ភ្នំពេញៈ​ នៅក្នុង​ដៃ​ក្តាប់​បាច់​ផ្កាឈូក​ពណ៌​ស​យ៉ាង​ណែន​ជាមួយ​ធូប ​១​ ដុំ​ទៀន ១ ​គូ ​ព្រម​ដំណើរ​មួយៗ​របស់​ស្ត្រី​វ័យ​ពាក់កណ្តាល​ម្នាក់​ កំពុង​ដើរ​សំដៅ​ទៅរក​ហ្វូង​មនុស្ស ​ខណៈ​អ្នកខ្លះ​កំពុង​កាន់​ធូប​លើកដៃ​ប្រណម​នៅ​ពីមុខ​រូប​បដិមា​ពណ៌​ខ្មៅ​រលោង​មួយ​ជំហរ ១ ​អង្គ​ មាន​ភ្នួ​ង​សក់​ និង​រូបលោក​យាយ​ទេព​។​ បន្តិច​ក្រោយមក​គេ​បានឮ​សំឡេង​ភ្លេង​ពិណ​ពាទ្យ​បន្លឺឡើង​ចេញពី​ទីនោះ​ ដែល​មើលទៅ​គេ​អាច​សន្មត​បាន​ថា​ ជា​បូជនីយ​ដ្ឋាន ​ឬ​ជាទី​នៃ​បណ្តុំ​ជំនឿ​មួយ​ដែល​នោះ ​គឺជា​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ​ ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​។

​កំពុងតែ​ឈរ​ញញឹម​ ខណៈ​ដៃ​ទាំង​ ២ ​កាន់​ក្តោប​ផ្កាឈូក​ពណ៌​ស​សម្លឹង​មិន​ដាក់​ភ្នែក​ទៅរក​ទី​គោរព​បូជា​ព្រះអង្គ​ដង​កើ​នោះ អ្នកស្រី​ ទូច ស៊ុន​នី អាយុ​ ៤០​ ឆ្នាំ​បាន​និយាយ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ព្រះនាម​របស់​ព្រះអង្គ​ដង​កើ​ គឺ​អ្នក​ស្រី​បានឮ​ និង​ចាប់​អារម្មណ៍​តាំង​ពី​អ្នក​ស្រី​នៅ​ក្មេងៗ​មកម្ល៉េះ​ ព្រោះ​ម្តាយ​តែង​តែ​នាំ​អ្នកស្រី​មក​បន់ស្រន់​នៅទី​នេះ​។ ​លុះ​នៅពេល​អ្នកស្រី​មាន​ស្វាមី​ក៏​ចាប់ផ្តើម​មាន​ជំនឿ​លើ​ព្រះអង្គ​ដង​កើ​តែម្តង​។ ​អ្នកស្រី​មាន​ជំនឿ​លើ​បារមី​ព្រះអង្គ​ដង​កើ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​តែង​តែ​មក​បន់​ស្រន់​នៅទី​នេះ​ ដើម្បី​សុំ​ពរជ័យ​ ឬ​បែ​បន់​សុំ​អ្វី​មួយ​ដែល​អ្នក​ស្រី​ចង់​បាន​។

​អ្នកស្រី​បន្តថា​៖ «​ខ្ញុំ​ជឿ​លើ​លោក ​(​ព្រះអង្គ​ដង​កើ​)​ ព្រោះ​ពេល​ខ្ញុំ​ជួប​បញ្ហា​ទុក្ខភ័យ​ណា​មួយ​ខ្ញុំ​បន់​ហើយ​ស័​ក្ត​សិទ្ធិ​មែន​ពេលខ្លះ​ខ្ញុំ​ឃើញ​គេ​មក​បន់​ស្រន់ គេ​ចង់​បាន​កូន ​បាន​អីហ្នឹង​ក៏​មក​បន់ស្រន់​កន្លែង​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ដឹង​ប៉ុណ្ណឹង​ឯង​»​។​

