
ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងកូនតូចៗរបស់ពួកគេ។ រូប នគរបាល
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកប្រាប់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឱ្យចាប់ផ្តើមគិតគូរពីការផ្ដល់ការសិក្សាដល់កុមារចំណាកស្រុកមិនថាចំណាកស្រុកពីខេត្តឡើងមកទីក្រុងឬពីប្រទេសកម្ពុជាទៅប្រទេសថៃនោះទេ ដើម្បីកុំឱ្យពួកគេនៅក្រៅចរន្តនៃការអប់រំ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងវេទិកាចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU ជាង ២ ពាន់នាក់ នៅថ្ងៃទី ១១ ខែតុលា ថា៖ «ខ្ញុំនិយាយពីចំណាកស្រុកក្នុងស្រុកមុនកម្មករសំណង់មួយចំនួនដែលមករកការងារធ្វើនៅទីក្រុងភ្នំពេញ បាននាំទាំងប្រពន្ធនិងកូនមកជាមួយ តើយើងត្រូវស្រាយបញ្ហានេះយ៉ាងម៉េច? ដើម្បីឱ្យកូនបានរៀន? គឺត្រូវរកវិធី។ ខ្ញុំយល់ថាអាចដោះស្រាយបាន ឧទាហរណ៍ថា ម្ដុំណាមួយដែលមានការដ្ឋានសំណង់ហើយមានសាលាក្បែរហ្នឹង ជំរុញឱ្យក្មេងចូលរៀននៅសាលាក្បែរហ្នឹង។ សម្រាប់អ្នកចំណាកស្រុកមកធ្វើការនៅភ្នំពេញតែផ្ញើកូនទុកនៅស្រុកជាមួយសាច់ញាតិ យើងប្រាប់អាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកដាក់លើកុមារដែលឪពុកម្ដាយចំណាកស្រុក»។
បើតាមលោក ហ៊ុន សែន ច្រកចេញមួយទៀតដែលល្អដើម្បីឱ្យកុមារមានឱកាសបានរៀនសូត្រគឺបង្កើតសាលារៀននៅនឹងកន្លែង ឬបង្កើតជាសាលារៀនចល័ត អាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចំណែកលក្ខខណ្ឌសម្រាប់កូនពលករចំណាកស្រុកទៅក្រៅប្រទេស ជាពិសេស ប្រទេសថៃ លោកនាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំ និងក្រសួងការងារ ធ្វើការងាររួមគ្នា ដើម្បីផ្ដល់ឱកាសដល់កុមារដែលឪពុកម្ដាយនាំទៅជាមួយបានសិក្សារៀនសូត្រដូចគ្នាអ៊ីចឹងដែរ។
លោកបន្ថែមថា៖ «សម្រាប់អ្នកទៅប្រទេសថៃ ខ្ញុំយល់ថា មិនថារៀនថៃឬរៀនខ្មែរទេ រៀនទៅ ឱ្យតែកុមារយើងបានរៀន។ យើងត្រូវគិតឱ្យគ្រប់កុំឱ្យនរណាម្នាក់នៅក្រៅចរន្តនៃការអប់រំ។ នេះជាវិធីមួយដែលយើងត្រូវយកចិត្តទុកដាក់»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ក្រសួងអប់រំ គោរពទទួលអនុវត្ត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី។ ទន្ទឹមនេះក្រសួងអប់រំ នឹងបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ។
លោក យី គឹមថាន នាយករងប្រចាំប្រទេស ទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ស្វាគមន៍ចំពោះការជំរុញរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ព្រោះបញ្ហាកុមារដែលឪពុកម្ដាយនាំទៅជាមួយពេលធ្វើចំណាកស្រុក កំពុងក្លាយជាកង្វល់សម្រាប់ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងការអប់រំកុមារ។
