ភ្នំពេញៈ ​លោកទិន ពន្លក រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ណែនាំ​ឱ្យអ្នក​អនុវត្ត​គម្រោង «ការ​ប្រើ​ប្រាស់ និង​ផលិត​កម្ម​ដោយ​និរន្តរ​ភាព ​(SCP)» ធ្វើ​ការ​តាម​ដាន​ពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់​ចំពោះ​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង កុំមាន​លទ្ធផល​ត្រឹម​តែ​កម្រិត​របាយ​ការណ៍ ត្រូវ​ប្រាកដ​ថា ពេល​ចប់​គម្រោង​ស្ថាប័ន​ទទួល​បន្ទុក​របស់​អាជ្ញាធរថ្នាក់​ក្រោម​ជាតិ​អាចទទួល​យកទៅ​អនុវត្ត​បន្ត​បាន។​

លោក ទិន ពន្ល​ក ​ដែល​ក៏ជា​អនុ​ប្រធាន​ទី​២ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ ​ដោយ​ចីរភាព ​បានធ្វើការ​ណែ​នាំ​​បែប​នេះ​នៅក្នុង​ពិធីសម្ពោធ​គម្រោង​ស្តីពី​ «ការ​ប្រើ​ប្រាស់ និង​ផលិត​កម្ម​ដោយ​និរន្តរ​ភាព» ​និង​ការ​ដាក់​ឱ្យប្រើ​ប្រាស់​ផែន​ទី​បង្ហាញ​ផ្លូវស្តី​ពី «ការ​ប្រើប្រាស់​ និង​ផលិត​កម្មដោយ​និរន្តរ​ភាព​នៅ​កម្ពុជា ២០២២-២០៣៥» នៅក្រសួង​បរិស្ថាន​កាល​ពីថ្ងៃទី ១១ ខែ​តុលា​។

លោក​ថ្លែង​ថា៖​ «និរន្តរ​ភាព​នៃគម្រោង​​នេះ​សំខាន់​ណាស់​សូម​ឱ្យ​មើល​ឃើញ​លទ្ធផល​ នៃការ​អនុវត្ត​គម្រោង​នេះ​កុំឱ្យត្រឹ​មក​​ម្រិត​របាយ​ការណ៍ កម្រិត pilot សូម​ឱ្យ​មើល​ថា តើ pilot project របស់​យើង នៅ​ពេល​ដែលចប់​គម្រោង​ទៅ ស្ថាប័ន​ទទួល​បន្ទុក​របស់​អាជ្ញាធរ​ក្រោម​ជាតិ នៃ​រាជ​រដ្ឋាភិបាល​ហ្នឹង អាច​យក​ទៅ​ដើម្បី​អនុវត្ត​បន្ត​ដើម្បី​ពង្រីក​ការ​អនុវត្ត​នៅកន្លែង​ផ្សេង​បាន​ឬ​អត់?»។

លោក​បាន​លើក​ឡើង​ថា គម្រោង​ «ការ​ប្រើប្រាស់ និង​ផលិត​កម្ម​ដោយ​និរន្តរ​ភាព ​(SCP)» ​គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​បៃ​តង​រយៈ​ពេល​វែង​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ក្នុង​គោល​នយោបាយ​ជាតិស្តីពី​ការអភិវឌ្ឍ​បៃតង និង​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពីកា​រ​អភិវឌ្ឍ​បៃតង​ឆ្នាំ ២០១៣-២០៣០ ផង​ដែរ​។

​គម្រោង​នេះ​ក៏ជា​ឱកាស​ផ្សព្វ​ផ្សាយ​បន្ថែ​មអំ​ពីគោលន​យោបាយ និង​ផែន​ការ​យុទ្ធសាស្ត្រជាតិ​ ដើម្បីលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការចូល​រួម​ចំណែក ពីគ្រប់​វិស័យ​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង និង​សុខុមាលភា​ពសង្គមរ​បស់កម្ពុជា​ដោយ​ផ្សារ​ភ្ជាប់ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​គុណភាព​បរិស្ថាន និង​ធនធាន​ធម្មជា​តិ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ក៏សូម​សំណូមពរ​ផង​ដែរ ដល់​តួអង្គពាក់​ព័ន្ធ​សំខាន់ៗ​រួម​មាន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យឯ​កជន ផលិត​ករ អង្គការ​សង្គម​ស៊ីវិល និង​ជាពិសេស​សហគ​មន៍ ចូល​រួមគាំទ្រ​ការ​អនុវត្ត​គម្រោង ​SCP នេះ​ ដើម្បី​ជាការរួម​ចំណែក​ដល់កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​» ។

