ភ្នំពេញៈ នៅ​តាម​ដង​ផ្លូវ និង​ស្ដុប​មួយ​ចំនួន ​នៃ​រាជ​ធានី​ភ្នំពេញ​ គឺ​ឃើញ​មាន​ការកើន​ឡើង​វិញនូវ​ជន​មាន​ពិការភាព​ ដែល​ច្រៀង​តាម​ដង​ផ្លូវ ​ដើម្បី​សុំ​ប្រាក់​បន្តិចបន្តួច​ពី​អ្នក​ធ្វើដំណើរ​គ្រាន់​ចិញ្ចឹម​ជីវិត។ ប្រធាន​សមាគម​តន្ត្រី​ជនពិការ​កម្ពុជា​ លោក​ ជា ហ៊ួត ​ដែល​ជា​ជនពិការ​ភ្នែក​ប្រាប់​ថា​ ស្ថាន​ភាព​ជន​ពិការ​ក្នុង​សមាគម​ចប្ចុប្បន្ន​ មិន​មាន​លក្ខណៈ​រួម​ដូច​មុន​ឡើយ ​ត្រូវ​ចេញ​ទៅ​រក​ចំណូល​រៀងៗ​ខ្លួន​ ដោយសារ​មិន​មាន​សប្បុរស​ជន​ជួល​ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន ​និង​កម្មវិធី​ផ្សេងៗ​។

លោក​បញ្ជាក់ថា ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង​សុខភាព​របស់​ពួក​គាត់ បើ​ទោះ​បី​ជា​ទទួល​បាន​ការ​គាំ​ពារ​ពី​រាជ​រដ្ឋាភិបាល​ក៏ដោយ ក៏​នៅតែ​មាន​ភាព​ខ្វះ​ចន្លោះ ​ព្រោះ​ពួក​គាត់​មិន​អាច​ចូល​រួម​ទាម​ទារ​ឱ្យ​វិស័យ​ឯកជន ​គោរព​តាម​ការស្នើ​សុំ​ពី​រាជ​រដ្ឋាភិបាល​បាន​ឡើយ​។

លោក ​ជា ហ៊ួត ​លើក​ឡើង​ថា​៖ «ធម្មតា​យូរ​ៗ​ទៅ ​វា​មាន​ការថយ​ការឧបត្ថម្ភ​របស់​អតិថិជន ​គាត់​ឧបត្ថម្ភ​នឹង​ធ្លាក់​ទៅៗ​ សឹង​តែ​មិន​រួច​ការចំណាយ​មួយ​ព្រឹកៗ ​ពេល​ច្រៀង​ម្ដងៗ​។ ប៉ុ​ន្តែ​យើង​អត់​មាន​ជម្រើស​ទេ​ នៅ​តែ​ធ្វើ​អាហ្នឹង​ដដែល​។ ដោយ​សារ​សមត្ថភាព​យើង​មិន​អាច​ទៅ​បាន​ក្រៅ​ពី​ច្រៀង​ ហើយ​អាល័យ​តែ​ចាប់​យក​សមត្ថភាព ​បោះ​បង់​មុខ​របរ វា​ពិបាក​អ៊ីចឹង​»។

លោក​បន្ថែមថា ​សូម្បី​តែ​ការរស់​នៅ​សព្វ​ថ្ងៃ​នេះ ​ជន​ពិការ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ស្វយ័ត​ខ្លួន​ឯង​បាន​ទេ គឺ​ត្រូវ​ពឹង ឬ​ជួល​អ្នក​ផ្សេង ​មិន​ដូច​ជន​ពិការ​ប្រទេស​ក្រៅ ​គឺ​អាច​ទៅ​ណា​មក​ណា​ដោយ​ខ្លួន​ឯង​បាន​។

ចំណែក​ លោក ​អ៊ុក សូឡាវី ​អាយុ ​៥១ ឆ្នាំ ​ជា​ជន​ពិការ​ភ្នែកបាន​ប្រាប់​ថា​ ចាប់​តាំង​ពី​កូវីដ​មក មិន​សូវ​មាន​សប្បុរស​ជ​ន​ណា​​ជួល​ជន​ពិការ​ក្នុង​សមាគម​ទៅ​ច្រៀង​ឡើយ​ ហើយ​សមាគម​នេះបាន​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​មាន​ថវិកា​គាំ​ទ្រ​ពី​រដ្ឋាភិបាល និង​ពី​អង្គការ​ណាទេ​។

