ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ស្នើ​ប្រធាន​រដ្ឋសភា ​លោក​ ហេង សំរិន ​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​របស់​រដ្ឋ​សភា​ដល់​លោក​ ឌិត ​ទីណា ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ថ្មី ​ដែល​ត្រូវ​ជំនួស​លោក ​វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ដែល​ទើប​​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​។

ក្នុង​លិខិត​ទៅកាន់​លោក​ ហេង សំរិន ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួលបាន​ នា​ថ្ងៃទី​ ១០​ ខែ​តុលា​ លោក ហ៊ុន សែន​ បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​ស្នើ​សម្តេច​ប្រធាន​រដ្ឋសភា ​មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​របស់​រដ្ឋសភា ​លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​ឯកឧត្តម ​ឌិត ​ទីណា ​ជា​រដ្ឋមន្ត្រី​ក្រសួង ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ»។

ការស្នើ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​យោងតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ ព្រមទាំង​ព្រះរាជក្រឹត្យ​ស្តីពី​ការចាត់តាំង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និង​ដោយ​យោងតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

លោក​ ឡេង ប៉េងឡុង ​អគ្គលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​កម្ពុជា ​មិនអាច​ទាក់ទង ​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​ កាលពី​ថ្ងៃទី ១០ ​ខែ​តុលា​។

លោក ​ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា ​លោក​មិន​ទទួលបាន​លិខិត​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ​ ព្រោះ​ការតែងតាំង​នេះ​ គឺជា​ភារកិច្ច​គណៈ​អចិន្រៃ្តយ៍​របស់​រាជរដ្ឋាភិបាល​ ដែល​គណៈ​អចិន្រៃ្តយ៍​នេះ​ មាន​ឧបនាយក​រដ្ឋមន្ត្រី​ដែល​មាន​ភារកិច្ច​ក្នុង​ការធ្វើ​កិច្ចការ​ទាំងអស់​នេះ​។

ទោះ​យ៉ាង​ណា ​លោក​បន្ត​ថា ​ចំពោះ​ការតែងតាំង​លោក ​ឌិត​ ទីណា ​នេះ ​ គឺ​ពិតជា​ស័ក្តិសម​ពីព្រោះ​លោក​មាន​គុណ​វុឌ្ឍិ​ខ្ពស់​ព្រោះ​ លោក​បាន​បញ្ចប់​ការសិក្សា​​មកពី​ក្រៅប្រទេស​ ដែល​ធ្វើឱ្យ​គណៈកម្មការ​ក្នុងការ​តែងតាំង​ពិនិត្យ​លើ​បញ្ហា​ទាំងអស់​នេះ​។ ក្រៅ​ពី​នេះក៏​​ដើម្បី​ដាក់​បញ្ចូល​យុវជន​ដែល​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​សម្រាប់​ជា​ការបន្ត​វេន​ផង​ដែរ។

លោក​បាន​ថ្លែង​ថា​៖ «បន្ទាប់ពី​និយាយ​​ពី​គុណវុឌ្ឍិ ​ក៏​និយាយ​ពី​អ្នក​ដែល​មាន​ចំណេះ​ខ្ពស់​មកពី​ក្រៅ​ប្រទេស​ដែរ​។​ ចំពោះ​រដ្ឋាភិបាល​យើង​កំពុង​ធ្វើការ​អភិវឌ្ឍ​ទៅជា​រដ្ឋាភិបាល​វ័យ​ក្មេង​។ បើ​និយាយ​ពី​ជំនាន់​ខ្ញុំ ​វា​ខ្ទង់​ ៧០ ​ឬ ​៨០ ​អស់​ហើយ ​ដូច្នេះ​ត្រូវ​ដាក់​អ្នក​បន្ត​វេន​ហ្នឹង​ហើយ ​ដែល​ជា​គោល​នយោបាយ​របស់​សម្តេច​តេជោ ​ហ៊ុន សែន»។

