ភ្នំពេញៈ បើ​គ្មាន​ការ​ប្រែប្រួល​ណា​មួយ​ទេ នៅ​ថ្ងៃទី​ ១៣ ខែ​តុលា​​នេះ​ គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​សំណើ​សុំ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​ការ​បំពេញ​​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​លោក ឌិត ទីណា ​ជា​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ​ជំនួស​លោក វេង សាខុន ដែល​ទើប​ត្រូវបាន​បញ្ចប់​មុខ​តំណែង​។

លោក ឌិត ទីណា ត្រូវ​គេ​ស្គាល់​ថា​ ជា​កូន​ប្រុស​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ និង​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល។ កើត​នៅក្រុង​ភ្នំពេញ លោក ​ឌិត ទីណា ជា​បញ្ញវន្ត​បន្ត​វេន​ ១ ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ឆ្នាំ​ ១៩៩៤​ លោក​ ឌិត ទីណា បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ចាប់ពី​ឆ្នាំ​ ១៩៩៦​ រហូតដល់​ឆ្នាំ​ ២០០២​។ ឆ្នាំ​ ២០០២ ​ជា​ឆ្នាំ​ដែល​លោក​បញ្ចប់​ការ​សិក្សា​ពី​សាលា​ជាតិ​ជាន់​ខ្ពស់​ផ្នែក​រ៉ែ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ Ecole Nationale superieure des mines de Paris ដោយ​ទទួល​សញ្ញាបត្រ​វិស្វករ​រ៉ែ។ ក្រៅ​ពី​សញ្ញាបត្រ​វិស្វករ​រ៉ែ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រូបវិទ្យា​ពី​សាកល​វិទ្យាល័យ Orsay,Paris Sud នៅ​ឆ្នាំ​ ២០០០​។

លោក ឌិត ទីណា ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ការងារ​រាជការ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩​ ដោយ​ដំបូង​ឡើយ លោក​ធ្វើការ​នៅ​ក្រសួង​ពាណិជ្ជកម្ម ជា​អនុ​រដ្ឋលេខាធិការ​មុន​នឹង​ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​នៅ​ឆ្នាំ ២០១៣។ ចាប់ពី​ឆ្នាំ​ ២០១៤ រហូតមក​ទល់​បច្ចុប្បន្ន​ លោក​បម្រើ​ការងារ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ធ្លាប់​បំពេញ​តួនាទី​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​ក្រសួង​នេះ​ផង​ដែរ។

ជិត​ ១ ​ទសវត្សរ៍​នៃ​ជីវិត​ការងារ​នៅ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​ចូលរួម​ដឹកនាំ​ការ​លុប​បំបាត់​អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​ក្នុង​ដង​ទន្លេ​ដែល​ការងារ​នេះ​តម្រូវ​ឱ្យ​លោក​លុយ​ទឹក ចុះ​ទូក​ធ្វើ​ដំណើរ​ហាល​ថ្ងៃ​ហាល​ភ្លៀង​ជាច្រើន​ទម្រាំ​បេសកកម្ម​ទទួល​បាន​ជោគជ័យ​។

ក្រៅ​ពី​នេះ​ លោក​រដ្ឋលេខាធិការ​វ័យ​ ៤៣ ​ឆ្នាំ​រូប​នេះ ​បាន​ដឹកនាំ​ក្រុម​ការងារ​រៀបចំ​តាក់តែង​គោល​នយោបាយ​​ និង​ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នេះ​មាន​ជា​អាទិ៍៖ គោល​នយោបាយ​ជាតិ​ស្ដីពី​ធនធាន​រ៉ែ ឆ្នាំ​ ២០១៨-​២០២៨ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេង​កាត​ និង​ផលិតផល​ប្រេងកាត​ផ្នែក​ដោន​ស្ទ្រីម និង​ច្បាប់​ស្ដីពី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ជា​ដើម​។

រស់​នៅ​ក្នុង​សម័យ​ឌីជីថល​ដែល​មនុស្ស​ទូទៅ​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ពី​ជីវិត​ឯកជន​ និង​ការងារ​របស់​ខ្លួន លោក ឌិត ទីណា ទោះជា​ប្រើ​ប្រាស់់​បណ្ដាញ​សង្គម​ដែរ ​ប៉ុន្តែ​គេ​កម្រ​ប្រទះ​ឃើញ​លោក​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន​ណាស់។ ភាគច្រើន​លើសលប់​នៃ​ឯកជន​ភាព​របស់​លោក ជាពិសេស ​គឺ​រឿង​ការងារ​តែ​ម្ដង ត្រូវ​បាន​បង្ហោះ​បង្ហាញ​ដោយ​អ្នក​ជុំវិញ​ខ្លួន​លោក​ច្រើន​ជាង​អ្វី​ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​។

