
សិស្សដើរនៅក្នុងសាលាបឋមសិក្សាព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ បច្ចុប្បន្ន គ្រឹះស្ថានសិក្សាឯកជនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមទីប្រជុំជន។ និន្នាការនៃការកើនឡើងគ្រឹះស្ថានសិក្សាឯកជននេះ បានជំរុញឱ្យវិស័យអប់រំនៅកម្ពុជាមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធារ អាចបញ្ជូនកូនៗទៅសិក្សានៅសាលាឯកជន ជាពិសេសសាលាអន្តរជាតិឯកជន។ ទន្ទឹមនឹងការកើនឡើងនេះ មានមតិសាធារណៈមួយចំនួន បង្ហាញការព្រួយបារម្ភអំពីគម្លាតស្ដង់ដានៃកម្រិតអប់រំរវាងវិស័យទាំង ២។
អ្នកគ្រូ មី បូរី ជាគ្រូបង្រៀនឯកទេស ប្រវត្តិវិទ្យា និងភូមិវិទ្យា នៅអនុវិទ្យាល័យត្រពាំងរកា ស្រុកពញាឮ ខេត្តកណ្ដាល បានថ្លែងថា៖ «សិស្សដែលមានជីវភាពល្អប្រសើរ ជាទូទៅគេទៅរៀននៅសាលាឯកជន រីឯសិស្សដែលមានជីវភាពក្រ ឬមធ្យម គេទៅរៀននៅសាលារដ្ឋ។ អ៊ីចឹងហើយ ខ្ញុំគិតថា កម្រិតអប់រំនៅសាលារដ្ឋ និងសាលាឯកជនគឺពិតជាមានគម្លាតគ្នាខ្លាំងមែន។ ជាក់ស្ដែងយើងឃើញថា សាលាឯកជនមានបំពាក់សម្ភារបច្ចេកទេសទំនើបៗ មានរចនាសម្ព័ន្ធ វិន័យ និងស្តង់ដាល្អជាង (សាលារដ្ឋ) ឧទាហរណ៍ដូចជាការកំណត់ចំនួនសិស្សជាក់លាក់ ដើម្បីឱ្យសមស្របទៅនឹងទំហំថ្នាក់ និងចំនួនគ្រូបង្រៀន»។
អ្នកគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យរូបនេះបានបន្តថា៖ «ចំណែកឯសាលារដ្ឋវិញ សាលាខ្លះគឺមានតែសាលាទេ ប៉ុន្តែអត់មានគ្រូបង្រៀន ហើយសាលាខ្លះ គ្រូម្នាក់ត្រូវបង្រៀន ៤ ទៅ ៥ មុខវិជ្ជា ហើយមិនត្រូវនឹងឯកទេសរបស់ខ្លួន។ នៅសាលាខ្ញុំបង្រៀនវិញ ថ្នាក់ខ្លះមានចំនួនសិស្សរហូតដល់ទៅ ៦២ នាក់។ អ៊ីចឹង សំណួរសួរថា ពេលគ្រូកំពុងបង្រៀនទៅកាន់សិស្ស តើពួកគាត់អាចយល់បានកម្រិតណា? ដូច្នេះការបង្រៀនគឺពិបាក ដោយសារសិស្សច្រើនមានភាពរញ៉េរញ៉ៃ»។
អ្នកគ្រូក៏បានថ្លែងបញ្ជាក់បន្ថែមថា៖ «ដើម្បីកាត់បន្ថយគម្លាតនេះបានគឺត្រូវមានការកែប្រែពីថ្នាក់លើតែម្ដង ពាក់ព័ន្ធនឹងការប្រឡងប្រជែងក្នុងវិស័យអប់រំ ព្រោះគ្រូនីមួយៗ មុននឹងអាចចេញបង្រៀនបាន លុះត្រាតែត្រូវឆ្លងកាត់ការប្រឡង។ ដូច្នេះ ទី១ គឺការលុបបំបាត់អំពើពុករលួយ ហើយធ្វើការប្រឡងដោយយុត្តិធម៌ និងសមភាព នោះទើបវិស័យអប់រំមានការរីកចម្រើនបាន ព្រោះនៅពេលដែលពួកគាត់ប្រឡងជាប់ដោយយុត្តិធម៌ មានន័យថា ពួកគាត់ស្រឡាញ់វិស័យគ្រូបង្រៀនហើយ អ៊ីចឹងនៅពេលដែលគាត់បង្រៀន គឺគាត់បង្រៀនដោយមានមនសិការជាងគ្រូបង្រៀនដែលជាប់ដោយសារអំពើពុករលួយ ឬក៏សូកប៉ាន់លុយជាដើម»។
គួរកត់សម្គាល់ថា គម្លាតរវាងគ្រឹះស្ថានឯកជន និងសាធារណៈគឺជាបញ្ហាមួយក្នុងវិស័យអប់រំ ដែលភាគីពាក់ព័ន្ធគួរដាក់ចេញនូវយន្តការអន្តរាគមន៍ តាមរយៈការពង្រឹងលទ្ធភាព និងសមត្ថភាពគ្រឹះស្ថានសាធារណៈឱ្យបានកាន់តែប្រសើរឡើងជាងមុន ដើម្បីប្រកួតប្រជែងជាមួយគ្រឹះស្ថានឯកជន។
លោកស្រី ព្រំ កល្យាណ សាស្ដ្រាចារ្យនីតិសាស្ដ្របានថ្លែងថា៖ «គម្លាតរវាងគ្រឹះស្ថានឯកជន និងសាធារណៈ មានកំណើនកើនឡើងជាប្រចាំពី ១ ឆ្នាំទៅ ១ ឆ្នាំ ធ្វើឱ្យតំបន់ជាច្រើន ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ទីជនបទប្រឈមនឹងកង្វះសាលារៀន ទីកន្លែងខ្លះគ្រូបង្រៀនជាគ្រូជាប់កិច្ចសន្យា ប្រើប្រាស់ថ្នាក់បង្រៀនគួរ (បង្រៀនក្រៅម៉ោង) ការបង្រៀន ២ ថ្នាក់ ឬគ្រូបង្រៀន ២ ពេល ឬ៣ពេលក៏មាន។ ម្យ៉ាងទៀត ថវិកាជាតិនៅមានកម្រិត ម្ល៉ោះហើយរាជរដ្ឋាភិបាលបានធ្វើឯកជនភាវូបនីយកម្មលើវិស័យអប់រំ។ ដូច្នេះវិស័យឯកជន គឺឈានមុខទាំងផ្នែកជំនាញទន់ និងជំនាញរឹង ហេដ្ឋារចនាសម្ព័ន្ធ មនោគមន៍វិជ្ជា និងផ្នែកផ្សេងៗទៀត»។
សាស្ត្រាចារ្យរូបនេះបានបន្តថា៖ «បញ្ហាខាងលើអាចជះឥទ្ធិពលមិនល្អដល់វិស័យអប់រំនៅកម្ពុជានៅថ្ងៃអនាគត ប្រសិនបើការរីករាលដាលនៃជំងឺកូវីដបន្ដអូសបន្លាយរយៈពេលវែង នោះផ្នែកអប់រំក៏ដើរយឺត ជាពិសេសការអប់រំកុមារតូចៗ ឪពុកម្ដាយព្រួយបារម្ភកូនៗតូចៗ មិនអាចមករៀនបានទេ»។ បន្ថែមលើសពីនេះ លោកស្រីសាស្ត្រាចារ្យក៏បានរំលេចអំពីដំណោះស្រាយផងដែរថា គ្រឹះស្ថានអប់រំគួរផ្ដោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់សាលារៀន ការបង្រៀនរបស់លោកគ្រូអ្នកគ្រូនិងការអនុវត្ដកម្មវិធីសិក្សាបានពេញលេញ និងដិតដល់ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការងារអធិការកិច្ច និងចុងក្រោយគឺការរៀបចំផែនការអភិវឌ្ឍន៍សាលារៀន៕