​បើ​គេ​បាន​ទៅដល់​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ ​គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជាមិន​ខាន​នៅពេល​ដែល​បានឃើញ​មនុស្ស​ម្នា​គ្រប់​វ័យ​ចោម​រោម​ទី​សក្ការ​បូ​ជា​មួយ​នេះ​។

​មិន​ខុស​អី​ពី​អ្នកស្រី​ ទូច ស៊ុន​នី ទេ ស្ដ្រី​វ័យ ​៧៣ ​ឆ្នាំ​ម្នាក់​ ដែល​ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ដែរ​ថា គាត់​ជឿ​លើ​បារមី​ព្រះអង្គ​ដង​កើ​តាំងពី​ជំនាន់​សម្តេច​សីហនុ​មកម្ល៉េះ​។​ ការជឿ​លើ​បារមី​ព្រះអង្គ​នេះ​ក៏​ដោយ​សារ​តែ​នៅពេល​ដែល​អ្នក​ស្រី​មានទុក្ខ​លំបាក​អ្វីមួយ ​គឺ​តែង​មក​បែ​បន់​ព្រះ​អង្គ​ហើយ​ទទួល​បាន​ដូច​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គាត់​មែន​។​ ហេតុ​ដូច្នោះ​ហើយ ​ទើប​អ្នក​ស្រី ជា​កូន​ខ្មែរ​មិន​អាច​បោះបង់​ចោល​ជំនឿ​មួយ​នេះ​បាន​ឡើយ​។​

​អ្នកស្រី​បន្ត​ថា ​លើស​ពីនេះ​ទៅ​ទៀត​នៅ​ពេល​ដែល​អ្នក​ស្រី​ជួប​ទុក្ខ​លំបាក​ដូច​ជា ​លក់ដូរ​មិន​ដាច់​ឬ​កូនចៅ​ជួប​គ្រោះ​ភ័យ​ណា​មួយ​ដោយ​ចៃដន្យ​ គឺ​អ្នកស្រី​មិន​ភ្លេច​ព្រះអង្គ​ដង​កើ​ទេ​។ អ្នកស្រី​តែងតែ​នឹក​ដល់​គុណ​បារមី​ព្រះអង្គ​ដង​កើ​គ្រប់​ពេល​ ដើម្បី​ឱ្យ​លោក​តាម​ជួយ​ថែរក្សា​នូវ​អ្វីដែល​លោក​ជួយ​បាន​។ ​ម្យ៉ាង​បើតាម​ដែល​អ្នកស្រី​បានដឹង​ គឺមាន​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ក៏​មក​បន់ស្រន់​សុំ​បារមី​ពី​ព្រះអង្គ​ដង​កើ​ឱ្យ​តាម​ជួយ​ថែរក្សា​ដែរ​។​

​អ្នកស្រី​បន្ថែមថា​៖ «សាសនា​ណាក៏​ដោយ ក៏​ប្រៀន​ប្រដៅ​មនុស្ស​មិនឱ្យ​យើង​ដើរទៅ​ឆក់​ប្លន់​គេ​ដែរ គឺ​លោក​តែង​អប់រំ​ទូន្មាន​ឱ្យ​យើង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ហ្នឹង​។ តែ​សំខាន់​គឺ​យើង​ជា​ខ្មែរ​ខ្ញុំ​ត្រូវតែ​មាន​ជំនឿ​លើ​ព្រះអង្គ​»​។​

