ភ្នំពេញៈ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​កំពុង​បន្ត​ជជែក​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​កំណត់​តម្លៃ ​ក្នុងការ​ប្រើប្រាស់​សេវា​សង្គ្រោះ​ជា​ផ្លូវការ​នៅលើ​ផ្លូវ​ល្បឿន​លឿន បន្ទាប់ពី​ការកំណត់​របស់​ក្រុមហ៊ុន​​ បណ្តោះអាសន្ន​ក្នុងការ​ប្រើប្រាស់​សេវា​ស្ទូច ​និង​អូស​ឡាន​មាន​តម្លៃ​ពី​ ១០០ ​ដុល្លារ​ឡើង ​ទទួលរង​ការរិះគន់​ពី​អ្នក​បើកបរ​មួយ​ចំនួន​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​។

កាលពី​ពេល​ថ្មីៗ​នេះ​ មាន​ប្រតិកម្ម​ពី​អ្នក​បើកបរ​មួយ​ចំនួន​ ដែល​បាន​ជួបប្រទះ​នឹង​បញ្ហា​ខូច​រថយន្ត​​ តាម​ផ្លូវ​ល្បឿន​លឿន ​ហើយ​ត្រូវការ​​ សេវា​ជួយ​សង្គ្រោះ​ដោយ​ស្ទូច ​និង​អូស​រថយន្ត ដែល​មាន​តម្លៃ​ចាប់ពី​ ១០០ ​ដុល្លារ​អាមេរិក​ ហើយ​គិត​បន្ថែម​ក្នុង​តម្លៃ​ ០,៣ ដុល្លារ​ក្នុង​ ១ ​គីឡូម៉ែត្រ​។

តាមរយៈ​វីដេអូ ​ដែល​ថត​ដោយ​អ្នក​បើកបរ​ ក្នុង​អំឡុងពេល​ខូច​រថយន្ត ​ហើយ​ត្រូវបាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​រៀបរាប់​ថា​៖ «អ្នក​រត់​ឡាន​យើង​ទាំងអស់​គ្នា ​កុំ​សប្បាយ​ ​ជាមួយ​ផ្លូវ​ល្បឿន​លឿន​។ នេះ​ក្នុង​អំឡុង​ពេល​សាកល្បង​ទេ ​ឡាន​ខ្ញុំ​ខូច​នៅ​ច្រកចេញ​ស្ទឹងហាវ ​ហើយ​ចេញពី​ស្ទឹងហាវ​មក​ផ្លូវជាតិ​លេខ​ ៤​ ​គឺ​ ១៤ ​គីឡូ ​ដែល​គិត​លុយ​ជាង​ ១០០​ ដុល្លារ​។ ខ្ញុំ​មិន​ច្បាស់​ទេ​ គ្រាន់តែ​ដឹង​ថា ​១០ ​គីឡូ​ គេ​គិត​តម្លៃ​ ១០០ ​ដុល្លារ ​ហើយ​លើសពី​ ១​ គីឡូ​ទៅ​មុខ​ទៀត ​គេ​គិត​ ០,៣ ដុល្លារ ​ឬ​ស្មើ ១ ២០០ ​រៀល»។

លោក​ ហ៊ាង​ សុធាយុត្តិ ​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១១ ​តុលា​ថា ​ចំពោះ​តម្លៃ​នៃ​ការប្រើប្រាស់​សេវា​សង្គ្រោះ​នៅលើ​ផ្លូវ​ល្បឿន​លឿន​ ក្រសួង​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​កំណត់​តម្លៃ​ជាក់លាក់​​បន្ថែម​ទៀត​។ ការកំណត់​តម្លៃ​​ នៃ​ការប្រើប្រាស់​សេវា​ជា​ផ្លូវការ ​នឹង​ត្រូវ​ប្រកាស​មុន​ថ្ងៃទី​ ១​ វិច្ឆិកា ​មុននឹង​ដាក់​ឱ្យ​ប្រើ​ផ្លូវ​ល្បឿន​លឿន​ ​ជា​ផ្លូវការ​ក្នុងពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា​៖ «ករណី​កម្រៃ​អូស​ ក្រសួង​នៅ​មិនទាន់​មាន​ការ​សម្រេច​ណាមួយ​នៅ​ឡើយ​ទេ​។ បច្ចុប្បន្ន ​កំពុង​ធ្វើការ​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន​ និង​ឈាន​ទៅរក​ការសម្រេច​ក្នុងពេល​ឆាប់ៗ មុន​ថ្ងៃទី​ ១ វិច្ឆិកា ២០២២​។ យើង​​ខ្ញុំ​យល់​ពី​ស្ថានភាព​នៃ​ការលើក​ឡើង​របស់​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន​ពិចារណា»។

