ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២២ បានបន្តបើកសវនាការ ចោទសួរសាក្សីមួយចំនួនក្នុងសំណុំរឿង «ក្បត់ជាតិ» របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សវនាការរបស់លោក កឹម សុខា លើកនេះ ជាសវនាការនៃការសាកសួរសាក្សីដែលត្រូវបានកោះហៅសាកសួរក្នុងសំណុំរឿងលោក កឹម សុខា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោក ប្លង់ សុផល បញ្ជាក់ថា៖«សាក្សីមានច្រើននាក់ ហើយរសៀលនេះ សវនាការបានស្តាប់ចម្លើយសាក្សី ៣ នាក់ នឹងបន្តសាកសួរសាក្សីដែលនៅសេសសល់ព្រឹកស្អែកទៀត»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា សរុបសាក្សីមានវត្តមានក្នុងបន្ទប់សវនាការនៅថ្ងៃទី ១២ តុលា មាន ៦ នាក់ ខណៈ ៣ នាក់នៅភ្នំពេញ ដែលតុលាការខកខានមិនបានសាកសួរកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ និង ៣ នាក់ទៀតមកពីខេត្ត។ សាក្សី ១ រូប គឺលោក ឈឹម ផលវរុណ ត្រូវបានតុលាការឱ្យចូលក្នុងសាលជំនុំជម្រះ ដើម្បីសាកសួរមុនគេនៅពេលព្រឹកថ្ងៃទី ១២ តុលា។
លោកស្រីបន្តថា សវនាការបានបន្ដនៅពេលរសៀលមានសាក្សី ៤ នាក់ រួមមានទាំងលោកស្រីផងដែរ។
លោក យឹម ស៊ីណន មនុស្សស្និទ្ធនឹងលោក កឹម សុខា ថ្លែងថា ការសួរដេញដោលសាក្សី ហាក់មានដំណើរការយូរ ដោយសារតែតំណាងអយ្យការអូសបន្លាយពេលវេលា និងមិនបានសួរគ្រប់គ្នានោះទេ។ លោកស្នើដល់ចៅក្រមជំនុំជម្រះ រៀបចំនីតិវិធី ដើម្បីធ្វើការសាកសួរសាក្សីឱ្យបានច្រើន ។
លោកថ្លែងថា៖ «ចៅក្រមក៏ដូចជាមេធាវីដើមបណ្តឹង សួរពីទំនាក់ទំនាក់លោក ឈឹម ផលរុន ជាមួយនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សរបស់ លោក កឹម សុខា ដែលបង្កើតដំបូង និងសួរពីការទំនាក់ទំនងជាមួយជនបរទេសជាដើម»។
បើតាមលោក យឹម ស៊ីណន ការកោះហៅសាក្សីក្នុងពេលជាមួយគ្នារបស់តុលាការ គឺបង្ហាញខ្លឹមសារក្នុងនាមជាសាក្សី គឺមិនបានផ្តល់ផលប្រយោជន៍ ឬជំនួយដល់ជនជាប់ចោទនោះទេ។ ជាមួយគ្នានេះ អង្គជំនុំជំម្រះ ក៏បានចោទសួរទៅលើស្ត្រីម្នាក់ដែលបានទៅរៀនជាមួយអង្គការ CANVAS នៅក្នុងប្រទេឥណ្ឌូនេស៊ី កាលពីប៉ុន្មានឆ្នាំមុន ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។
ដោយឡែកនៅពេលរសៀលសាលាដំបូងរាជធានីភ្នំពេញ ក៏បន្តសាកសួរសាក្សីបន្ថែមទៀត។
លោក ម៉ា ចិត្រា ដែលជាយុវជនមា្នក់ជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា ដែលតុលាការបានកោះហៅដែរបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំបានឡើងតុលាការតាមការកោះហៅជាលើកទី២ តែលទ្ធផល គឺអត់បានសួរ-ឆ្លើយ ដោយសារសាក្សីច្រើន ពេលវេលាអត់គ្រប់ ហេតុនេះក្នុងនាមខ្ញុំជាសាក្សី នឹងត្រូវឡើងតុលាការម្តងទៀតនៅថ្ងៃស្អែកពេលព្រឹក»៕