លោក​ គិន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​សម្តែង​ក្តី​សង្សឹម​ថា ​រដ្ឋមន្ត្រី​ថ្មី​នេះ ​ពិតជា​ស័ក្តិសម​ហើយ​ ព្រោះ​ក្នុងការ​ផ្លាស់ប្តូរ​សមាជិក​រដ្ឋាភិបាល ​គឺ​មិន​អាច​ផ្លាស់ប្តូរ​អ្នក​ដែល​មិន​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​នោះ​ទេ​ ហើយ​ថា​ តួនាទី​ថ្មី​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ ​នឹងធ្វើ​ឱ្យ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​កាន់តែ​មាន​ការរីក​ចម្រើន។

លោក​ប្រាប់​ថា​៖ «អ្វី​ដែល​ប្រជាពលរដ្ឋ​សង្ឃឹម​ចង់បាន​ខ្លាំង​នោះ ​គឺ​ធ្វើ​ម៉េច​ឱ្យ​កសិករ​មាន​ទីផ្សារ​កសិផល​របស់​គាត់​។ ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​មាន​បច្ចេកទេស​កសិកម្ម ​មាន​ពូជ​ដំណាំ​គ្រប់គ្រាន់ ​មាន​ទឹក​ធ្វើស្រែ​គ្រប់​រដូវ ​គួរតែ​កុំឱ្យ​ស្ថិតក្នុង​ស្ថានភាព​កសិកម្ម​តាម​បែប​យថាផល​យូរអង្វែង​ពេក ​ព្រោះ​ប្រទេស​យើង​ប្រទេស​កសិកម្ម ​វា​គួរតែ​កសិកម្ម​ហ្នឹង​វា​ជឿនលឿន​ឡើង»​។

ព្រះមហាក្សត្រ ​កាលពី​ថ្ងៃទី​ ៨​ ខែ​តុលា ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក​ វេង ​សាខុន ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ លោក ​ហ៊ុន សែន ​ក៏បាន​ចាត់តាំង​លោក ​អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ បន្ថែម​លើ​មុខងារ​ បច្ចុប្បន្ន​ រហូតដល់​មាន​ការតែងតាំង​ជា​ផ្លូវការ​នូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។

ទាក់ទង​នឹង​ការបញ្ចប់​មុខ​តំណែង ​និង​តែងតាំង​សមាជិក​រដ្ឋាភិបាល​នេះ ​ក្នុង​ពិធី​បិទ​សន្និបាត​កាយរឹទ្ធិ​ជាតិ​កម្ពុជា​អាណត្តិ​ទី​៤ ​កាលពីថ្ងៃ​ទី ១០​ ខែ​តុលា ​លោក​ ហ៊ុន សែន ​បាន​ពន្យល់​ថា​ មាត្រា​​ ២១​ ​នៃ​រដ្ឋធម្មនុញ្ញ​ចង្អុល​បង្ហាញ​ថា​ ព្រះមហាក្សត្រ​គឺ​ទ្រង់​នឹង​ឡាយ​ព្រះហស្ត​លេខា​ដើម្បី​បញ្ចប់​មុខតំណែង ​ឬ​តែងតាំង​សម្រាប់​អង្គនីតិប្រតិបត្តិ​តាម​សំណើ​គណៈរដ្ឋមន្ត្រី ​និង​សម្រាប់​អង្គ​តុលាការ​តាមរយៈ​សំណើ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ប៉ុន្តែ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី ​ចង្អុល​ត្រង់​តែម្តង​ គឺ​នាយករដ្ឋមន្ត្រី​លើកសំណើ​ថ្វាយ​ព្រះមហាក្សត្រ ​ដើម្បី​បញ្ចប់​មុខតំណែង​សមាជិក​រដ្ឋាភិបាល​។

ឆ្លើយតប​ទៅនឹង​អ្នក​រិះគន់ លោក​បាន​បញ្ជាក់​ថា​៖ «នៅ​ពេល​ដែល​យើង​ធ្វើ​សកម្មភាព​មួយ​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ ​ត្រូវ​តាម​ច្បាប់ ​វា​ថា​យើង​រំលោភ​លើ​មាត្រា​ ១១៩ ​នៃ​រដ្ឋធម្មនុញ្ញ​។ មាត្រា​ ១១៩ ​និយាយ​ពី​ការតែងតាំង​រដ្ឋាភិបាល​ទេ​ណា ​អត់​មាន​និយាយ​រឿង​ដក​ទេ​ណា ​សូម​បញ្ជាក់​។ មើល​ឱ្យ​ច្បាស់»៕