ភ្នំពេញៈ ​ក្រោម​កិច្ច​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ​និង​រដ្ឋាភិបាល​អូស្ត្រាលី ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់​ GIZ ដោយ​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ​(UNDP) ​ក្រសួង​ផែនការ ​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នីតិវិធី​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រី​ក្រ​ថ្មី ​និង​ការពង្រីក​វិសាលភាព​គ្របដណ្តប់​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​។​

លោក​ ឆាយ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ ​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ​១២ ​ខែតុលា​ថា​ គោលបំណង​សំខាន់ ​នៃ​ការប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​នីតិវិធី​ថ្មី ​ស្តីពី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ​និង​ការពង្រីក​វិសាលភាព​គ្របដណ្ដប់​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ នៅពេល​នេះ​ មាន​គោលបំណង​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​ចំនួន​ ៧​ គឺទី១​ ភាព​ធន់​នៃ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​ទី​២ ​ការផ្លាស់ប្តូរ​ពី​ការប្រមូល​ទិន្នន័យ​​តាម​ជុំ​ទៅជា​ការប្រមូល​ទិន្នន័យ​តាម​តម្រូវការ ​ទី​៣ ​បរិយាប័ន្ន​នៃ​គ្រួសារ​ងាយ​រង​ហានិភ័យ ​(គ្រួសារ​ក្បែរ​ក្រ) ទី៤​ ការធ្វើ​បច្ចុប្បន្ន​កម្ម​របៀបរបប​គណនា​ពិន្ទុ ​និង​កម្រង​សំណួរ ​ទី​៥ ​ដំណើរការ​ឌីជីថល​ភាវូបនីយកម្ម ​ពី​ការធ្វើការងារ​ដោយ​លើ​ក្រដាស​ទៅ​ការកាត់ត ​និង​ការ​រក្សា​ទុក​ទិន្នន័យ​តាមរយៈ​ឌីជីថល​ ទី៦ ​មុខងារ​ថ្មី​នៅក្នុង​នីតិវិធី គឺ​ការកែសម្រួល ​និង​លុប​ទិន្នន័យ​ដែល​បាន​បញ្ចូល ​និង​ទី​៧​ យន្តការ​គណ​នេយ្យភាព ​គឺមតិ​ជំទាស់ ​និង​សំណូមពរ​។​

លោក​បន្តថា គ្រួសារ​ដែល​ត្រូវ​កំណត់​អត្តសញ្ញាណ ​គឺជា​គ្រួសារ ​រស់នៅ​ក្បែរ​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ ​និង​ងាយ​រងគ្រោះ​ចំនួន​ ៥ ​ប្រភេទ​ ដូចជា​គ្រួសារ​មាន​សមាជិក​មាន​ពិការភាព ​គ្រួសារ​មាន​សមាជិក​ចាស់ជរា​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ ​គ្រួសារ​ដែលមាន​សមាជិក​សុទ្ធតែ​អាយុ​ក្រោម​ ១៨​ ឆ្នាំ​ គ្រួសារ​មាន​កុមារ​អាយុ​ក្រោម​ ២ ឆ្នាំ ​និង​គ្រួសារ​មាន​មេ​គ្រួសារ​ជា​ស្ត្រី ​ក៏​នឹង​ត្រូវ​កំណត់​អត្តសញ្ញាណ​និង​ចុះឈ្មោះ​នៅក្នុង​មូលដ្ឋាន ​ទិន្នន័យ​ក្រសួង​ផែនការ​។ ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យ ​ក៏​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមការងារ​ឃុំ ​សង្កាត់ ​ក្រោម​ការដឹកនាំ​របស់​ក្រសួង​ផែនការ​ ដោយ​មាន​ការគាំទ្រ​ពីមន្ទីរ​ផែនការ​រាជធានី​-ខេត្ត​។​

បើ​តាម​លោក​ ឆាយ ថន ​ក្រសួង​ផែនការ​បាន​ដំណើរការ ​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ នៅលើ​ផ្លូវ​ ១ ​ដ៏​វែងឆ្ងាយ​។ កាលពី​ ១៥​ ឆ្នាំមុន​ នៅពេល​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង ​ឈរ​លើ​មាគ៌ា​ឆ្ពោះទៅ​រក​ការការពារ​សង្គម​កាន់​តែ​ប្រសើរ ​និង​វិបុលភាព​រួម​មួយ ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ​គឺជា​យន្តការ​ជាតិ​ដំបូង​គេ ​ត្រូវបាន​រៀបចំ ​និង​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

បច្ចុប្បន្ន​តាមរយៈ​យន្តការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​គឺ​ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ប្រទេស​ទទួលបាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ឡើងៗ​ ហើយ​ទិន្នន័យ​ដែល​ប្រមូលបាន​តាមរយៈ​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​ត្រូវបាន​បង្ហាញឱ្យឃើញ​ពី​គុណ​តម្លៃ​យ៉ាង​សំខាន់​មិន​ត្រឹមតែ​សម្រាប់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏មាន​ដៃគូ​អភិវឌ្ឍន៍ ​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​អ្នកពាក់ព័ន្ធ​ដទៃ​ជាច្រើន​ទៀត​បាន​យក​ទិន្នន័យ​នេះ​ទៅប្រើ​ជា​មូលដ្ឋាន​សម្រាប់​កិច្ចការ​អន្តរាគមន៍​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​ភាពក្រីក្រ​ តាមរយៈ​សកម្មភាព​អាទិភាព​របស់​ខ្លួន​ជាច្រើន​។​

លោក​ថ្លែងថា​៖ «កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ ​បាន​អនុញ្ញាតឱ្យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​មាន​ការវិវឌ្ឍ​ជា​លំដាប់​សម្រាប់​វិធានការ​អន្តរាគមន៍ ​គាំពារ​សង្គម​នៅ​កម្ពុជា​។ ក្រសួង​ផែនការ ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ ដោយសារ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ​ត្រូវបាន​រាជរដ្ឋាភិបាល ​និង​ដៃគូ​អភិវឌ្ឍន៍​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ​សម្រាប់​ការអន្តរាគមន៍​គាំពារ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ​ឬ​គ្រួសារ​ក្រីក្រ»។​

បើ​តាម​លោក ​ឆាយ ថន ​ ចាប់តាំង​ពី​ឆ្នាំ​ ២០០៧ ​ទិន្នន័យ​គ្រួសារ​ក្រីក្រ ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រសួង​សុខាភិបាល ​និង​អង្គការ​នានា ​សម្រាប់​ជា​មូលដ្ឋាន​ផ្តល់​សេវា​សុខភាព​ជូន​ដល់​គ្រួសារ​ក្រីក្រ​។ ឆ្នាំ​ ២០០៨ ​នៅពេល​កម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​ គ្រួសារ​ក្រីក្រ​ដែលមាន​បណ្ណសម​ធម៌ ​ត្រូវបាន​គិតគូរ ​ជាពិសេស​សម្រាប់​អន្តរាគមន៍​ជំនួយ​សង្គម​ជាការ​ឧបត្ថម្ភ​ស្បៀងអាហារ​។ ទិន្នន័យ​គ្រួសារ​ក្រីក្រ ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កម្មវិធី​ស្បៀង​ពលកម្ម ​និង​ការផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ថ្នាក់​បឋមសិក្សា ​ឆ្នាំ​ ២០១៩​។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម​២​ឆ្នាំ ​គ្រួសារ​ក្រីក្រ​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ និង ​លើកកម្ពស់​សុខុមាលភាព​មាតា ​និង​ទារក ​ព្រមទាំង​រួមចំណែក​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ​របស់​កុមារ ​ចាប់តាំងពី​កូន​ក្នុង​ផ្ទៃ ​រហូតដល់​អាយុ​ ២ ​ឆ្នាំ ​និង​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា ​និង​បញ្ញា​ស្មារតី​។ ឆ្នាំ​ ២០២០ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​។ ក្នុង​ឆ្នាំ​ ២០២២​ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា​បន្ថែម​ទៀត​។​

លោក​ អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូថ្លែងថា ​ការដាក់ចេញ​យន្តការ​នៃ​ការគាំពារ​សង្គម​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ​គឺជា​កិច្ចការ​សំខាន់ ​និង​ចាំបាច់​បំផុត ​ព្រោះ​កន្លងមក ​ទាំង​កម្ពុជា ​ក៏ដូចជា​ពិភពលោក ​បាន​ជួប​បញ្ហា​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​មុខរបរ ​និង​ធ្លាក់ខ្លួន​ក្រីក្រ​។ ដូច្នេះ ​អ្វី​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​គោល​នយោបាយ​គាំពារ​សង្គម ​ដោយ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ​និង​មាន​ហានិភ័យ ​គឺ​ដើម្បី​ទទួល​ជំនួយ​សង្គម​ពី​រាជ​រដ្ឋាភិបាល​។​

លោក​ថ្លែងថា​៖ «ការដាក់ចេញ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាលល្អ ​ប៉ុន្តែ​ធ្វើយ៉ាង​ណា ​អាជ្ញាធរ ​ក្រសួង​ស្ថាប័ន ​ឬក៏​គណៈកម្មការ​ពាក់ព័ន្ធ​ក្នុង​ការវាយ​តម្លៃ​ហ្នឹង ​ឱ្យមាន​តម្លាភាព ​និង​យុត្តិធម៌ ​ហើយ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ​អាច​ទទួលបាន​កិច្ច​គាំពារ​សង្គម​នេះ»។

ទោះជា​យ៉ាងនេះ​ក្តី ​បើតាម​លោក​ ឆាយ ​ថន ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ​និង​ការវិនិយោគ​ប្រកប​ដោយ​និរន្តរភាព​ទៅ​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​ក្រីក្រ ​ខណៈ​មាន​ការរីក​រាលដាល​សកល​នៃ​ជំងឺ​កូវីដ ១៩​ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ជាច្រើន​។ កិច្ចសហការ​ជាមួយ​ក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា​ (មូលនិធិ​ជាតិ​ជំនួយ​សង្គម) ​ក្រោម​ឆត្រ ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ ១៩ ​ដែល​បាន​ចាប់ផ្តើម​ពី​ខែមិថុនា ​ឆ្នាំ​ ២០២០ ​រហូតដល់​បច្ចុប្បន្ន ​បាន​ចំណាយ​ថវិកា​ជាតិ​អស់​រង្វង់​ ៨០០​ លាន​ដុល្លារ​អាមេរិក​ ទៅដល់​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​ប្រមាណ​ ៧០០ ០០០ ​គ្រួសារ ​ប្រហែល ២,៨​ លាន​នាក់​៕