លោក​ គិត​ សុធា​ ជា​មិត្ត​រួម​ថ្នាក់​ម្នាក់​ ដែល​ធ្លាប់​សិក្សា​ជាមួយ​លោក ​ឌិត ទីណា នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១២ តុលា ដោយ​រំឭក​ពី​ទំនាក់ទំនង​កន្លងមក​ថា ​លោក ​ឌិត ទីណា ជា​បុគ្គល​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​រួម​ថ្នាក់។ លោក​ថា​ លោក​ ឌិត ទីណា ជា​មនុស្ស​ល្អ ជា​ពិសេស​លោក ​គឺ​មិត្ត​ម្នាក់​ដែល​តែងតែ​ជួយ​ដល់​មិត្ត​រួម​ថ្នាក់​។

លោក​បាន​បញ្ជាក់​ថា៖​ «គាត់​រាប់​អាន​មនុស្ស​ទាំងអស់។ នេះ​ជា​ចំណុច​ល្អ​មួយ។​ មួយ​ទៀត នៅ​ពេល​គាត់​ឃើញ​គេ​ខ្សត់ខ្សោយ​គាត់​ជួយ​ ហើយ​គាត់​បង្កើត​ជា​ក្រុម​ក្នុង​ថ្នាក់​ដើម្បី​រៀនសូត្រ និង​ការ​ប្រកួត​ប្រជែង​គ្នា។

គាត់​ជា​មនុស្ស​ល្អ មនុស្ស​ល្អ​តើ»។ ​រីឯ​លោក​ស្រី​វេជ្ជបណ្ឌិត ជា សុកែវ ដែល​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ពី​មហាវិទ្យាល័យ ​Versailles ​ក្នុង​ប្រទេស​បារាំង ហើយ​សព្វថ្ងៃ​កំពុង​បម្រើការ​​នៅ​មន្ទីរពេទ្យ​មិត្តភាព ​កម្ពុជា ​ចិន ​ព្រះកុសមៈ ដែល​ជា​អតីត​មិត្ត​រួម​ថ្នាក់​ជា​មួយ​លោក ឌិត ទីណា ​ចាប់ពីឆ្នាំ ១៩៩១​​ ដល់​ឆ្នាំ ១៩៩៤ នៅ​អតីត​សាលា​ភ្នំ​ដូនពេញ (បច្ចុប្បន្ន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ) បាន​បញ្ជាក់​ថា៖យើង​ខ្ញុំ​រៀន​នៅ​ថ្នាក់​សិស្ស​ឆ្នើម​ផ្នែក​គណិតវិទ្យា​(កាល​នោះ​គេ​ហៅ​​កាត់​ថា ​ថ្នាក់​សិស្ស​ពូកែ Math)។

លោក​ស្រី ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា ​លោក ឌិត ទីណា គឺ​ជា​សិស្ស​ពូកែ​ម្នាក់​មិន​ថា​តែ​មុខវិជ្ជា​គណិតវិទ្យា​នោះ​ទេ គឺ​លោក​ពូកែ​លើ​គ្រប់​មុខ​វិជ្ជា​តែ​ម្តង។ ភាព​ខ្លាំង​នេះ គឺ​បាន​មកពី​កត្តា​ជា​ច្រើន​រួមផ្សំ​ពី​ការ​ណែនាំ​ពី​ក្រុម​គ្រួសារ កត្តា​វិន័យ​ផ្ទាល់ខ្លួន​លោក ​កត្តា​ជំរុញ​ណែនាំ​ពី​គ្រូបង្រៀន​គ្រប់​រូប ពិសេស​គឺ​សមត្ថភាព​នៃ​ការ​ចងចាំ និង​ឈ្លាសវៃ​ផ្ទាល់​ខ្លួន។ អ្នក​បង្រៀន​នៅ​វិទ្យាល័យ​ភ្នំ​ដូនពេញ​តែងតែ​សរសើរ​លោក​គ្រប់ៗ​គ្នា​។

លោកស្រី ​ជា សុកែវ​ ថ្លែង​ថា៖ «សម្រាប់​មិត្តភក្តិ គាត់​ជា​មនុស្ស​ស្លូតបូត ​រួសរាយ រាប់អាន​មិត្តភក្តិ ជួយ​យក​អាសា​មិត្តភក្តិ។ ខ្ញុំ​ពិតជា​រក​នឹក​មិន​ឃើញ​ថា​គាត់​ធ្លាប់​ខឹង ឬ​គំហក​មក​មិត្តភក្តិ​ម្តង​ណា​នោះ​ទេ។ គាត់​តែង​ជួយ​បង្រៀន​មិត្តភក្តិ ជួយ​គ្នា​ដោះ​ស្រាយ​ចំណោទ (ជា​ពិសេស​ចំណោទ​ពិបាកៗ គាត់​ចូលចិត្ត​ Taking challenge) ឬ​មេរៀន​ផ្សេងៗ ទោះជា​មិត្តរួម​ថ្នាក់​ ឬ​មិត្ត​មកពី​ថ្នាក់​ផ្សេង​ក៏​ដោយ​។ ​ចំណុច​នេះ​ក៏​ជា​បច្ច័យ​ ដែល​ធ្វើឱ្យ​ការសិក្សា​របស់​គាត់​ល្អ​ចងចាំ​មេរៀន​បាន​ច្បាស់លាស់​ជាង​គេ​ផង​ដែរ»​។

