​ភ្នំពេញៈ អ្នកជំនាញ នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ កម្ពុជា (WCS) បញ្ជាក់ថា មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា​សត្វព្រៃ​អាចជួយ​ឱ្យ​សុខភាព​ល្អ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​នោះទេ​។​ ការយល់​បែបនេះ​គ្រាន់តែ​ជា​ជំនឿ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ប៉ុណ្ណោះ ហើយ​ការជឿ​បែបនេះ​ជា​ចំណែក​ដែលនាំឱ្យ​មានការ​សម្លាប់ ការទិញ និង​ទទួលទាន​សាច់សត្វ​ព្រៃ​។​

នេះ​ជាការ​លើកឡើង​របស់លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង និង​ទន្លេមេគង្គ នៃ​អង្គការ WCS នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​កម្ពុជា ក្រោម​ប្រធានបទ​៖​ការពារ​សត្វព្រៃ​យើង ​«​កាត់បន្ថយ​ការទិញ និង​ការហូប​សត្វព្រៃ​»​។ ដែល​រៀបចំឡើង​ដោយ គម្រោង​អនាគត​បៃតង​កម្ពុជា នៃ​អង្គការ USAID នៅ​សណ្ឋាគា​សាន់វ៉េ នៅ​ថ្ងៃទី ១២ ​ខែតុលា​​។

លោក​ថ្លែងថា​៖ «​ប្រជាជន​ខ្លះ​គាត់​គិតថា ​ពពួក​សត្វព្រៃ​ហ្នឹង​ជា​ជំនួយ​ក្នុង​ការជួយ​សុខភាព​របស់​យើង និង​ព្យាបាល​ជំងឺ​ផ្សេងៗ​។​នេះ​គ្រាន់តែ​ជាការ​ជឿ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​លក្ខណៈ​វិទ្យាសាស្ត្រ ដូចជា​អត់​ទាន់​មានការ​សិក្សា​ត្រឹមត្រូវ​ទេ​។​អ៊ីចឹង​ភាគច្រើន​ជា​ជំនឿ​។ ​ជំនឿ​ហ្នឹងហើយ​ដែលនាំឱ្យ​ប្រជាជន​ត្រូវការ ឬ​ត្រូវ​ទៅ​ទិញ ឬ​ទៅ​ចាប់​សត្វព្រៃ​យកមក​ហូប​ ឬ​ធ្វើ​ថ្នាំ​អី​ជាដើម​»​។

អ្នកជំនាញ​នៃ​អង្គការ WCS បានឱ្យដឹង​ទៀតថា សត្វព្រៃ​ទាំងអស់​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ពោល​គឺជា ខ្សែចង្វាក់​អាហារ​នៅក្នុង​ធម្មជាតិ ព្រោះ​សត្វ​នីមួយៗ​មាន​តួនាទី​ផ្សេងៗ​គ្នា​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី បើសិនជា​បាត់​សត្វ​ប្រភេទ​ណាមួយ​នឹង​បណ្តាលឱ្យមាន​ការប៉ះពាល់​នៅ​ផ្នែក​ណាមួយ​មិន​ខាន ដែល​ជួនកាល​ភ្លាមៗ គេ​មិនអាច​មើល​ដឹង​ឡើយ ប៉ុន្តែ​ក្នុងអំឡុងពេល​យូរ​ណាមួយ​វា​នឹង​បង្ហាញ​ពី​ការខ្វះខាត​មិន​ខាន​។

លោក​បញ្ជាក់ថា​៖ «​ឧទាហរណ៍ សត្វ​ខ្លា​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ ខ្លា​មាន​សារៈសំខាន់គឺ​វា​អាច​ស៊ី​ប្រភេទ​សត្វ​ផ្សេងៗ​ទៀត អ៊ីចឹង​ក្នុងករណី​ដែល​ខ្លា​បាត់បង់​ទៅធ្វើ​ឱ្យ​សត្វ​ផ្សេងៗ​ទៀត​នឹងមាន​ការកើនឡើង​ហួស​ពី​តុល្យភាព​នៅក្នុង​បរិស្ថាន​»​។

បើតាម​លោក​ សោម ស៊ីថា ការការពារ​បាន​នូវ​សត្វព្រៃ​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យសេដ្ឋកិច្ច​កម្ពុជា​។ ជាក់ស្តែង​នៅ​តំបន់​ការពារ គឺ​ប្រជាជន​ជាច្រើន​អាច​ទទួលបាន​ផល​ពី​ការងារ​ការពារ អភិរក្ស ឬ​អាច​ស្វែងរក​អនុផល​ផ្សេងៗ ដូចជា​ផ្សិត និង​ទឹកឃ្មុំ​ជាដើម​។ ការការពារ​សត្វព្រៃ​បាន​ក៏​រួមចំណែក​ដល់​ការទាក់ទាញ​ទេសចរ​ដែល​រកចំណូលបាន​ច្រើន​បន្ថែមទៀត​ផងដែរ​។​ជាមួយគ្នា​នោះ​សត្វព្រៃ​ក៏​រួមចំណែក​ក្នុងការ​លើកកម្ពស់​មុខ​មាត់​ប្រទេសជាតិ​ទៀតផង ប៉ុន្តែ​បើសិនជា​បាត់បង់​ទៅវិញ​នោះ នឹង​នាំឱ្យ​ប៉ះពាល់​ដល់​មុខមាត់​សង្គមជាតិ​ទាំងមូល​វិញ​។

