ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) សម្រេច​បន្ត​កិច្ច​សហការ​ចុះ MOU លើ «​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២៣-២០២៧» ខណៈ​គម្រោង​នេះ​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ។

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅថ្ងៃ​ទី ១០ ខែ​តុលា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម និង​អង្គការ អន្តរជាតិ​ខាង​ការងារ រួមទាំង​សមាគម​រោងចក្រ​កាត់ដេរ​​នៅ​កម្ពុជា​ (GMAC​) ។

រដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ថ្លែង​ថា គម្រោង​នេះ​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ​២០០១ មក​ដល់​ឥឡូវ​នេះ​មាន​រយៈពេល ២១ ឆ្នាំ ដោយ​ផ្តើមពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ដែល​ពេល​នោះ​បាន​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​លក្ខខណ្ឌ​ការងារ​ដើម្បី​នាំ​ចេញ​ផលិតផល​កាត់ដេរ​ស្បែកជើង​ ទៅ​អាមេរិក។

លោក​បន្ត​ថា ក្នុង​រយៈពេល​ ២០ ឆ្នាំ​កន្លង​មក អាច​និយាយ​បាន​ថា គម្រោង​នេះ​ គឺបាន​នាំ​មក​នូវ​ជោគជ័យ​ជាច្រើន រួម​ចំណែក​ក្នុង​ភាព​ជោគជ័យ​ជាច្រើន ក្នុង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ពិសេស​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង និង​បន្ថែម​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ ។

លោក​ថា៖ «គម្រោង​នេះ​ធ្វើឱ្យ​​តម្លៃ​​​នៃ​ការ​នាំចេញ ក៏​ដូចជា​ចំនួន​​រោងចក្រ​សហគ្រាស​ចំនួន​កម្មករ មាន​ការ​កើន​ឡើង ដោយ​ចាប់ផ្តើម​​ចាប់ពី​តិចតួច។ យើង​ដឹង​ហើយ​កាល​ពី​ឆ្នាំ ២០០០ ចំនួន​រោងចក្រ​មាន​​តិច ​មាន​ប្រហែល​ពី ១០០ ​ទៅ​ ២០០ រោងចក្រ ​ចំនួន​កម្មករ​មាន​ពី ១០​ ទៅ​ ២០ ​ម៉ឺន​នាក់​ ប៉ុន្តែ​ឥឡូវ​នេះ​រោងចក្រ​មាន​ដល់​រាប់​ពាន់ ចំណែក​ចំនួន​កម្មករ​ឡើង​ដល់​ជិត ១ លាន​នាក់​ហើយ​តម្លៃ​នៃ​ការ​នាំចេញ​មាន​រហូតដល់ ១៧ ​ពាន់​លាន​ដុល្លារ​»។

លោក​បន្ថែម​ថា​ ការ​សហការ​នេះ បាន​បង្ហាញ​ពី​គោលនយោបាយ​ក៏​ដូចជា​ឆន្ទៈ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ សេរីភាព និង​វិស័យ​ការងារ​ ស្រប​ទៅតាម​ច្បាប់​ស្តីពី​ការងារ​ ក៏​ដូចជា​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ណ្ណ និង​បង្ហាញ​សារ​ដល់​អ្នក​ប្រើប្រាស់​ទំនិញ ​ក៏​ដូចជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​កម្ពុជា​ថា ប្រភព​ទំនិញ​នៅ​កម្ពុជា​មាន​ការគោរព​សិទ្ធិ​សេរីភាព​របស់​កម្មករ​ ស្អាតស្អំ ដែល​ពេញនិយម​ក្នុង​ទីផ្សារ។

លោក​ថា៖​ «ឆ្នាំ ២០២២ រយៈពេល ៩ ខែ​ដូច​គ្នា បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​ ​២០២១​ មាន​កំណើន​ជាង ២៤ ភាគរយ។ អ៊ីចឹង​មាន​ន័យ​ថា សម្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​​ធ្វើដំណើរ​ពិតជា​លឿន​ណាស់​ដោយសារ​យើង​មាន​ការគាំទ្រ​ និង​កិច្ច​សហការ​ជាមួយ“ គម្រោ​ង​រោងចក្រ​​កាន់តែ​​ប្រសើរ​នៅ​​កម្ពុជា​”​។