​បើ​គេ​ក្រឡេក​មក​មើល​គ្រឿង​សក្ការ​បូជា​នៅក្បែរ​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ​វិញ​ឃើញ​មាន​ដូច​ជា ​ស្លាធម៌ ផ្លែ​ដូងខ្ចី​ ផ្កាឈូក​ពណ៌​ស ទៀន​ធូប សត្វ​ចាប​ស្រុក​ដាក់​ក្នុង​ទ្រុង ព្រម​ទាំង​គ្រឿង​សក្ការ​បូជា​ផ្សេងៗ​ទៀត​។​ ដូចដែល​ស្ដ្រី​ឈ្មោះ សុខ​ ជា​ អាយុ​ ៣៤ ​ឆ្នាំ ​ជា​អ្នក​លក់​គ្រឿង​សក្ការ​បូជា​ប្រចាំ​នៅ​ព្រះអង្គ​ដង​កើ បាន​លើក​ឡើង​ថា អ្នកស្រី​មាន​លំនៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ដើម្បី​មក​ទីនេះ​ឱ្យទាន់​ពេល​វេលា​ដើម្បី​លក់​ផ្កា​គឺ​អ្នកស្រី​ត្រូវ​ងើប​ពី​ព្រឹក​ព្រលឹម​ដោយ​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​ដឹក​ផ្កាម្លិះ​ដាក់​ឡាំង​ស្នោ​យក​មក​ទុក​លក់​រហូត​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

​អ្នកស្រី ​សុខ ជា ឱ្យដឹង​ថា ​អាជីព​លក់​ផ្កា​នៅ​ព្រះអង្គ​ដង​កើ​នេះ ​គឺជា​អាជីព​ត​ពី​ម្តាយ​របស់​អ្នក​ស្រី​ដែល​កាលពី​ជាង ​២០ ​ឆ្នាំមុន​ អ្នកស្រី​មាន​វ័យ​ជាង​ ១០​ ឆ្នាំ​ ត្រូវ​បាន​ម្តាយ​យកមក​ជាមួយ​ឱ្យ​ជួយ​ដើរ​លក់​ផ្កា ហើយ​បន្ទាប់ពី​ម្តាយ​មាន​វ័​យចាស់​ជរា​ទៅ​គាត់​ក៏​ទទួល​អាជីព​នេះ​បន្ត​។ ​របរ​លក់​ផ្កា​នៅ​បូជនីយដ្ឋាន​ព្រះអង្គ​ដង​កើ​នេះ​ក្នុង​ ១​ ថ្ងៃៗ​ គាត់​អាច​លក់បាន​ចន្លោះ​ពី​ ៥ ​ម៉ឺន​ ទៅជា​ង​ ១០ ​ម៉ឺន​រៀល​ ហើយ​បើ​ផាត់​ថ្លៃដើម​ចេញ ​(​ថ្លៃ​ទិញ​ផ្កា​) ​គឺ​គាត់​អាច​រកប្រាក់​ចំណេញ​បាន​ប្រហែល ​៥ ​ម៉ឺន​រៀល​ដែរ ដែល​មុខរបរ​នេះ​អ្នកស្រី​បា​នរក​ទទួល​ទាន​អស់​ពេល​ជាង​ ៣ ​ឆ្នាំ​មក​ហើយ​។​

​បើតាម​អ្នកស្រី​ សុខ ​ជា អ្នក​ដែល​មក​បន់ស្រន់​នៅ​បូជនីយ​ស្ថាន​ព្រះអង្គ​ដង​កើ​មាន​ជា​រៀង​រាល់​ថ្ងៃ ​និង​មាន​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​។ ប៉ុន្តែ​ថ្ងៃ​ពិសេស​ដែល​សម្បូរ​អ្នក​មក​បន់​ស្រន់​ច្រើន​ជាង​គេ គឺ​នៅ​ថ្ងៃសីល​ធំ និង​ថ្ងៃសីល​ចិន​។ ម្យ៉ាង​ទៀត ​បើតាម​ការកត់​សម្គាល់​របស់​អ្នកស្រី​ឃើញ​ថា ​មាន​ជន​ចម្រុះ​ជាតិ​សាសន៍​មក​បន់​ស្រន់​នៅទី​នេះ​ ជា​ពិ​ពេ​សជន​ជាតិ​វៀត​ណាម​ច្រើន​ជាងគេ​ តែ​អ្នកស្រី​ក៏​មិន​ដឹង​ថា​មកពី​មូល​ហេតុ​អ្វី​ដែរ​។​

