បាត់ដំបងៈ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ណែនាំ​ដល់អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​បន្ត​បង្ក្រាប​ល្បែងស៊ីសង​​ខុស​ច្បាប់ និង​គ្រឿង​​​​​ញៀន ​និង​ក្រើន​រំឭក​ដល់​អាជ្ញាធរ​ សូមចៀស​ឱ្យឆ្ងាយ​ពីគ្រឿង​ញៀន​ដែល​នាំឱ្យប៉ះ​ពាល់​ដល់​សង្គម​ជាតិ​ ខណៈលោក​ចេញ​មុខ​បដិសេធ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ក្រសួង​មហាផ្ទៃ ជាក​ន្លែង​ប្រមូលផ្តុំ​អំណាច​។

ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​សិក្សា​ ១ ក្នុង​ខេត្ត​បាត់​ដំបង​ កាលពី​ថ្ងៃទី ​១០ ខែ​តុលា ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង​ បាន​ថ្លែង​ថា បទ​ល្មើសគ្រឿង​ញៀន​ ក៏ជា​ជំងឺ​សង្គម ជាបទ​ល្មើស​ប្រពៃណី ដែល​មាន​ន័យ​ថា​ បទ​ល្មើស​នេះមាន​យូរមក​ហើយ​ជាប់​ជាប្រចាំ ដូច្នេះ​ត្រូវ​តែ​ចាត់​វិធានការ​ ព្រោះវា​បង្ក​គ្រោះថ្នាក់​ដែល​នឹង​ក្លាយ​ជា​សង្គម​គ្រឿង​ញៀន​។

លោក​បន្ត​ថា ក្នុង​នោះ​រាជរដ្ឋា​ភិបាល បាន​និង​កំពុង​បើកយុទ្ធ​នាការ​បង្ក្រាប​បទ​ល្មើសមួយ​ចំនួន​ ដែល​ជា​បទ​ល្មើស​គ្រោះថ្នា​ក់ដល់​សន្តិសុខ​ជាតិរួម​មាន ល្បែង​អន​ឡាញ ដែល​តាម​រយៈល្បែ​ង​អន​ឡាញ វាប​ង្កើត​បទល្មើស​មួយ​ចំនួន​ដូច​ជា បទ​ល្មើស​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់ ការធ្វើ​ទារុណ​កម្ម កា​រ​ជួញ​ដូរ​ផ្លូវភេទ ការ​ចាប់​ជំរិត​ ការ​បិទ​សិទ្ធិសេរី​ភាព បទ​ល្មើស​ជួញដូ​រអាវុធ លាង​លុយ​កង្វក់ ដែល​នេះ​ជា​ស្ថាន​ភាព​មួយ​មិន​អាច​ទុកបាន​ទេ។

លោក​បាន​គូស​បញ្ជាក់​ថា ទោះ​បីការ​បង្ក្រាប​នោះ មិន​ទាន់​អស់​ក្តី ប៉ុន្តែ​បទល្មើស​ទាំង​នោះ ឃើញ​មាន​ការ​ថយ​ចុះ ខណៈ​លោក​ក៏បាន​ក្រើន​រំឭក​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កុំឱ្យមាន​ការ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ឱ្យ​សោះ​។

លោក​ថា៖ «នៅថៃ​ប៉ូលិស ​១ ​រូប ដែល​ជក់​គ្រឿង​ញៀន​ផង​ រកស៊ី​គ្រឿង​ញៀន​ផង​ គេបណ្តេញ​ចេញ បន្ទាប់​ពីគេ​បណ្តេញ​ចេញ​មិន​បាន​ប៉ុន្មាន​ខែ​ផង បាន​ទៅ​រកកាំភ្លើង​ ១ ​ដើម​ ទៅ​បាញ់​កូន​សិស្ស​ស្លាប់​អស់​ ៣៤ នាក់ រួចទៅ​បាញ់​កូន​ និង​ប្រពន្ធ​ទៀត ស្លាប់​ទាំង​អស់ ទីបំផុត​បាញ់​ខ្លួន​ឯង។ នេះ​ជា​ឧទា​​ហរណ៍​មួយ​ ហើយ​សូម​ឱ្យអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ យក​ករណីនេះជាមេ​រៀន ជា​បទ​ពិសោធ ដើម្បី​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស ​ឱ្យបាន​ដឹង​ទាំងអស់​គ្នាថា នេះយើ​ងមើល​ស្រាល​គ្រឿងញៀ​ន​មិន​បាន​ទេ កុំទៅ​ឃុបឃិត​ជាមួយ​គ្រឿង​ញៀន​»។