លោក​ ហ៊ាង សុធាយុត្តិ ​ប្រកាស​ថា ​ការអនុវត្ត​តាម​គោលការណ៍​ផ្លូវ​ល្បឿន​លឿន ​រថយន្ត​ចរាចរណ៍​ពេល​ខូច ​ឬ​គាំង​ដោយ​ប្រការ​ណាមួយ ​ត្រូវ​សុំ​ជំនួយ​ពី​លេខ ១៣៩៩ ​ហើយ​ករណី​រថយន្ត​ខូច ​គឺ​មិនអាច​អូស​រថយន្ត​ពី​អ្នកដំណើរ​​ ដូចគ្នា​បាន​ឡើយ​ដើម្បី​សុវត្ថិភាព​ខ្លួនឯង ​និង​អ្នកដទៃ​។ តាម​ការសិក្សា​ចម្ងាយ​អូសឆ្ងាយ​បំផុត​ត្រឹម​ ៧០ ​គីឡូម៉ែត្រ ​និង​ជា​មធ្យម​ ៣០ ​គីឡូម៉ែត្រ ​ដើម្បី​ទៅដល់​កន្លែង​ជួសជុល ឬ​សង្គ្រោះ​។

ជាមួយ​គ្នា​នេះ​ក៏​មាន​គណនី​ហ្វេសប៊ុក​ ​ឈ្មោះ Asmak Hosen បាន​បង្ហោះ​សំណេរ​របស់​ខ្លួន​ពី​ថ្ងៃទី​ ៩ តុលា ​អម​ជាមួយ​រូប​ខូច​រថយន្ត​ជាច្រើន​សន្លឹក​លើ​ផ្លូវ​ល្បឿន​លឿន ​ដោយ​ចោទ​ជា​សំណួរ ​និង​បាន​អះអាង​ថា​ ការទទួល​សេវា​សង្គ្រោះ​របស់​ខ្លួន ​បាន​ជួប​បញ្ហា​ធ្វើឱ្យ​រថយន្ត​របស់​ខ្លួន​ខូចខាត​។

គណនី​នោះ​បញ្ជាក់​ថា​៖ «ដូច​ថ្ងៃនេះ អ្នក​ស្ទូច​អត់​បច្ចេកទេស ស្ទូច​ឡាន​ខ្ញុំ​បាក់​កាង​ខាងក្រោយ តើ​អ្នកណា​អ្នកទទួល​ខុសត្រូវ​? សុំ​ជួយ​ប្រាប់​ផង​។ ថវិកា​មិន​ច្រើន​ទេ តែ​ខ្ញុំ​ឆ្ងល់ ហើយ​ខូច​កាង​ក្រោយ​ទើប​វា​ធ្ងន់​។ ដោយសារ​ឈឺចិត្ត​ឡាន​ខ្មៅ មាន​របស់​ដោះដូរ​គ្រប់គ្រាន់ ​យល់​ហើយ​ទាន់​ទេ​? ខ្ញុំ​បាន​សួរ​ទៅ​អ្នក​ស្ទូច ៣ ​នាក់​នោះ​ហើយ ​ហើយ​ក៏​មាន​ចម្លើយ​ដែរ​? តែ​ខ្ញុំ​ត្រូវការ​បងប្អូន ​និង​អ្នក​គ្រប់គ្រង​ផ្លូវ​ជួយ​ឆ្លើយ​វិញ​?»។

ករណី​នេះ ​លោក​ ហ៊ាង ​សុធាយុត្តិ ​បកស្រាយ​ថា ​ចំពោះ​បញ្ហា​ធ្វើឱ្យ​ខូចខាត​រថយន្ត​អ្នកដំណើរ​ក្នុង​ពេល​ស្ទូច​នោះ​លោក​ បាន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ​ដើម្បី​ដោះស្រាយ​ជូន​អ្នកបើកបរ​ភ្លាមៗ។

