
ឧបការីរងការបរទេសសហរដ្ឋអាមេរិក លោកស្រី Jung H. Pak ទៅទស្សនា មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងតំបន់នៅគណៈកម្មការទន្លេមេគង្គ នាថ្ងៃទី៩ តុលា។ រូបថត ស្ថានទូតអាមេរិក
ភ្នំពេញៈ នៅពេលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ា លោកស្រី Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ-អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ១១ ខែតុលា។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី Pak បានថ្លែងថា៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំង និងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និងទៅអនាគត។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ-សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមព្រំដែន»។
ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រី Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងតំបន់នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រីបានកោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។
លោកស្រីក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពល កកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ។
ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ AmCam Exchange ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល Education USA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រី Pak ក៏បានលើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ ឱ្យធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលជះឥទ្ធិពលដល់អនុតំបន់ទាំងមូល ដើម្បីសម្រេចនូវលទ្ធផលជាទីគាប់ប្រសើរ។
ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ ។
ចាប់ពីឆ្នាំ ២០០៩ ដល់ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨ ពាន់លានដុល្លារ ជាជំនួយទេ្វភាគី និងក្នុងតំបន់ជូនដល់ប្រទេសដៃគូទាំង ៥ នៃទន្លេមេគង្គ៕