លោក អ៊ុក សូឡាវី និយាយថា៖«បច្ចុប្បន្ន​នេះ ខ្ញុំ​ទៅ​ច្រៀង​នៅ​ស្តុប​ជាយ​ក្រុង រក​មិន​សូវ​បាន​ទេ គ្រាន់​តែ​ថា​ អាច​ទិញ​ម្ហូប [ទិញ​បាយ​] អី​ហូប​បាន​»។

លោកបន្តថា មាន​ថ្ងៃ​ខ្លះ​រក​មិន​ចង់​គ្រប់​ផង ពី​ព្រោះ​មើល​ទៅ​តាម​ស្ថានភាព ដោយ​សារ​ទំនិញ​វា​ឡើង​ថ្លៃ​។ អ៊ីចឹងហើយ​មួយ​ទៀត​រដូវ​មេឃ​ភ្លៀង​អ៊ីចឹង រឹត​តែ​ពិបាក​រក​​។ ជីវភាព​សព្វ​ថ្ងៃ​នេះ កុំ​តែ​បាន​ការ​​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ខ្លះ កុំ​អី​ប្រឈម​ផល​វិបាក​ខ្លាំង​ហើយ ក្នុង​ការ​រស់​នៅ​។

ជុំ​វិញ​រឿង​នេះ ​លោក ​ម៉េត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញប្រាប់​ថា ​កន្លង​មក​នេះ ​អាជ្ញាធរ​មាន​ចំណាត់​ការ​ទៅ​លើ​ជន​ពិការ​ដែល​ច្រៀង​តាម​ស្តុប​នានា​រួច​ហើយ​ ប៉ុន្តែ​ដោយ​សារ​វិធាន​ការ​ទាំង​នេះ​យូរ​ហើយ វា​អាច​នឹង​បង្ក​ឡើង​វិញ​។

លោក​ ម៉េត មាសភក្ដី ​ថ្លែងថា​៖ «យើង​មាន​វិធាន​ផ្លូវ​ច្បាប់​រួច​ហើយ ដោយ​អនុវត្ត​ពី​មន្ទីរ​សង្គម​កិច្ច។ អ៊ីចឹង​យើង​នឹង​បន្ត​ចុះ​ត្រួត​ពិនិត្យ ​និង​ចាត់​វិធានការ​របស់​យើង​ទៅ»។

រីឯ​លោក ​ឯម ច័ន្ទមករា ​អគ្គ​លេខាធិកា​រក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ បាន​ប្រាប់​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការកើន​ឡើង​ជនពិការ​ច្រៀង​តាម​ស្តុប​ទាំង​អស់​នេះ ​គឺ​ទី​១​ ដោយសារជន​ពិការ​ទាំង​នោះ មិន​ព្រម​ទទួល​យក​ការ​អញ្ជើញ​របស់​ក្រសួង​សង្គម​កិច្ច ​ឱ្យពួក​គាត់​ស្នាក់​នៅ​មជ្ឈ​មណ្ឌល ​ហើយ​ទទួល​យក​របប​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​កំណត់​។ ​ទី២​ ពួក​គាត់​យល់​ឃើញ​ថា​ ការប្រគំ​តន្ត្រី​នៅ​តាម​ស្តុប​នានា ​គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង ហើយ​វា​ជា​សិទ្ធិ​របស់​ពួក​គាត់​។

លោក​ ឯម ច័ន្ទមករា​ ថា​៖ «អ៊ីចឹង​គាត់​យល់​ឃើញ​ថា ការ​ផ្គត់​ផ្គង់​របស់​ក្រសួង ឬ​មួយ​ថា ​របស់​រដ្ឋាភិបាល គឺ​គាត់​គិត​ថា​ រក​ប្រាក់​ដោយ​ខ្លួន​ឯង​មាន​ភាព​ប្រសើរ​ជាង។ យើង​យល់​ឃើញ​ថា ​វា​អត់​មាន​រឿង​អី​ធំ​ដុំ​ដែរ​ទេ គឺ​ដោយ​សារ​តែ​ជីវភាព គឺ​ពួក​គាត់​​ត្រូវ​ទៅប្រគំតន្ត្រី​នៅ​តាម​ស្តុប​នា​នា ដើម្បី​រក​ថវិកា រក​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​គាត់​ និង​សមាគម​គាត់​ អ៊ីចឹង​វា​ជា​រឿង​ធម្មតា​ទេ»។