​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​របស់​ក្រសួង​បរិស្ថាន​ថ្ងៃទី​ ១១ ខែ​តុលា បញ្ជាក់​ថា គម្រោង «ការ​ប្រើ​ប្រាស់ និង​ផលិត​កម្មដោយ​​និរន្តរ​ភាព ​​IKI SCP Asia»​ ដំណាក់​កាល​២ នឹង​កៀរគរ​ការ​ចូល​រួម​ពីភាគីពាក់​ព័ន្ធ និង​ផ្តោតលើការ​ជំរុញ​តំបន់​ផលិត​កម្ម​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី និង​ទីប្រជុំ​ជន​សំខាន់ៗ រួមទាំង​រាជ​ធានី​ភ្នំពេញ ឱ្យអនុវត្ត​លើការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ផលិ​តកម្ម​ដែល​មាន​និរន្ត​ភាព​ទៅនឹង​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ ដើម្បី​កែប្រែឥរិយាប​ថ ដែល​មាន​ចំពោះប្រព័ន្ធ​ចំណីអាហា​រ​ក្នុង​វិស័យ​កសិកម្ម និង​បរិស្ថាន ពីសំណាក់​តួអ​ង្គពាក់​ព័ន្ធ​ដូច​ជា ផ្នែកផលិត​កម្ម ផ្នែក​ទីផ្សារ និង​អ្នក​ប្រើប្រា​ស់។​

​លោក​ សេង ទៀក​ នាយក​អង្គការ​ WWF-កម្ពុជា ថ្លែង​ថា តាម​រយៈ​គម្រោង និង​ផែន​ទីបង្ហាញ​ផ្លូវ​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នេះ ​រំពឹង​ថា នឹង​ជំរុ​ញផលិត​កម្ម​ដែល​មាន​និរន្តរ​ភាព ស្រប​នឹង​ការប្រើប្រាស់​ប្រកប​ដោយ​ការទទួល​​ខុសត្រូវ ក្នុង​ប្រព័ន្ធ​ចំណីអា​ហារ ក្នុង​វិស័យ​កសិក​ម្ម ដោយផ្តល់​នូវ​ការអ​នុវត្តបទ​ដ្ឋាន​និរន្តរភាព ​រាប់ចាប់​ពីខ្សែចង្វាក់​ផ្គ​ត់​ផ្គង់ ផលិត​កម្ម រហូត​ដល់ការប្រើ​ប្រាស់​ចុង​ក្រោយ រវាង​តួអង្គ​សំខាន់​ៗ ដូច​ជាសហគមន៍​មូល​ដ្ឋាន អ្នក​ផលិត អ្នក​លក់រា​យ អ្នក​ប្រើប្រាស់ ស្ថាប័ន​រដ្ឋាភិបាល និង​ឯកជន​ជា​ដើម​។

លោក​ថ្លែង​ថា៖ «គម្រោង​នេះមាន​រយៈពេល ​៤ ​ឆ្នាំ ហើយ​ដែល​ជាគម្រោងមួយ​អនុវត្ត​សហការ​ជាមួយ​ប្រទេសថៃ​ផងដែ​រ។​ ដំណាក់​កាល​ទី១ ​បាន​អនុវត្ត​នៅប្រទេស​ថៃ អ៊ីចឹងដំណាក់​កាល​ទី​២​ នេះ ជាការរួម​គ្នា​មួយ ដែល​ផ្តោត​លើប្រទេស​កម្ពុជា​ដោយ​យក​បទ​ពិសោធ​​ដែល​អនុវត្ត​ជោគ​ជ័យ​នៅប្រទេស​ថៃ ទាក់ទ​ងនឹង​ការ​ប្រើប្រាស់ និងផ​លិតកម្ម​ដែល​មាន​និរន្តរ​ភា​ព​»។

