ភ្នំពេញៈ លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២ ​នៅតាម​បណ្តា​សាលាឃុំ​-សង្កាត់ ​ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​-សង្កាត់ ​ទូទាំង​ប្រទេស ​ឬ​តាមរយៈ​គេហទំព័រ ​និង​កម្មវិធី​ទូរស័ព្ទដៃ​ របស់ ​គ.ជ.ប.​ចាប់ពី​ថ្ងៃទី​ ២០ ​ខែតុលា ​ដល់​ថ្ងៃទី​ ៨ ​ខែធ្នូ ​ឆ្នាំ ២០២២​។​

​តាមរយៈ​វីដេអូ​ពន្យល់​លើ​បណ្ដាញ​យូធូប​ផ្លូវការ ​របស់ ​គ.ជ.ប​. លោក​ ប្រាជ្ញ ចន្ទ ​បញ្ជាក់ថា ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​ឆ្នាំ​ ២០២១ ​អាច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ​ដែល​បិទ​ផ្សាយ​នៅតាម​បណ្តា​សាលាឃុំ​-សង្កាត់ ​និង​នៅតាម​ទីប្រជុំជន​មួយ​ចំនូន​ក្នុង​ឃុំ​-សង្កាត់ ​ឬ​អាច​ចូល​ពិនិត្យ​មើល​ឈ្មោះ​តាមរយៈ​គេហទំព័រ​របស់ ​គ.ជ.ប​. voterlist.nec.gov.kh ​ឬ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទដៃ ​(APP) “NEC KH” ​ដើម្បី​ប្រាកដថា ​ខ្លូន​ពិតជា​មាន​ឈ្មោះ ​និង​ទិន្នន័យ​ត្រឹមត្រូវ​ក្នុង​បញ្ជី​បោះ​ឆ្នោត​។​

ក្នុង​ករណី​ពលរដ្ឋ​ពិនិត្យ​ឃើញថា ​ឈ្មោះ ​និង​ទិន្នន័យ​ខ្លួន ​មិនមាន​ភាព​ត្រឹម​ត្រួវ​ដូច​ទិន្នន័យ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ដែល​ធ្លាប់បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​កន្លងមក​ទេ ​ពលរដ្ឋ​អាច​ស្នើសុំ​ធ្វើការ​កែតម្រូវ ​តាមរយៈ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​សំអាង​ច្បាស់​លាស់​ទៅ​ជាមួយ ​ក្នុង​អំឡុងពេល​ប្រព្រឹត្ត​ទៅ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ​-សង្កាត់ ​ដែល​ខ្លួន​រស់នៅ​បាន​។ នេះ​បើតាម​ប្រធាន ​គ.ជ.ប.​។​

ចំណែក ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​ថ្ងៃទី ១០​ ខែតុលា ​ឆ្នាំ​ ២០២២ ​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​បញ្ជី​ឈ្មោះ​ផ្លូវការ​ ឆ្នាំ ២០២១ ​(បញ្ជី​បោះឆ្នោត​ចុងក្រោយ) ​និង​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ​និង​ការិយាល័យ​បោះឆ្នោត ​សម្រាប់​បម្រើ​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត ​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ ​នៅតាម​ឃុំ-​សង្កាត់ ​ចំនួន​ ១ ៦៥២ ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី ១០ ​ខែតុលា ​ឆ្នាំ​ ២០២២ ​តទៅ​។ គ.ជ.ប​. ក៏បាន​បង្ហោះ​ព័ត៌មាន ​និង​ទិន្នន័យ​ទាំងនេះ ​ចូលក្នុង​គេហទំព័រ ​និង​កម្មវិធី​ទូរស័ព្ទដៃ​ផ្លូវការ​របស់​ខ្លួន​ផងដែរ​។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ​ហើយ​មិនទាន់​មានឈ្មោះ​បោះឆ្នោត​ រួមមាន ​អ្នក​ទើប​គ្រប់​អាយុ​ ១៨ ​ឆ្នាំ ​គឺ​អ្នក​ដែល​កើត​មុន ​ឬ​ត្រឹម​ថ្ងៃទី​ ២៤ ​ខែកក្កដា ​ឆ្នាំ​ ២០០៥ ​ឬ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់ប្តូរ​លំនៅឋាន​ ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ-​សង្កាត់​ថ្មី ​ទៅ​ចុះឈ្មោះ​តាម​ប្រតិទិន​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​បណ្តា​ឃុំ-​សង្កាត់​ដែល​ខ្លួន​ត្រូវ​បោះឆ្នោត​។​

លោក​ ប្រាជ្ញ ​ចន្ទ ​សម្តែង​នូវ​ជំនឿ​មុតមាំ​ថា ​ពលរដ្ឋ​ខ្មែរ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ​នឹង​រួមគ្នា​សហការ​តាម​ការ​អំពាវ​នាវនេះ ​ដើម្បីឱ្យ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២​ នេះ ​ប្រព្រឹត្ត​ទៅដោយ​រលូន ​និង​ធានាបាន​នូវ​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​គ្រប់ៗ​គ្នា​។ រដ្ឋាភិបាល​កម្ពុជា ​ក៏​បានចេញ​សេចក្តីសម្រេច​កំណត់​យក​ថ្ងៃ​អាទិត្យ ​ទី ២៣​ ខែកក្កដា​ ឆ្នាំ ២០២៣​ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​សម្រាប់​នីតិកាល​ទី៧ ​នៃ​រដ្ឋសភា​។​

បើ​តាម​ស្ថិតិ​ប៉ាន់ស្មាន ​នៅ​ឆ្នាំ ២០២២​ នេះ ​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី ​១៨ ​ឆ្នាំ​ឡើង ​មាន​ចំនួន​ ១០ ៨៧៧ ០១៧ ​នាក់ ​ក្នុងនោះ​ស្រី ​មាន​ចំនួន​ ៥ ៥៦៨ ៣៩៨​ នាក់​។ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ ​ឆ្នាំ​ ២០២១ ​មាន​ចំនួន​ ៩ ២០៥ ៦៨១​ នាក់​។ ចំណែក​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ​ដែល​អាចមក​ចុះឈ្មោះ​បោះឆ្នោត ​នៅ​ឆ្នាំ​ ២០២២ ​មាន​ចំនួន​ ៤០៩ ០៥៦​ នាក់ ​ខណៈ​ចំនួន​អ្នក​ដែល​នឹងត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ​មាន​ចំនួន ​១០៤ ៩៥៦ នាក់​៕