ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រាជរដ្ឋាភិ​បាល​បាន​ផលិត​នាឡិ​កា​ចំនួន​ ២៥​ គ្រឿង ​សម្រាប់​ចែក​ជា​កាដូ​ជូន​ដល់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ដៃ​គូ​អាស៊ាន​ដែល​នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​នៅ​រាជ​ធានី​ភ្នំពេញ ​ហើយ​កម្ពុជា​ក៏បាន​អញ្ជើញ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​ច្រើន​មក​ពី​ប្រទេស​នានា​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​ផងដែរ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​ថ្ងៃទី​ ១១ ​ខែតុលា​ លោក​ថ្លែង​ថា ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះ​ត្រូវបាន​លើក​ពេល​ដោយ​សារ​ការរៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ចាំ​បាច់​ត្រូវតែ​មាន​វិធាន​ការ​ការពារ​ថ្នាក់​ដឹក​នាំ​កំពូល​ដែល​មកពី​ប្រទេស​នានា​ដែល​ឆ្នាំនេះ ​កម្ពុជា​បាន​អញ្ជើញ​ជាច្រើន​នាក់​។​

​លោក ​ហ៊ុន សែន ថ្លែង​ថា​៖ «​យើង​ផលិត​នាឡិ​ការហូត​ទៅ​ដល់ ២៥ ​គ្រឿង សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល​ និង​ស្ថាប័ន​កំពូល​ផង​ដែរ​។ ដាក់​ [​ម៉ាក​] អាស៊ាន​តែ​ម្តង ប៉ុន្តែ Made in Cambodia (​ផលិត​នៅ​កម្ពុជា​) ឱ្យ​គេ​ដឹង​ថា ខ្មែរ​បច្ចុប្បន្ន​នេះ​អាច​ផលិត​បាន​នាឡិកា ​ហើយ​ខ្ញុំ​នឹង​ចែកជា​កាដូ​ជូន​ចំពោះ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិ​បាល ហើយ​ថ្ងៃនោះ​ខ្ញុំ​នឹង​ពាក់​នាឡិ​កា​ម៉ាក​អា​ស៊ាន​តែម្តង​»​។​

​លោក​បន្ថែម​ថា​៖ «​យើង​មាន​អាស៊ាន​តែ​ ១០ ​ទេ ប៉ុន្តែ​យើង​អ​ញ្ជើញ​ដៃគូ​ច្រើន​។ ដៃគូ​ក្រៅពី​រដ្ឋ​ដោយ​សារ​យើង​ធ្វើ​ Global Dialogue (​កិច្ច​សន្ទនា​សកល​លើក​ទី​២)​។ យើង​បាន​អ​ញ្ជើញ​តាំងពី​ប្រធាន​ធនាគារ​ពិភព​លោក អគ្គនា​យក ​IMF ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) អគ្គ​នាយ​ក​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ អគ្គនា​យក​អង្គការ​សុខភាព​ពិភព​លោក ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ប្រធាន​អង្គការ​សហ​ប្រតិ​បត្តិកា​រ​សៀង​ហៃ និងប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​មក​ចូលរួម​វេទិកា​ទាក់​ទិន​ជា​មួយ​នឹង​កិច្ច​សន្ទនា​សកល​លើក​ទី​២»​។

​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថាកិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​គឺ​ត្រូវមាន​ព្រឹត្តិ​ការណ៍​អម​យ៉ាង​ច្រើនដែល​ធ្វើឱ្យ​រដ្ឋាភិ​បាល​មមា​ញឹក​ណាស់​ក្នុង​ការរៀប​ចំ​។ លោក​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ធានា​ឱ្យបាន​នូវ​សន្តិ​សុខ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ ​ដែល​មាន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិ​បាល និង​មេដឹក​នាំ​នៃ​ស្ថា​ប័ន​អន្ត​រជាតិ​ធំៗ​ជាច្រើន​ដែល​នឹង​មក​ចូលរួម​។​

​លោក​ប្រកាស​ថា ​រដ្ឋាភិ​បាល​នឹង​យក​សណ្ឋា​គារ​សុខា​ភ្នំពេញ​ដែល​មាន​ ៧០០​ បន្ទប់​ សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ ដោយ​គណៈ​ប្រតិភូ​មួយ​ចំនួន​នឹង​ស្នាក់នៅ​សណ្ឋា​គារ​នេះ​ផង​ដែរ​ ហើយ​លោក​ក៏​នឹងត្រូវ​ស្នាក់​នៅ​សណ្ឋា​គារ​នេះ​ផង​ដែរ​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នេះ​។​

​លោក​ថ្លែងថា​៖ «​ព្រោះ​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ក្រុង ត្រូវ​បិទ​ចុះ​បិទ​ឡើង [​ចរាច​រណ៍​]​។ អ៊ីចឹង​ទេ ពេល​ហ្នឹង​ខ្ញុំ​សុំ​ប្រពន្ធ​ខ្ញុំ​មក​ដេក ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​ក៏ត្រូវ​តែ​មកជា​មួយ​ដែរ ​ព្រោះ​ក្រែងលោ​ភរិយា​របស់​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបា​ល​នៃ​ប្រទេស​ដ​ទៃ​មក គាត់​ត្រូវតែមាន​វត្តមាន​ដែរ​។ អ៊ីចឹង​ទេ បានមក​សម្រាក​អូ​តែ​ល​នៅ​កន្លែង​ហ្នឹង​ម្តង​។ លើក​មុន​មក​សម្រាក​ម្តង​ហើយ ដូច​ជា​ ប្រជុំ World Economic Forum (​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​) ធ្វើ​នៅ​ហ្នឹង​»​។​

​កម្ពុជា​មិន​អញ្ជើញ​មេដឹក​នាំ​យោធា​មី​យ៉ាន់​ម៉ា លោក​ មីន ​អ៊ុង​ឡាំង ​(Min Aung Hlaing) មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង ​៤១ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​៨-១៣ ​ខែវិច្ឆិកា នោះទេ​ តែ​កម្ពុជា​នៅ​រក្សា​ជំហរ​អញ្ជើញ​តំណាង​មិន​នយោ​បាយ​របស់​ប្រទេស​នេះ​មក​ចូលរួម​ជំនួស​វិញ​ ខណៈ​ប្រទេស​នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា​ មាន​ការវិវឌ្ឍ​តិច​តួច​ក្នុងការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ជា​ឯកច្ឆន្ទ (​កុង​សង់​ស៊ីស​) ៥ ​ចំណុច​របស់​មេដឹក​នាំ​អាស៊ាន​៕