លោក​ ស ខេង បាន​ឱ្យដឹង​ថា ជាការ​ពិត​ការផលិត​គ្រឿង​ញៀន​នាំចេញ​ទៅក្រៅ ​៩០ ភាគ​រយ ប៉ុន្តែ​ ១០​ ភាគ​រយ​នៅក្នុង​ស្រុក​ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវរួប​រួមគ្នា​ទប់ស្កាត់​គ្រឿង​ញៀន ដើម្បី​កុំ​ឱ្យក​ម្ពុជា​ក្លាយ​ជាប្រទេស​នាំ​ចេញ​គ្រឿង​ញៀន​។

ជាមួយ​គ្នានេះ​ដែរ​លោក ណែនាំ​ដល់អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​ការសា​យភាយគ្រឿងញៀ​ន​ចូលទៅ​ក្នុង​សាលា​រៀន និ​ងស្នើ​ដល់អាណា​ព្យាបាល​ចូល​រួមទាំង​អស់​គ្នាដើម្បី​ធ្វើការ​ងារ​​​​នេះ​ឱ្យទទួល​បាន​ជោគ​ជ័យ។ លោក​ថា៖ « ជាពិសេស​នៅ​តាម​ជន​បទ​ធ្វើ​ម៉េច​កុំឱ្យគ្រឿង​ញៀន វាយ​លុកចូ​លក្នង​ភូមិ ឃុំរ​បស់​យើង​បាន ក្នុង​នោះ​សាលា​រៀន ពិសេស​សាលា​រៀន​ក្មេង​មាន​អាយុ​ពី ១៣ ​ឆ្នាំឡើង​ទៅ​។

ឪពុក​ម្តាយ ក៏មាន​កាតព្វ​កិច្ច​ការពារ​សុវត្ថិភាព​ឱ្យកូន​ដែរ ចៀស​វាង​ពេល​មានបញ្ហាបន្ទោស​ទៅ​ប៉ូលិស ឬអា​ជ្ញាធរ​។ យើង​ខ្ញុំទទួល​ប៉ុន្តែ ឪពុក​ម្តាយ នៅក្បែរ​កូន​រាល់​ថ្ងៃ ម៉េច​មិ​នជួយ​មើល​ផង ​កូន​ទៅបាត់​ពីផ្ទះ​មែន ប៉ុន្តែអ​ត់ទៅ​សាលារៀន​ទេ វាទៅជ​ក់អាភៀន ចែក​ចាយ​គ្រឿង​ញៀន ម៉េច​ក៏មិន​នាំគ្នា​ទប់​ស្កាត់ បើទាំង​អស់​គ្នាធ្វើ​រួម​គ្នា កូន​ចៅយើង​នឹង​សុខ​សប្បាយ​»។

ពាក់​ព័ន្ធ​ការបង្ក្រាប​ល្បែង​ស៊ីសង​វិញ​លោក ស ខេង ថ្លែង​ថា អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​បង្ក្រាប​ និង​ចាត់​វិធាន​ការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចៀស​វាងការ​រុញ​ឱ្យខ្លោច​ រោចឱ្យ​ឆៅ ពោល​រកអ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ដើម្បី​ផ្តន្ទា​ទោស ។

លោក​ថា៖‍ «រឿ​ង​ល្បែង​ស៊ីសង​នេះសូម​ឱ្យអាជ្ញាធរ​មូល​ដ្ឋាន​មើល​ កុំចាំ​តែថ្នាក់​លើស្រែ​ក ព្រោះ​យើងមាន​គោល​នយោបាយ​ភូមិ ​ឃុំ មាន​សុវត្ថិ​ភាព មាន​អស់​ហើយ នាំគ្នា​ចាត់ចែង​​ធ្វើតា​មច្បា​ប់ទៅ​»។

នាយករង​អង្គការ​សិទ្ធិម​នុស្ស​លីកាដូ​លោក អំ សំអាត បានគាំ​ទ្រ​នូវ​ប្រសាសន៍​លោក ស ខេង ជុំវិ​ញឱ្យមន្រ្តី​អនុវត្ត​ច្បាប់​ត្រូវ​នៅ​ឱ្យឆ្ងាយ​ពីគ្រឿង​ញៀន​។