​អ្នកស្រី​បញ្ជាក់​ថា​៖ «​ម្តងម្កាល​មាន​ជនជាតិ​វៀត​ណាម​ប្រហែល ​៧០​ ភាគរយ​ មក​ទីនេះ​តាម​ហ្គា​យ ​(​អ្នក​នាំ​ភ្ញៀវ​) ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ពី​គោល​បំណង​របស់​ពួកគាត់​ទេ​ខ្ញុំ​ឃើញ​ពួក​គាត់​ខ្លះ​ទិញ​ដូង ទិញ​ផ្កា អង្ករ​ ប្រេង​សណ្ដែក​អីហ្នឹង​មក​ដែរ មួយ​ទៀត​នៅពេល​ជិត​រដូវ​ប្រឡង ខ្ញុំ​តែង​ឃើញ​កូន​សិស្ស​ស្រី​ប្រុស​មក​បន់​ស្រន់​ព្រះអង្គ​ដង​កើ​សុំឱ្យ​ប្រឡង​ជាប់​»​។​

​កំពុង​អង្គុយ​នៅក្បែរ​ទី​សក្ការ​បូជា​នេះដែរ​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​ព​ណ៌​ស ​និង​នៅលើ​ស្មា​មាន​បង់​ក្រមា​ពណ៌​ក្រហម​ស្រអាប់​ ដែល​នៅក្នុង​ដៃ​មាន​កាន់​ខ្សែ​អំបោះ​ពណ៌​ក្រហម​ផង​នោះបាន​ប្រាប់ថា ​គាត់​ឈ្មោះ នៅ សាមួន អាយុ ៥១​ ឆ្នាំ​ និង​មាន​គ្នា​ចំនួន​ ៤​ នាក់​ ជា​អ្នក​មើល​ការ​ខុសត្រូវ​នៅ​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ​នេះ​។​

ចំណែក​រូបគាត់​បានធ្វើ​ជា​អ្នក​ថែរក្សា​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ​នេះ​ជាង​៣​ឆ្នាំ​មកហើយ​។ ចំពោះ​អ្នក​ទាំង​ ៤​ នាក់​នេះ ​ត្រូវ​ផ្លាស់​ប្ដូរ​វេន​គ្នា​យាម​ទាំងយប់​ទាំង​ថ្ងៃ​មិនដែល​អាក់​ខាន​ម្តង​ណា​ឡើយ​ ដើម្បី​ចាំ​សម្អាត​ខាង​ក្នុង​និង​បរិវេណ​ជុំវិញ​អាស្រម​ជាប្រចាំ​។​ ក្រៅពី​ការងារ​យាម​កាម​នេះ​គាត់​ក៏​ធ្វើ​ខ្សែ​អំបោះ​ក្រហម​សម្រាប់​ចងដៃ​ឱ្យ​អ្នក​មក​បន់​ស្រន់​ និង​គ្រាន់តែ​សុំ​បារមី​ព្រះអង្គ​ដង​កើ​ឱ្យ​តាម​ជួយ​ថែរក្សា​គេ​តែ​ប៉ុណ្ណោះ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​អាស្រម​មាន​តែ​ព្រះអង្គ​ដង​កើ និង​លោក​យាយ​ទេព​ទេ ហើយ​លោក​ទាំង ​២​ មាន​បារមី​ស័ក្តិ​សិទ្ធិ​ដែល​ប្រជា​ពលរដ្ឋ​គ្រប់ទិ​សទី​តែងតែ​មក​បែ​បន់​សុំឱ្យ​លោក​ជួយ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​បារមី​របស់​ព្រះអង្គ​ដង​កើ​ និង​លោក​យាយ​ទេព​ខ្លាំង​ពូកែ​យ៉ាង​ម៉េច​ទេ​តែ​ខ្ញុំ​ ឮ​អ្នក​ដែល​មក​បន់​ស្រន់​ថា​ស័ក្តិសិ​ទ្ធិ​មែន​ពេលខ្លះ​គេ​មក​លាបំណន់​ដោយ​ថ្វាយ​ភ្លេង​ពិណ​ពាទ្យ និង​គ្រឿង​សក្ការ​បូជា​ផ្សេងៗ​ផង​»​។​