គម្រោង​អនាគត​បៃតង​កម្ពុជា USAID បានបញ្ជាក់​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ដាក់តាំង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ​សណ្ឋាគារ​សាន់វ៉េថា ការ​លើកឡើងថា ការហូប​សាច់សត្វ​ព្រៃ​ល្អ​សម្រាប់​សុខភាព គ្រាន់តែ​ជាការ​និយាយ និង​អនុវត្ត​តៗ​គ្នា ដោយ​មិនមាន​ការស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សាច់សត្វ​ព្រៃ​ពិតជា​អាច​ឆ្លង​មេរោគ​ពីស​ត្វ​ទៅ​មនុ​ស្សបាន​។

ឧទាហរណ៍​ជាក់ស្តែង ជំងឺ​កូ​វីដ ​១៩ ដែល​កក្រើក​ពិភពលោក​ពី​ឆ្នាំ ២០១៩ មក​នោះ បាន​ឆក់យក​ជីវិត​មនុស្ស​រាប់លាន​នាក់​ទូទាំង​ពិភពលោក ក៏​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ នៅ​អង្គការ​សុខភាព​ពិភពលោក​សន្និដ្ឋានថា កើត​មកពី​សត្វ​ប្រចៀវ និង​សត្វ​ប៉េង​កូ​លីន នៅក្នុង​តំបន់​អាស៊ី​។

ចំណែក​វិធី​ស្តុក​ទុក​មិនបាន​ត្រឹមត្រូវ និង​ចម្អិន​សាច់សត្វ​ព្រៃ​មិន​បានល្អ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​ជិវិត​អ្នក​ដែល​ប៉ះពាល់​សាច់​ឆៅ និង​អ្នក​ទទួលទាន​សាច់​ទាំងនោះ ពីព្រោះ​មេរោគ ប៉ារ៉ាស៊ីត និង​វីរុស ទាំងនោះ​អាច​ចម្លង​ពីស​ត្វ​ទៅ​មនុស្ស និង​អាច​បង្ក​ទៅជា​ជំងឺឆ្លង​តៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​យ៉ាង​ឆាប់រហ័ស​។

លោក អ៊ុក ស៊ី​សុវណ្ណ ប្រធាន​គម្រោង​អនាគត​បៃតង​កម្ពុជា នៃ​អង្គការ USAID បានឱ្យដឹងថា គម្រោង​អនាគត​បៃតង​កម្ពុជា USAID កំពុងធ្វើការ​ងារ​ជាមួយ​យុវជន​ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​នឹង​រួមចំណែក​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបថ របស់​យុវជន ក្នុង​ការទិញ និង​ហូប​សាច់សត្វ​ព្រៃ​។ យុវជន​ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ ក្រោយពី​ទទួលបាន​ចំណេះដឹង ជំនាញ និង​ឯកសារ​ព័ត៌មាន​ផ្សេង ពាក់ព័ន្ធ​នឹង​ការអភិរក្ស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន ក៏បាន​នាំយកទៅ​ផ្សព្វផ្សាយ​បន្តទៀត ដែលជា​ការរួមចំណែក​ដល់​ការកាត់បន្ថយ​ការទិញ និង​ហូប​សាច់សត្វ​ព្រៃ បាន​កាន់តែច្រើន​។

លោក អ៊ុំ សុខ​ឃឿន អ្នកឯកទេស​ផ្នែក​ទំនាក់ទំនង និង​ផ្សព្វផ្សាយ​អ្នកអនុវត្ត​កិច្ចសន្យា នៃ អង្គការ USAID បានឱ្យដឹងថា គម្រោង​អនាគត​បៃតង​កម្ពុជា​បាន​បង្កើត​ក្រុម​ដែលមាន​ឈ្មោះថា «​ក្រុមយុវជន​បៃតង​» មាន​ចំនួន ​១០ ក្រុម ដែលមាន​សមាជិក​ចន្លោះ ​៦ ទៅ​ ៧ នាក់ ក្នុង​ក្រុម​នីមួយៗ​មាន​ប្រធាន​ក្រុម​អនុប្រធាន​ក្រុម និង​សមាជិក ដែល​ក្រុម​ទាំងអស់នោះ​ត្រូវបាន​បណ្តុះបណ្តាល​គ្រប់​វគ្គ​មូលដ្ឋាន​ទាំងអស់ ហើយ​ធ្វើ​ការណែនាំ​បន្ថែម​គ្រាប់​ពេល​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ​ការចូលរួម​របស់​យុវជន​នឹង​បាន​ច្រើន មិន​ត្រឹមតែ​ក្របខ័ណ្ឌ​គម្រោង​នេះ​ទេ ប៉ុន្តែ​ក្របខ័ណ្ឌ​គម្រោង WCS ក៏​អាច​ចូល​ផងដែរ ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​។​ កាលណា​ផ្លាស់ប្តូរ​ឥរិយាបថ​គាត់​បាន និយាយ​ទៅឱ្យ​តែមាន​បេះដូង​ក្នុង​ការប្តូរ​គឺ​ត្រូវ​ហើយ​»៕