លោក​ថ្លែង​ថា៖«បញ្ហា​សំខាន់​មន្រ្តីទាំង​អស់​ជាអ្នក​អនុវត្ត​ច្បាប់​ត្រូវ តែនៅ​ឱ្យឆ្ងាយ​ពីគ្រឿង​ញៀន និង​ល្បែង​ស៊ីសង ពីព្រោះ​វាជារឿង​ធ្ងន់​ធ្ងរ​បើ​សិន​ជាមាន​មន្រ្តី​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ ដូច្នេះត្រូ​វតែ​ពង្រឹង​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​»។

លោក​បន្ត​ថា បញ្ហា​គ្រឿង​ញៀន និង​ល្បែង​ស៊ីសង មិន​មែនពាក់​ព័ន្ធ​ត្រឹមតែ​រឿង​នេះ​ទេ អាចឈាន​ទៅ​ដល់ការ​​​ជួញ​ដូរ​មនុស្ស​ក្នុង​រូបភាព​ដូច​កើតឡើង​បច្ចុប្បន្ន​ដែរ ដូច្នេះ​បញ្ហានេះ​ទាម​ទារ​ឱ្យមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុងការ​បង្ក្រាប​ និង​ការ​ទប់​ស្កាត់ ជាពិសេស​ពង្រឹង​យន្តការ​សហការ​រវាង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ប្រទេស ដោយ​ចាប់ផ្តើម​ពីការ​បំបាត់​អំពើពុក​រលួយ​ ។​​​

ដោយ​ឡែក​ជុំវិញ​មាន​ការ​លើក​ឡើងថា​ ក្រសួង​មហាផ្ទៃ​ជាកន្លែង​ប្រមូលផ្តុំ​អំណាច​ ត្រូវបាន​លោក​ ស ខេង ចេញ​មុខ​បដិសេធ ​និង​គូស​បញ្ជា​ក់ថា អ្វីដែល​ក្រសួង​បាន​ធ្វើកន្លង​មក ដើម្បី​បម្រើប្រជា​ពលរដ្ឋ​ និង​​ធ្វើ​​​កំណែទ​ម្រង់​​កម្លាំង​នគរ​បាល។

លោក​ចោទ​សួរថា​៖ «ត្រង់ណា​ថា ក្រសួង​មហាផ្ទៃ​ប្រមូលអំណាច​? ខ្ញុំមិន​ឯក​ភាព មាន​ថ្នាក់​រដ្ឋមន្រ្តី​ខ្លះ​ភ្លើដ​ល់ថ្នា​ក់ហ្នឹង​ ល្ងង់​ដោយខ្លួ​ន​ឯង ប៉ុន្តែ​មិនមែន​គេល្ងង់ទេ​ គេ​ឆ្លាត តែឆ្លាត​ខាង​ខុស ។ គេមិន​ចង់​ផ្ទេរ​អំណាច​ ព្រោះខ្លាច​បាត់​បង់​ផល​ប្រយោជន៍ តាម​ស៊ីតាម​ចុក​គម្រោង​មួយៗ​យក​មក ផ្លូវ​នេះ​ធ្វើអស់​ប៉ុន្មាន​ ១ លាន​ដុល្លារ ដែល​ធ្វើជាក់​ស្តែង​ផ្លូវ​នោះ​ធ្វើអស់​ ៤០ ម៉ឺន​ដុល្លារ ​ថា​ខ្លាំង​ហើយ សុំទោស​ដែល​ខ្ញុំ​និយាយ​អ៊ីចឹង! ខ្ញុំមិន​មែន​ហែក ប៉ុន្តែរឿង​ខ្លះ​ខ្ញុំមិន​អាច​ទ្រាំបាន​ខ្ញុំនិយាយ​ដែរ​។ គាត់​ចោទអ៊ីចឹង​មក ខ្ញុំថា​មិនមែន​ទេ ខុសហើយ​ អ្វីដែល​ក្រសួ​ង​មហា​ផ្ទៃខំប្រឹង​ប្រែងនោះ​..​. ដើ​ម្បីឱ្យ​មន្រ្តីបម្រើប្រជា​ជន»​៕