
លោក ស ខេង ក្នុងពិធីបុណ្យអុំទូកនៅស្ទឹងសង្កែក្រុងបាត់ដំបងកាលពីថ្ងៃទី ១០ តុលា។ រូបថត Sar Kheng page
បាត់ដំបងៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើននៅក្នុងក្រុង ជាពិសេសនៅតាមសងខាងដងស្ទឹងសង្កែ ដើម្បីបង្កើនបរិយាកាសបៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន ខណៈក្នុងរដូវបុណ្យជាតិសំខាន់ៗខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ។
លោក ស ខេង ថ្លែងនៅក្នុងពិធីបិទបញ្ចប់ពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង កាលពីថ្ងៃទី ១០ តុលាថា សក្ដានុពលស្ទឹងសង្កែ មិនត្រឹមតែជាប្រភពទឹក សម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែស្ទឹងដែលជាសម្បត្តិសាធារណៈមួយនេះ ជាផ្នែក ១ យ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបងដូចដែលបទចម្រៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។
លោកបានស្នើឱ្យរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង និងបណ្ដាស្រុកផ្សេងៗដែលស្ថិតនៅជាប់ស្ទឹងសង្កែ សូមខិតខំថែរក្សាបរិស្ថាន អនាម័យ និងកែច្នៃបន្ថែមទៀត ដើម្បីលើកកម្ពស់សោភណភាពក្រុងបាត់ដំបងពិសេសស្ទឹងសង្កែនេះតែម្ដង។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើន ទាំងតាមដងស្ទឹង និងតាមបណ្ដោយដងផ្លូវ ដើម្បីបង្កើនបរិយាកាសបៃតងផងដែរ។
បើតាមលោក ស ខេង តាមរយៈការងារខាងលើនេះនឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត និងផ្តល់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានធូរធារតាមរយៈការបង្កើតមុខរបរផ្សេងៗ ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ និងរមណីយដ្ឋានជាដើម។ ក្នុងដំណាក់កាលទី ១ លោក ស្នើឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់នូវកំណាត់ច្រាំងស្ទឹងពីមុខសាលាខេត្តមកដល់ស្ពានថ្មផ្លូវជាតិលេខ ៥ នេះ ដែលជាអាទិភាព និងសំខាន់បំផុត ដើម្បីលើកកម្ពស់នូវសោភណភាពទីក្រុង តាមរយៈការធ្វើសួនច្បារ ការរៀបចំផ្លូវដើរសម្រាប់ប្រជាពលរដ្ឋ និងការដាំដើមឈើឱ្យបានកាន់តែច្រើន។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា អនាគតនេះខេត្តបាត់ដំបងរបស់យើងតាមរយៈការខិតខំប្រឹងប្រែងកន្លងមកនេះ យើងទទួលបានជាទីក្រុងបៃតងបន្តបន្ទាប់ ដូច្នេះ យើងនឹងខិតខំបន្តទៀត ដើម្បីរក្សាតំណែងជាទីក្រុងបៃតងជាទីក្រុងខៀវ ដែលមានន័យថា ជាទីក្រុងមួយមានដើមឈើស្រស់ស្អាត។ កាលណាមានដើមឈើស្រស់ស្អាតវាអាចជួយបរិស្ថាន ស្រូបយកធាតុក្តៅ ឬ សារធាតុពុលផ្សេងៗ ជាពិសេសជួយដល់សុខភាពមនុស្ស»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ តុលាថា លោក ស ខេង តែងតែណែនាំជាប្រចាំឱ្យរដ្ឋបាលខេត្តគិតគូរពីបញ្ហាដាំដើមឈើ និងការការពារបរិស្ថាន ដើម្បីឱ្យទីក្រុងទាំងមូលក្លាយជាទីក្រុងបៃតង។ តាមរយៈការណែនាំនេះ រដ្ឋបាលខេត្តនឹងចាប់ផ្តើមរៀបចំធ្វើនៅពេលខាងមុខដ៏ខ្លី។ ម្យ៉ាងកន្លងមកនេះរដ្ឋបាលខេត្តក៏ធ្លាប់បានធ្វើចលនាឱ្យមហាជនចូលរួមដាំដើមឈើ ឱ្យបានច្រើននៅតាមទីសាធារណៈនានាដូចជាទីតាំងវត្តអារាម តាមដងផ្លូវថ្នល់ និងមួយទៀត ក៏នឹងរៀបចំតាម ដងស្ទឹងសង្កែនេះឱ្យមានផ្លូវដើរ រៀបចំសួន និងដាំដើមឈើបន្ថែមទៀតផងដែរ។
លោកថ្លែងថា៖ «ទីក្រុងបៃតង គឺមានភាពចាំបាច់ណាស់ក្នុងការធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចសម្តេចក្រឡាហោមបានលើកឡើងអ៊ីចឹង គឺខេត្តបាត់ដំបងមានបងប្អូនមកលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសបុណ្យជាតិសំខាន់ៗ។ ជាមួយគ្នានេះសម្តេចក៏ឱ្យខេត្តសិក្សាពីចំណុចខ្លាំង ដែលធ្វើឱ្យមានភាពទាក់ទាញទេសចរ ដើម្បីឱ្យយើងពង្រឹងបន្ថែមទៀត»។
បើតាមលោក សុខ លូ លោក ស ខេង បានណែនាំឱ្យខេត្តយកចិត្តទុកដាក់រៀបចំសួន ដាំដើមឈើ និងថែរក្សាអានាម័យបរិស្ថាននៅតាមមាត់ស្ទឹងសង្កែពីមុខរដ្ឋបាលខេត្តបាត់ដំបងទៅដល់ចំណុចស្ពានផ្លូវជាតិលេខ ៥ ដែលមានប្រវែងប៉ាន់ស្មានប្រហែលជាង ២ គីឡូម៉ែត្រជាមុន។ លោក សុខ លូ នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាជាមួយនឹងមន្ត្រី និងស្ថាប័នជំនាញនៅក្នុងខេត្ត ដើម្បីចាប់ផ្តើមកែលម្អឱ្យមានសោភណភាព និងដាំដើមឈើនៅតាមតំបន់នេះឱ្យមានភាពស្រស់បំព្រងតាមការស្នើរបស់លោក ស ខេង ។
របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៨ កញ្ញា ឆ្នាំ ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌមានប្រមាណ ១ ១១២ ៤០៣ នាក់ ក្នុងនោះខេត្តបាត់ដំបងឈរនៅលំដាប់លេខរៀងទី ១ គឺមានចំនួន ១៣៤ ៤៤០ នាក់៕