លោក​ UlfD.Jaeckel ប្រធាន​ការិយាល័​យការ​សម្រប​ខ្លួន​របស់​អឺរ៉ុប និង​អន្តរ​ជាតិ ចំពោះ​ការប្រែប្រួល​អាកាស​ធាតុ រប​ស់ក្រ​សួង ​បរិស្ថាន​អភិរក្សធម្ម​ជាតិ​សុវត្ថិ​ភាព​នុយក្លេ​អ៊ែរ និង​កិច្ចការពារ​អ្នក​ប្រើប្រាស់ នៃសា​ធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ បា​នលើក​ឡើង​ថា​​​ក្រសួង​កិច្ចសហប្រ​តិបត្តិការ​បរិស្ថាន​ការ អភិរក្ស​ធម្មជាតិ​សុវត្ថិភាព​នុយក្លេអ៊ែរ​និង​កិច្ចការ​ពារអ្នក​ប្រើប្រាស់​ នៃរដ្ឋាភិបា​ល សហ​ព័ន្ធ​អាល្លឺ​ម៉ង់ មាន​មោទន​ភាព​ក្នុង​ការគាំទ្រ​គម្រោង​នេះ​នៅប្រទេស​កម្ពុជា និង​ថៃ តាម​រយៈភាព​ជាដៃគូ ១​ ជាមួយ​នឹង​អង្គការ WWF-អាល្លឺ​ម៉ង់ ដោយ​ឃើញ​ថា គម្រោង​នេះ​ពិត​ជាមាន​សារៈ​សំខាន់​ក្នុង​ការដើរតួ​នាទី វាស់​វែង ភាព​ធន់ និងការ​សម្រប​ខ្លួន​ទៅនឹង​ផល​ប៉ះពាល់​នៃការ​ប្រែប្រួល​អាកាស​ធាតុ​។

លោក​បន្តថា គម្រោង​នេះ​អនុវត្ត​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​ការចូលរួម​ចំណែក​លើកក​ម្ពស់ការ​អនុម័ត​នៅក្នុង​ក្របខ័​ណ្ឌ ពហុភាគី និង​កិច្ចព្រម​ព្រៀងនៃ "និរន្តរ​ភាព​ប្រព័ន្ធ​ចំណីអា​ហារ​" ​ស្រប​តាម​យន្តការអ​ភិបាល​កិច្ច ​បរិ​យាប័​ន្ន​ជា​សកល​ ​លើកកម្ពស់​ចំណេះ​ដឹង និង​ការ​យល់​ដឹង​របស់អ្នក​ប្រើប្រាស់​នៅទីក្រុង​អំពីទំនាក់​ទំនង​រវាង​ជម្រើស​នៃការ​ ប្រើ​ប្រាស់ និង​ផល​ប៉ះពា​ល់បរិស្ថា​ន។​

​លោកប​ញ្ជាក់ថា​៖ «គម្រោង​នេះផ្ត​ល់ឱកាស​និងម​ធ្យោបាយ​ជំរុញកា​រផ្លា​ស់​ប្តូរ​ឥរិយា​បថ លើក​ទឹកចិត្ត​អាជីវក​ម្មគំរូ​ដែលប្រ​កប ​ដោយនវា​នុវត្ត​ន៍ និង​យុ​ទ្ធសា​ស្រ្តសហការ​ដើម្បី​បញ្រ្ជាបវិ​ធាន​ការ ការ​ប្រើប្រាស់ និង​ផលិតកម្ម​ដោយនិ​រន្ត​រភា​ព (SCP) ព្រម​ទាំង​ ផ្ត​ល់​ចំណេះ​ដឹង និង​ព័ត៌មាន​អំពីគំ​រូនៃ​ការ​អនុវត្តល្អៗ​ដល់តួ​អង្គសំខា​ន់ៗ​ ក្នុងខ្សែ​ចង្វា​ក់ត​ម្លៃ និ​ងអ្នកពា​ក់ព័​ន្ធផ្សេ​ងទៀត​»៕