ភ្នំពេញៈ រយៈពេល​ ៩ ​ថ្ងៃ​ នៃ​​ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន មាន​យានយន្ត​ជាង​ ១០ ​ម៉ឺន​គ្រឿង​បាន​​ធ្វើដំណើរ​ឆ្លងកាត់ ដែល​មន្ត្រី​អះអាង​ថា សកម្មភាព​បើកបរ​​លើ​ផ្លូវ​ ១​ ខ្សែ​នេះ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ ដែល​នាំឱ្យ​ខេត្ត​ព្រះសីហនុ​មាន​កំណើន​ភ្ញៀវទេសចរ​ដល់​ជាង​ ១០ ​ម៉ឺន​នាក់ នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

កាលពី​ថ្ងៃទី​ ៩ ខែតុលា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មកលេង​កម្សាន្ត ក្នុង​ក្រុង​ព្រះសីហនុ​នៅ​ចុង​សប្ដាហ៍ (​សៅរ៍​-​អាទិត្យ​) មាន​ប្រមាណ​ ១១០ ០០០​ នាក់​។

កំណើន​ភ្ញៀវទេសចរ​នេះ ក្រោយ​មាន​ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ចាប់ពី​ថ្ងៃទី​ ១ តុលា​មក ដោយ​មិន​មាន​ការបង់ប្រាក់ ខណៈ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ការរៀបចំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ ដែល​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ឡុង ឌីម៉ង់ អភិបាល​​រង​ខេត្ត​ព្រះសីហនុ​។

លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ តុលា​ថា​៖ «​មាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង ជាពិសេស​ម្នាក់ៗ​មាន​និន្នាការ​ចង់​ស្គាល់​ ឬ​ចង់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ ដែល​ធ្វើឱ្យ​ពួកគាត់​បន្ត​ដំណើរ​ហួស​មក​ដល់​ខេត្ត​ព្រះសីហនុ​។ ឃើញ​ថា ពលរដ្ឋ​មាន​ការ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ដំណើរ​តាមផ្លូវ​នេះ ទេសភាព​ក៏​ស្រស់ស្អាត សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ក៏ល្អ​ទៀត ធ្វើឱ្យ​ការធ្វើ​ដំណើរ​មក​ខេត្ត​ព្រះសីហនុ​កាន់តែ​លឿន​»​។

លោក ​ឡុង ឌីម៉ង់ បាន​អះអាង​ថា កំណើន​ភ្ញៀវទេសចរ​កើន​ដល់​ជាង​ ១០​ ម៉ឺន​នាក់​បែបនេះ​គឺ​មិន​ធ្លាប់​មាន​នោះទេ​ សម្រាប់​ថ្ងៃ​ធម្មតា ព្រោះ​កន្លង​មក​កំណើន​ភ្ញៀវទេសចរ​កើន​បែបនេះ គឺ​​មាន​សម្រាប់​តែ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យជាតិ​ធំៗ​តែប៉ុណ្ណោះ​។ បន្ថែម​ពី​កំណើន​ភ្ញៀវទេសចរ​នេះ លោក​និយាយ​ថា រដ្ឋបាលខេត្ត​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​មន្ទីរ​ស្ថាប័ន​ទាំងអស់​ឱ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​​ការការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ផ្លូវ​ល្បឿន​លឿន​ដែល​ទើប​បើក​ឱ្យ​ដំណើរការ​សាកល្បង​។ រូបថត ក្រសួង​សាធារណការ

លោក​បាន​បញ្ជាក់​ថា​៖ «​និន្នាការ​ខុស​គ្នា​នេះ គឺ​ខុសគ្នា​ដាច់​តែម្តង ព្រោះ​កន្លងមក​យើង​​ទទួល​ភ្ញៀវ​ចាប់ពី​ ១០​ ម៉ឺន​នាក់​ឡើងទៅ ច្រើន​តែ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ​ធំៗ​។ ដោយឡែក​ថ្ងៃ​ចុង​សប្តាហ៍​ធម្មតា​បែប​នេះ មិន​ដែល​មាន​កំណើន​បែប​ហ្នឹង​ទេ​។ នេះ​គឺជា​និន្នាការ​មួយ​ថ្មី​ បន្ទាប់ពី​ផ្លូវ​ល្បឿន​លឿន​យើង​បានដាក់​ដំណើរការ​ជា​សាធារណៈ ទោះ​ជា​ក្នុង​ពេល​បណ្តោះអាសន្ន​មិន​យក​កម្រៃ តែ​ឃើញ​ពលរដ្ឋ​យើង​សប្បាយ​រីករាយ​»​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​បើក​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែតុលា ដោយ​អ្នក​ដំណើរ​អាច​ចំណាយពេល​ប្រមាណ​ ២ ​ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដែល​ខុស​ពី​កន្លងមក​ត្រូវ​ចំណាយពេល​ពី​ ៥ ទៅ​ ៦ ​ម៉ោង​តាម​ផ្លូវជាតិ​លេខ​ ៤​។

លោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១០ តុលា​ថា គិត​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី​ ៩ តុលា មាន​យានយន្ត​ជាង​ ១០ ​ម៉ឺន​គ្រឿង​បាន​ចូល​ប្រើប្រាស់​លើផ្លូវ​ល្បឿន​-​លឿន​ដោយ​ក្នុង​ ១ ​ថ្ងៃៗ​មាន​កំណើន​ចាប់ពី ​៩ ០០០​ គ្រឿង ​ដល់​ជាង​ ១៦ ០០០ ​គ្រឿង​។

លោក​ថា ការប្រើប្រាស់​ផ្លូវ​ល្បឿន-លឿន​នេះ​គឺ​បន្ត​មាន​កំណើន​ទៅមុខ​ជាមួយ​នឹង​ការចង់​សាកល្បង រួមទាំង​ការចង់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​​បញ្ហា​វិញ​កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ វា​មាន​ការ​កកស្ទះ​បន្តិច​នៅ​ដើមផ្លូវ​ច្រកចូល​របស់​យើង​ទាំង​ខាង​ភ្នំពេញ ដោយសារ​តែ​បងប្អូន​យើង​សម្រុក​ទៅលេង​ខេត្ត​ព្រះសីហនុ ស្រប​ពេល​ច្រកចូល​របស់​យើង​បើក​តែ​ចំនួន​ ២ ​ប៉ុណ្ណោះ ក្នុង​ចំណោម​ច្រកចូល​ចំនួន ​៧ ទៅ​ ៨​ ច្រក​។ ការបើក​ច្រកចូល​តែ​ ២ ទៅ​ ៣ ច្រក​នេះ ដោយសារ​តែ​យើង​ស្ថិត​ក្នុង​ពេល​សាកល្បង ហើយ​បុគ្គលិក​យើង​បាន​ធ្វើការ​ណែនាំ​ពី​សុវត្ថិភាព​ផ្សេងៗ ដែល​ត្រូវ​ចំណាយ​ពេលវេលា​បន្តិច​»​។

ក្រៅពី​ការ​ចង្អៀត​ណែន​តាម​ច្រកចូល​នៅ​ថ្ងៃ​ចុង​សប្តាហ៍ លោក ហ៊ាង សុធាយុត្តិ បានឱ្យ​ដឹងថា បាតុភាព​មិន​ប្រក្រតី និង​បញ្ហា​កត្តា​យានយន្ត​អ្នក​ធ្វើ​ដំណើរ​នៅតែ​បន្ត​កើត​មាន​ក្នុង​ករណី​តិចតួច​ប៉ុណ្ណោះ ដែល​បញ្ហា​ទាំងនេះ ក្រុម​ការងារ​បាន​ចូលរួម​ដោះស្រាយ​បាន​យ៉ាង​ល្អ​។

លោក​បាន​បន្ថែម​ថា​៖ «​បញ្ហា​ផ្សេងៗ​គឺ​សង្កេត​ឃើញ​នៅតែ​មាន​តិចតួច​ដូចជា បញ្ហា​ការ​ដែល​មាន​សត្វពាហនៈ​ចេញ-​ចូល ហើយ​យើង​ខិតខំ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំឱ្យ​លែង​សត្វពាហនៈ​មក ឬក៏​មិនឱ្យ​មាន​ការ​កាត់​របង​ផ្សេងៗ​ក្តី​។ ការអប់រំ​នេះ យើង​ត្រូវការ​ពេលវេលា និង​មាន​ការ​យោគយល់​ក្នុង​ឥរិយាបថ​ទន់ភ្លន់​ផងដែរ​ក្នុង​នាម​អាជ្ញាធរ​»៕