​ពាក់ព័ន្ធ​ជំនឿ​លើ​ព្រះអង្គ​ដង​កើ​នេះ លោក​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ លោក សំបូរ ម៉ា​ណ្ណា​រ៉ា បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​ថា ក្នុង​ដំណាក់​កាល​នៃ​ការ​កកើត​ដំបូង​នៃ​ទឹកដី​ចតុមុខ​នេះ ​ទឹក​ទន្លេ​មេគង្គ​របស់​យើង​ប្រសព្វ​គ្នា​នៅ​ចំ​ទន្លេ​ ៤​ មុខ​។​ កាលពី​យូរលង់​មកហើយ​នៅ​ចំ​ពីមុខ​នៃ​មុខ​ព្រះ​បរម​រាជវាំង​ជាទី​ក​ន្លែ​ង​មួយ​សម្រាប់​ជា​កំពង់​ចំណត ​ឬក៏​អាច​ថា​ជា​កន្លែង​មួយ​ដែល​ត្រូវ​មនុស្ស​ទាំង​អស់​បាន​ចូល​មក​ ដើម្បី​គោរព​បូជា​ចំពោះ​អតីត​ព្រះមហា​ក្សត្រ​ខ្មែរ​ កាល​ពី​សម័យ​មុន​។​

​លោក​បាន​បន្ដថា​៖ «​បើ​និយាយ​ទៅ ​គឺជា​កន្លែង​មួយ​សម្រាប់​អ្នកធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ដែល​ពេល​ឆ្លងកាត់​ពេល​ណា​ក៏ត្រូវ​តែ​គោរព​ការ​តាំងទី​របស់​ព្រះអង្គ​នៅ​តំបន់​នោះ​ដែល​ជាទី​សក្ការ​បូជា​របស់​មនុស្ស​ទាំង​ឡាយ​អ៊ីចឹង​ទេ​ ដើម្បី​រំឭក​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​បានធ្វើ​ដំណើរ​កាត់​តាម​ដង​ទន្លេ​ហ្នឹង ​គឺ​គេ​ត្រូវ​លើក​ទង់​ជាស​ញ្ញា​មួយ​នៅត្រង់​ពយ​ខាងមុខ​ព្រះបរមរាជវាំង​ហ្នឹងឯង​»​។​

​លោក​សាស្ត្រ​ចា​រ្យ​បន្តថា ការ​លើក​ទង់​បែបនេះ​ គឺ​ដើម្បី​ជា​សញ្ញា​ប្រាប់​ឱ្យដឹ​ង​ដល់​អ្នក​ធ្វើដំ​ណើរ​តាម​ទូក​ថា​ជាទី​កន្លែង​ដែល​ពួក​គេ​ធ្វើការ​គោរព​បូជា​ហើយ​ការធ្វើ​ជា​បណ្តើរៗ​ទៅ​ក៏​ក្លាយ​ទៅ​ជា​ទីតាំង​សំចត​ និង​ជាទី​តាំង​ចូលមក​គោរ​ពបូជា​របស់​អ្នក​ធ្វើដំណើរ​តាម​ទូក​។ ​កាល​នោះ​មាន​ពួក​ក្រុម​យួន​ ឬ​ពួក​អាណា​ម​ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ដែរ​ក៏​ប្រសិទ្ធ​នាម​ហៅ​ទីកន្លែង​នោះ​ថា​ ជា​ [​ដង​]​ និង ​[​កើ​]​ ក៏ប៉ុន្តែ​ក្នុង​ន័យ​របស់​ខ្មែរ​យើង​វិញ ​គឺជា​ទីកន្លែង​គោរព​សក្ការ​បូជា​មួយ ​ហើយ​បើ​យើង​និយាយ​ឱ្យចំ​ទៅ​តែង​តែ​និយាយ​ថា​យើង​ទៅ​កំពង់​។​

