ថ្ងៃទី ២៣ សីហា អង្គការ​អភិរក្ស​អន្តរ​ជាតិ បាន​បង្ហាញថា សត្វ​ស្លាប​ដែល​ក្រុមការងារ​បាន​ជួបប្រទះ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល គឺមាន​ជិត ២០ ប្រភេទ ហើយ​ភាគច្រើន​គឺជា​វត្តមាន​សត្វ​ស្លាប​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ។

អង្គការ​អភិរក្ស​អន្តរជាតិ​បានបង្ហាញ​ថា សត្វ​ទាំងនោះ គឺ​រួមមាន​សត្វ​ប៉ោលតោក ប៉ោលតោក​ត្រចៀក​ខៀវ ប៉ោលតោក​ត្រចៀក​បៃតង កេងកង​ធំ កេងកង​តូច សត្វ​ចំពុះ​មាស សត្វ​ចំពុះ​ធំ​កស ចេកទុំ​ក្បាល​ខ្មៅ ចេក​ខៀវ ស្តេច​កូ​លី​ត ចាប​ជៀប​​ក្រហម ឬ​កន្ទោង​ពួច​ក្រហម ត្រដេវ​ព្រៃ ចាប​សួគ៌ា​អាស៊ី ត្រសេះ​ត្នោត ត្រសេះ​ដំរី ល្វាចេក​ព្រៃ និង​សត្វ​ចេក​ខ្ចី​ស្លាប​ខៀវ។

កញ្ញា ថោង រ៉េត រំពឹងថា ការរក​ឃើញ និង​ការ​បង្ហាញ​វត្តមាន​សត្វ​ស្លាប​ដ៏​កម្រ​នៅក្នុង​តំបន់​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​ជំរុញ​ដល់​ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បញ្ឈប់​ការបរិភោគ​សត្វ​ស្លាប និង​ចូលរួម​អភិរក្ស​សត្វ​ស្លាប​ទាំងនេះ​ឱ្យបាន​គង់​វង្ស៕