លោក​ថា​៖ «ករណី​នេះ​យើង​បាន​ឯកភាព​សង​ថ្លៃ​ខូចខាត​តាមរយៈ​ក្រុមហ៊ុន ជូន​លោក​ជំទាវ​ហើយ​។ គ្រាន់តែ​លោក​ជំទាវ​គាត់​មាន​ជំហរ​មិន​ចង់ឱ្យ​ទទួល ដោយ​ខ្លាច​ក្រុមហ៊ុន​កាត់​ប្រាក់​ខែ​បុគ្គលិក ហើយ​យើង​ខ្ញុំ​បាន​សម្រប​សម្រួល​​ ករណី​នេះ​ហើយ»។

តាម​ការ​បកស្រាយ​របស់​មន្ត្រី​បម្រើ​សេវា​លើ​ផ្លូវ​ល្បឿន​លឿន​តាម​ប្រព័ន្ធ​លេខ​ ១៣៩៩ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​នៅ​ថ្ងៃទី​ ១១ ​តុលា​ថា​ តាម​ការកំណត់​​ របស់​ក្រុមហ៊ុន ​រាល់​ការប្រើប្រាស់​សេវា​ស្ទូច​រថយន្ត​ម្តង ​គឺ​មាន​តម្លៃ​ ១០០ ​ដុល្លារ​។ អ្នកស្រី​បន្ត​ថា ​ក្រោយពី​ប្រើប្រាស់​សេវា​ស្ទូច​នេះ​ហើយ​ រាល់​ការប្រើប្រាស់​សេវា​អូស​រថយន្ត ​គឺ​មាន​តម្លៃ​ ០,៣ ​ដុល្លារ​ក្នុង​ ១ ​គីឡូម៉ែត្រ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​បាន​ន័យ​ថា ​នៅពេល​ឡាន​ស្ទូច​ហ្នឹង គាត់​ចេញ​ ១​ ជើង​ទៅ​លើក គេ​គិត​ ១០០ ​ដុល្លារ​ ចំពោះ​​ឡាន​ ៥​ តោន​។ និយាយ​ថា​ ស្ទូច​ ១ ​ដង ​គឺ​តម្លៃ​ ១០០ ​ដុល្លារ ​ហើយ​គិត​ជា​គីឡូ ពី​កន្លែង​គាត់​ខូច​ឡាន​ទៅដល់​កន្លែង​សុវត្ថិភាព ​មាន​ចម្ងាយ​ ១០ ​គីឡូ ​គឺ​តម្លៃ​តែ ៣​ ដុល្លារ​ទេ ​ដោយ​ ១​ គីឡូ ​ស្មើ​នឹង ០,៣ ​ដុល្លារ»។

ក្រសួង​សាធារណការ​ប្រកាស​បើក​ដំណើរការ​សាកល្បងផ្លូវ​ល្បឿន​លឿន ភ្នំពេញ​ព្រះសីហនុ​ដោយ​ឥត​គិត​ថ្លៃ​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ៣១ ​ខែ​តុលា ​ហើយ​ផ្លូវ​នេះ​នឹងត្រូវ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ចាប់ពី​ថ្ងៃទី​ ១​ ខែ​វិច្ឆិកា ​តទៅ ​ដែល​តម្លៃ​ក្នុងការ​ប្រើប្រាស់​ម្តង ​គឺ​ក្នុង​ចន្លោះ​ចាប់ពី​ ១២ ​ដុល្លារ ​ទៅដល់​ ៦០ ​ដុល្លារ​។

ផ្លូវ​ល្បឿន​លឿន​នេះ ​មាន​ប្រវែង​ ១៨៧,០៥ ​គីឡូម៉ែត្រ​ ដែល​អ្នកដំណើរ​​អាច​ចំណាយ​ពេល​ប្រមាណ​ ​២ ​ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ខុសពី​កន្លង​មក​ ត្រូវ​ចំណាយ​ពេល​ពី​ ៥-៦ ម៉ោង​តាម​ផ្លូវជាតិ​លេខ​ ៤​។

ចាប់ពី​ថ្ងៃទី​ ១-៩ ​តុលា ​​យានយន្ត​ជាង​ ១០ ​ម៉ឺន​គ្រឿង ​បាន​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដោយ​ក្នុង​ ១ ថ្ងៃៗ​មាន​រថយន្ត​ពី​ ៩ ០០០ ​​គ្រឿង ​ដល់​ជាង​ ១៦ ០០០ ​គ្រឿង​។ នេះ​បើតាម​លោក​ ហ៊ាង ​សុធាយុត្តិ​ ​កាលពី​ថ្ងៃទី​ ១០​ តុលា​៕

វីដេអូ៖