​លោក​ឱ្យដឹង​ថា​ នៅមុខ​វាំង​យើង​ក៏​អ៊ីចឹង​ដែរ ​គឺជា​ប្រវត្តិ​មួយ​នៃ​ព្រះអង្គ​ដង​កើ​ជាទី​កន្លែង​ស័ក្តិ​សិទ្ធិ​ដែល​មនុស្ស​ទាំង​អស់​នោះ​ចេញ​ចូល​តាម​ផ្លូវ​ទឹក​ហើយ​ដល់​ទៅ​ពួកគេ​ប្រកប​មុខ​របរ​រកស៊ី​ជួញ​ដូរ​អី​បានល្អ​ទៅ​ក៏​ពួកគេ​ចាត់​ទុក​ថា ​ជាទី​កន្លែង​ស័ក្តិ​សិទ្ធិ​ទៅ​ពេល​គេ​ធ្វើ​ជំនួញ​បានល្អ​ទៅ ក៏​គេ​ធ្វើជា​តង្វាយ​មាន​ក្បាល​ជ្រូក ផ្លែឈើ​ដល់​តែ​យូរៗ​ទៅ​ក៏​គេ​ឱ្យ​តម្លៃ​ថា​ជាទី​កន្លែង​ពូកែ​ស័ក្តិ​សិទ្ធិ​»​។​

​លោក​បញ្ជាក់​ថា​៖ «​យើង​គួរ​គិត​ពិចា​រណា​កុំឱ្យ​ដាក់​ជំនឿ​គំនិត​និយម​ឱ្យចូល​ទៅ​ក្នុង​ផ្នត់​គំនិត​ខ្លាំង​ពេក​ដើម្បី​ឱ្យ​មនុស្ស​ជឿ​ទៅ​លើ​ការ​សិក្សា​អំពី​ភូមិ​សាស្ត្រ ​និង​សិក្សា​អំពី​តម្លៃពិត​នៃ​កិច្ច​រស់នៅ​របស់​ខ្លួន​។​ យើង​ប្រឡង​ជាប់​មិនមែន​ដោយសា​រ​ការ​បន់​ស្រន់​ទេ​ត្រូវតែ​រៀន​ដែរ ជំងឺ​ជា​មិនមែន​ដោយ​សារតែ​បែ​បន់ទេ ​ត្រូវតែ​ព្យា​បាល​ដែរ ក៏ប៉ុន្តែ​ជា​អាគម​ផ្សំ​អាយុ​បើ​គេ​បន់​ទៅ​គេ​បានជា​គេ​ថា​ ព្រះអង្គ​ជួយ​ច្រើន​ណាស់​បានជា​យើង​ជា​ពី​ជំងឺ​ចុះបើ​បន់ស្រន់​ទៅ​មិនជា​និង​ងាប់​បាត់​ទៅ​អាហ្នឹង​យ៉ាង​ម៉េច​ដែរ​?​អ៊ីចឹ​ង​គួរតែ​យក​វិទ្យា​សាស្ត្រ​ពាក់​កណ្តាល​មក​ធ្វើការ​ពិចា​រណា​»៕

​រាយកា​រណ៍​បន្ថែមៈ ​ឈ្មោះ ​ហុង សេរី​ហ្វុ​ង , រី សុ​ភី​ម​, សោម ស្រី​ពេជ្រ​,​ ហៀ​ប ស៊ី​ថេត​