លោក បាន​ឱ្យដឹង​ថា គម្រោង​នេះ មាន​កម្មវិធី​ច្រើន តាមរយៈ​ការចុះ​ធ្វើ​អធិការ​កិច្ចការ​បណ្តុះបណ្តាល​ទាំង​ច្បាប់ ​បទដ្ឋាន​អន្តរជាតិ​ ការ​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​និយោជក និង​កម្មករ​និយោជិត និង​តំណាង​អង្គការ​ កម្មករ​និយោជិត​នៅ​តាម​សហគ្រាស​​គ្រឹះស្ថាន​ឱ្យ​យល់ពី​សារៈ​សំខាន់​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​លោក គង់ សាង មាន​ប្រសាសន៍​ថា ការ​ចុះ MOU នេះ​ជា​វឌ្ឍនភាព​ជា​ប្រវត្តិសាស្រ្ត​​មួយ ស្តីពី​សមិទ្ធផល និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ លើ​ការ​កែលម្អ​ លក្ខខណ្ឌ ការងារ ជា​បន្ត​បន្ទាប់​សម្រាប់​កម្មករ​និយោជិត​នៅក្នុង​​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែកជើង ​ផលិតផល​ធ្វើដំណើរ និង​កាបូប​នៅ​កម្ពុជា។ លោក​ថា៖​ « រយៈពេល​ជាង ២០ ​ឆ្នាំ​មក​នេះ យើង​បាន​ទទួល​​យក​កម្មវិធី​ពិសេស​របស់​អង្គការ​អន្តរជាតិ​​ខាង​ការងារ​នេះ​​ គឺ​ចក្ខុវិស័យ​ច្បាស់លាស់​ថា ការ​កែលម្អ​​លក្ខខណ្ឌ​ការងារ ជា​បន្តបន្ទាប់​គឺជា​ការងារ​សំខាន់​មួយ នៅ​ក្នុង​ចំណោម​ការងារ​សំខាន់​ផ្សេងៗ​ទៀត ដែល​មាន​ភាព​ជោគជ័យ»​។

លោក​គូស​បញ្ជាក់​ថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​មោទនភាព ដែល​បាន​ក្លាយ​ជា​ស​មាគម​ទី​១ ​ក្នុង​ពិភពលោក​ដែល​បាន​ទទួល​យក​កម្មវិធី​ពិសេស​របស់​ ILO ឱ្យ​មក​តាមដាន​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​លើ​រោងចក្រ និង​ធ្វើ​ការរាយការណ៍​ប្រកប​ដោយ​តម្លាភាព អំពី​លទ្ធផល។​ លោក​ថា៖ «ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​កម្មវិធី​នេះ គឺនៅ​តែ​រឹងមាំ ហេតុ​ដូច្នេះ​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​បន្ត​ចុះ ​MoU នេះ ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​នេះ​សម្រាប់​រយៈពេល ៥ ឆ្នាំ​បន្ត​ទៅ​មុខ​ទៀ​ត»។

លោក​ Graeme​ Buckley​ នាយក​ការិយាល័យ​អង្គការ​ពលកម្ម​អន្ដរជាតិ​ខាង​ការងារ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ មាន​ប្រសាសន៍​ថា ការចុះ​ MoU ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នេះ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ការងារ​​សមរម្យ​សម្រាប់​កម្មករ​រាប់ម៉ឺន​នាក់​ ជាពិសេស​ស្ត្រី​ ហើ​យ​ក៏​ជួយ​កម្មករ​និយោជិត​ ក្នុង​ការអភិវឌ្ឍ​ជំនាញ​ថ្មីៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់​ចំណេញ​កាន់តែ​​ច្រើន​ជាង​មុន។

លោក​បញ្ជាក់​ថា៖ «​គ្រប់​ស្ថាប័ន​ទាំងអស់​មាន​គោលដៅ​ និង​ចក្ខុវិស័យ​ដូចគ្នា លើ​ការ​ពង្រឹង​វិស័យ​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ឧស្សាហកម្ម​កាបូប និង​កែលម្អ​លក្ខខណ្ឌ​ការងារ​ឱ្យ កាន់តែ​ប្រសើរ​ឡើង»។

ជាមួយ​គ្នា​នេះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ ថ្លែង​ថា​៖ «តាម​ការអនុវត្ត​គោល​នយោបាយ​​នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​បទដ្ឋាន​ការងារ បាន​ប្រែក្លាយ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទៅ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយ​ចំនួន​យក​ទៅ​អនុវត្ត​ និង​រៀនសូត្រ​បន្ថែម និង​បាន​បង្កើន​ការទុកចិត្ត​ពី​បរទេស​ក្នុងការ​បញ្ជា​ទិញ​ផលិតផល​សំខាន់ៗ​ពី​កម្ពុជា​នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់»​​។

បើតាម លោក អ៊ិត សំហេង ការចុះ MoU នេះ​ត្រូវបាន​ធ្វើ​ឡើង​ជា​លើក​ទី​ ៨ ហើយ ហើយ​លើក​នេះ​មាន​ការកែ​ទម្រង់​ខុស​ពី​លើក​មុនៗ​បន្តិច ​ដោយសារ​មាន​ការ​បន្ថែម​ពេលវេលា ពោល​គឺ​ពីមុន​ចុះ MoU ធ្វើឡើង​រយៈពេល ៣ ​ឆ្នាំ​ម្តង ​ប៉ុន្តែ​លើក​នេះ ធ្វើ​ឡើង​រយៈពេល ៥ ឆ្នាំ៕