ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី តែងតាំង​លោក​វេងសាខុន រដ្ឋមន្ត្រី​កសិកម្ម ដែល​ត្រូវ​បាន​បញ្ចប់​តំណែង​ឱ្យមក​ធ្វើជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ​១១ តុលា បញ្ជាក់​ថា​៖ «​តែងតាំង​មុខ​តំណែង ឯកឧត្តម​ វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ សម្តេច អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខា​តទៅ​»​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​-​អន្តរជាតិ ​(PPIU) នា​ថ្ងៃទី​ ១១ ខែតុលា លោក​ ហ៊ុន សែន ថ្លែងថា​៖ «​សួរថា វេង សាខុន ទៅណា​? បញ្ហា​វា​មិន​ស្ថិត​ទៅដល់​ធ្ងន់ធ្ងរ​ហួសហេតុ​ទេ ក៏ប៉ុន្តែ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​វា​មិនបាន​ដូច​បំណង​។ ថ្ងៃនេះ ខ្ញុំ​ធ្វើ​លិខិត​ចូល​ទៅ​ព្រះបរមរាជវាំង​តែងតាំង​ វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​»​។

លោក​បន្ថែមថា​៖ «​យ៉ាងណា ក៏​ជា​សាច់ឈាម​របស់​យើង​ជា​មន្ត្រី​ដែល​ធ្វើការ​ជាមួយ​យើង​។ វេង សាខុន ចប់​មហា​វិទ្យាល័យ​ហើយ​មក​ធ្វើការ​។ ដូច្នេះ យើង​អត់​បោះបង់ចោល​ទៅណា​ទេ ប៉ុន្តែ​យើង​ត្រូវការ ការទទួល​ខុសត្រូវ​លើស​ពី​នេះ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឱ្យ​លឿន​ទៅមុខ តែ​ប៉ុណ្ណឹង​ទេ​»​។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​លោក ដែល​លើកឡើង​ថា ការបញ្ចប់​មុខតំណែង​លោក​ វេង សាខុន គឺជា​រឿង​ត្រឹមត្រូវ តែ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ១១៩​។ លោក​បកស្រាយ​ថា មាត្រា​ ១១៩ ចែង​អំពី​តែ​ពី​ការបង្កើត​រដ្ឋាភិបាល​ប៉ុណ្ណោះ តែ​មិន​ចែង​ពី​ការរំលាយ​រដ្ឋាភិបាល​ទេ​។

លោក​ ហ៊ុន សែន ថា រដ្ឋធម្មនុញ្ញ​បាន​ចង្អុលបង្ហាញ​មាត្រា​ ២១ សម្រាប់​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ ដើម្បី​ដំឡើង​ឋានៈ ឬ​ហូត​តំណែង​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង​ស៊ីវិល និង​ទាំង​យោធា​តាម​សំណើ​របស់​គណៈរដ្ឋមន្ត្រី និង​ដកតំណែង​ ឬ​តែងតាំង​ផ្នែក​តុលាការ​តាម​សំណើ​របស់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ឆ្លើយតប​នឹង​អ្នក​រិះគន់ លោក​នាយករដ្ឋមន្ត្រី​បាន​ដកស្រង់​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ត្រង់​មាត្រា​ ២០ ដោយ​លោក​បញ្ជាក់ថា​៖ «​នាយករដ្ឋមន្ត្រី​លើក​សំណើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បញ្ចប់​មុខតំណែង​សមាជិក​រាជរដ្ឋាភិបាល​ដោយ​ព្រះរាជក្រឹត្យ​។ អាហ្នឹង គេ​ចង្អុល​ចំ​ទៅ​អ៊ីចឹង​ហ្មង រួចហើយ​ដោយសារ​តែ​ខ្វះ​ការសិក្សា ខ្វះ​ការចេះដឹង ហើយ​មានះ​ដើម្បី​បំផ្លាញ​យើង​»​។

លោក​បាន​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​លោក​បង្ហោះ​ក្នុង​ហ្វេសប៊ុក កាលពី​ពេល​ថ្មីៗ​នេះ​ថា​៖ «​ដើម្បី​រួមចំណែក​ដល់​ការចេះដឹង​សម្រាប់​ពួក​ប្រឆាំង​ផ្កាប់មុខ ដើម្បី​ឈានទៅ​កាន់​អំណាច​នៅ​ជាតិ​ក្រោយ ខ្ញុំ​សូម​ផ្ដល់​ឱ្យ​មើល​អាមាត្រា​ហ្នឹង រួចហើយ​ចុងក្រោយ​ដាក់ថា ដើម្បី​កាន់អំណាច​នៅ​ជាតិ​ក្រោយ​។ នេះ​ជា​បំណង​ល្អ​របស់ខ្ញុំ សម្រាប់​ពួក​អាល្ងង់ និយាយ​វា​អ៊ីចឹង​ហ្មង​! រួចហើយ​វា​ថា ខ្ញុំ​ជេរប្រមាថ ប៉ុន្តែ​ដល់​ពេល​វា​ជេរ​ឯង​វិញ វា​អត់​គិតថា វា​ប្រមាថ​»​។

នៅ​ថ្ងៃទី​ ១១ ​តុលា​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក វេង សាខុន ដែល​ត្រូវ​បាន​បញ្ចប់​មុខតំណែង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ទាប់ពី​មាន​សំណើ​ពី​លោក​នាយក​រដ្ឋមន្ត្រី​។ «​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខា​តទៅ​»៕