លោកថា៖ «យើងឃើញថា ពួកគាត់ដែលទៅតាមឪពុកម្ដាយហ្នឹងភាគច្រើនបាត់ឱកាសក្នុងការសិក្សា ហើយកន្លងមកអង្គការសង្គមស៊ីវិលយើងក៏បានគិតគូរដែរ»។
សម្រាប់អង្គការភ្លែន បើទោះបីជាការងាររបស់អង្គការមិនបានផ្ដោតលើកុមារចំណាកស្រុកក៏ពិតមែន ប៉ុន្តែករណីស្រដៀងគ្នានេះ បានកើតឡើងលើកុមារដែលរស់នៅភូមិភាគឦសានដែលឪពុកម្ដាយបានផ្លាស់ទីលំនៅក្នុងរដូវវស្សាដើម្បីប្រកបកិច្ចការផ្សេងៗនៅទីឆ្ងាយៗ ហើយអង្គការភ្លែនបានរៀបចំជាមតេ្តយ្យចល័តសហគមន៍សម្រាប់កុមារចាប់ពី ១០ នាក់ឡើងទៅ ឱ្យពួកគេបានរៀនសូត្រដោយមានការបង្រៀនពីគ្រូនៅតំបន់ដែលពួកគេរស់នៅ។
ពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកទៅប្រទេសថៃលោក យី គឹមថាន បានឱ្យដឹងទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការភ្លែនប្រចាំនៅប្រទេសថៃ បានធ្វើការរួមគ្នាដើម្បីបង្កើតឱ្យមានសាលារៀន សហគមន៍ដែលការបង្រៀននោះ មានទាំងភាសាថៃ និងភាសាខ្មែរ។
លោក យី គឹមថាន បានលើកឡើងថា៖ «បញ្ហានៅត្រង់ថា កុមារយើងរៀនភាសាថៃ ពេលមកដល់ស្រុកខ្មែរវិញ តើក្រសួងអប់រំយើងទទួលស្គាល់ការសិក្សារបស់ពួកគេនៅប្រទេសថៃក្នុងកម្រិតណាមួយ»។
ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ចាត់ទុកការជំរុញរបស់នាយករដ្ឋមន្ត្រីដូច្នេះ ថាមានភាពស្របគ្នាក្នុងគម្រោងអនុវត្តមួយចំនួនរបស់អង្គការសង្គមស៊ីវិលរួចស្រេចទៅហើយ។ លោកថា៖ «អាជ្ញាធររដ្ឋគួរបន្តនិរន្តរភាពនៃគម្រោងល្អៗមួយចំនួន របស់សង្គមស៊ីវិលពាក់ព័ន្ធនឹងវិស័យអប់រំដែលគេបានអនុវត្តដោយជោគជ័យ»។
លោកបានលើកជាយោបល់ថា ការផ្ដល់ឱកាសរៀនសូត្រដល់កុមារចំណាកស្រុក គួរផ្ដោតលើតម្រូវការជាក់ស្ដែងថា តើអ្វីទៅជាតម្រូវការពិតប្រាកដរបស់កុមារ នៅក្នុងកម្រិតមួយលើសពីអ្វីដែលសិស្សទូទៅចង់បាន។
នៅកម្ពុជា មិនមានតួលេខផ្លូវការណាមួយបង្ហាញថា កុមារកម្ពុជាប៉ុន្មានភាគរយ ដែលបាត់បង់ឱកាសសិក្សាដោយសារការធ្វើចំណាកស្រុកទៅតាមឪពុកម្ដាយរបស់ពួកគេនោះទេ។
ប៉ុន្តែបើយោងតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលកន្លងមក អត្រាបោះបង់ការសិក្សារបស់សិស្ស នៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់ បន្ទាប់ពីមានកម្មវិធីផ្តល់ស្បៀងអាហារតាមសាលា ដែលមកដល់ពេលនេះ មានសាលាគោលដៅជាង ១ ០០០ សាលាក្នុងខេត្តចំនួន ១០ បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារនេះ៕ រាយការណ៍បន្ថែមដោយ នៅ ស៊ីវុត្ថា