លោក​បញ្ជាក់ដែរ​ថា​ ខាង​ក្រសួង​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យជន​ពិការ​ទាំង​នោះ ទៅ​ប្រកប​មុខ​របរ​ច្រៀង​តាម​ស្តុ​ប​ដែរ ពីព្រោះ​មុខ​របរ​នេះ គឺ​វា​ប្រឈម​នឹង​ហានិភ័យ​ច្រើន ដូច​ជា គ្រោះ​ថ្នាក់​ចរាចរណ៍ និង​បញ្ហា​សុខ​ភាព​របស់​ពួក​គាត់​ពេល​ត្រូវ​ភ្លៀង ត្រូវ​ក្ដៅ​ជា​ដើម។

លោក ​ឈ បុណ្ណារដ្ឋ ​មន្ត្រី​កម្ម​វិធី​អង្គការ​ជន​ពិការ​កម្ពុជា ថ្លែង​ថា​ ជា​រួម​ភាគី​ច្រើន​ជា​ជន​ពិការ​ភ្នែក​ដែល​ច្រៀង​តាម​ស្តុប និង​​ដង​​ផ្លូវ​នា​នា ព្រោះ​ជន​ពិការ​ភ្នែក ​មិនអាច​មានមុខ​របរ​អ្វី​ក្រៅពី​ច្រៀង​ទេ។ ចំណែក​ខាង​នាយកដ្ឋាន​នៅ​ក្រសួង​សង្គមកិច្ច ​និង​រដ្ឋាភិបាល​កន្លង​មក​ គឺ​មាន​កន្លែង​សម្រាប់​ឱ្យ​ពួគគាត់​ច្រៀង ​ប៉ុន្តែ​កន្លែង​នោះ​មាន​ជនពិការ​ច្រើន​ ហើយ​រក​ចំណូល​បានតិច។

លោក​ ឈ បុណ្ណារដ្ឋ ​លើកឡើង​ថា​៖ «ប្រសិនជា​រាជរដ្ឋាភិបាល​គាត់​អាច​ ផ្ដល់​ដំណោះ​ស្រាយ​ សម្រាប់​ជនពិការ​ភ្នែក​ ក្រៅពី​ការច្រៀង ​ដូចជា ​ផ្ដល់​ឱកាស​ការងារ​សមរម្យ ​និង​វគ្គ​បណ្ដុះបណ្ដាល​ទៅកាន់​ពួគគាត់​អំពី​វគ្គ​ជំនាញ​ណាមួយ​ដែល​ពួគគាត់​អាច​ធ្វើបាន​អ៊ីចឹង»។

ប្រធាន​នាយក​ដ្ឋាន​សុខុមាលភាព​ជនពិការ ​លោក ​សាន់ រតនា ​ថ្លែងដែរ​ថា​ កន្លង​មក ​ខាង​ក្រសួង​បាន​ជួប​ប្រជុំ​ និង​ដោះ​ស្រាយ​ ជាមួយ​ជន​មាន​ពិការភាព ​ដើម្បី​រក​លទ្ធភាព​យ៉ាង​ម៉េច​ ក្នុង​ការផ្ដល់​ព័ត៌មាន​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង ​ព្រោះ​បញ្ហា​ដង​ផ្លូវ​នេះ ​គឺ​សុវត្ថិភាព​ទាំង​ពួកគាត់ ​និង​អ្នក​ដំណើរ​ផង​ដែរ។

លោក ​សាន់ រតនា ​ថ្លែងថា​៖«យើង​មាន​យន្ត​ការ​ក្នុង​ការ​ជួយ​គាត់ គឺ​ផ្ដល់​ទីតាំង​កន្លែង​សម​រម្យ​សម្រាប់​គាត់​ច្រៀង និង​សម្រាប់​គាត់​ស្នាក់​នៅ ជា​ពិសេស ​គាត់​មាន​បណ្ណ​ក្រីក្រ ​បាន​ទទួល​ការឧបត្ថម្ភ​សាច់​ប្រាក់​ជា​រៀង​រាល់​ខែ»។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​រៀបចំ​ទីកន្លែង​ចំនួន​ ៣ ​សម្រាប់​ឱ្យជន​ពិការ​បាន​ប្រគំ​តន្ត្រី ​ដូចជា ​នៅ​មុខ​វត្ត​បទុម​ វត្តភ្នំ ​និង​អតីត​ទីលាន​ប្រជាធិបតេយ្យ​៕