លោក​ស្រី​បាន​បន្ថែម​ថា លោក ឌិត ទីណា ជា​មនុស្ស​ច្បាស់លាស់ ម៉ឺងម៉ាត់​ ហើយ​រាល់​កិច្ចការ​ដែល​លោក​ធ្វើ គឺ​តែងតែ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​។ លោក​បែងចែក​ពេលវេលា​យ៉ាង​ច្បាស់​រវាង​ពេល​រៀន និង​ពេល​សម្រាក​។ បន្ទាប់ពី​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ១៩៩៤ លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំ​ង។ លោក​តែង​​យក​តាម​ខ្លួន​នូវ​ចំណុច​វិជ្ជមាន​ទាំងនេះ​រាប់​ទាំង​វិន័យ​ផ្ទាល់​ខ្លួន ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ ​ការរាប់អាន​មិត្តភក្តិ​ និង​ការកំណត់​គោលដៅ​ជីវិត​បាន​ល្អ។

លោកស្រី​​ ជា ​សុកែវ​ ថ្លែង​ថា៖ ​«នេះ​ជា​ចំណុច​ដែល​គាត់​បាន​ទទួល​ជោគជ័យ​ធំធេង​លើស​ពី​មិត្តភក្តិ​រួមថ្នាក់ ហើយ​ដែល​មក​ដល់​ពេលនេះ​គាត់​ទទួលបាន​ការ​ទុកចិត្ត​ពី​រាជរដ្ឋាភិបាល​សម្រាប់​តួនាទី​ថ្មី​នេះ​។ ​ខ្ញុំ​ជឿជាក់​ថា ជាមួយ​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង គាត់​នឹង​បន្ត​ជោគជ័យ​លើ​ការងារ​របស់​គាត់​ជាប្រាកដ»​។

ទាក់ទង​នឹង​ការ​ជ្រើស​តាំង​លោក ឌិត ទីណា ​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​នេះ​ លោក ​យ៉ង ​សាំងកុមារ​ អ្នក​ជំនាញ​កសិកម្ម​បាន​សាទរ​ដោយ​លោក​ចង់​ឃើញ​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី ជា​បុគ្គល​ដែល​ស្រឡាញ់​កសិករ​កម្ពុជា និង​ចេះ​គិតគូរ​ពី​សុខ​សុវត្ថិភាព​ចំណី​អាហារ​ក្នុង​ប្រទេស ព្រមទាំង​គិតគូរ​ពី​និរន្ដរភាព​ធនធាន​ធម្មជាតិ ក៏​ដូចជា​ ចង់​ឃើញ​កសិករ​មាន​ជីវភាព​ធូរធារ​។

ដោយ​ឡែក​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក ថេង សាវឿន វិញ បាន​បញ្ជាក់​ថា លោក​ចង់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​លើក​យក​បញ្ហា​ដែល​ប្រជាកសិករ​ជួប​ប្រទះ​ជាក់ស្តែង​ទៅ​គិតគូរ​ដោះស្រាយ។​ ជាពិសេស​លោក​អំពាវនាវ​ឱ្យ​មាន​មន្ត្រី​ជំនាញ​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាកសិករ​ និង​អង្គការ​កសិកម្ម​នានា​ឱ្យ​បាន​ញឹកញាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដែល​បាន​អូសបន្លាយ​ពេល​ជាង​ ៣០ ឆ្នាំ​មក​ហើយ​នេះ ជា​ពិសេស​បញ្ហា​ទីផ្សារ ​និង​ការ​កែច្នៃ​កសិផល​។

តាមរយៈ​ចំណេះ ​ជំនាញ និង​បទពិសោធ​ការងារ​របស់​លោក ឌិត ទីណា នេះ ​អ្នក​វិភាគ​មួយ​ចំនួន​បាន​សម្ដែង​ការ​ស្វាគមន៍​ដោយ​សង្ឃឹម​ថា​ អនាគត​​រដ្ឋមន្ដ្រី​កសិកម្ម​ថ្មី​នឹង​ចាក់​បញ្ចូល​គំនិត​ថ្មីៗ​ទៅ​ក្នុង​វិស័យ​ដ៏​សំខាន់​នេះ​ ដើម្បី​ជួយ​កសិករ​ខ្មែរ ធានា​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស និង​ជាពិសេស​ជួយ​ពង្រឹង​ពង្រីក និង​ឈាន​ទៅ​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​លេច​ត្រដែត​ឡើង​លើ​ទីផ្សារ​​អន្ដរជាតិ​។

ទន្ទឹម​នឹង​ក្ដី​សង្ឃឹម​នេះ អ្នកជំនាញ​ផ្នែក​កសិកម្ម​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​តាមដាន​​សកម្មភាព​របស់​អនាគត​រដ្ឋមន្ដ្រី​វ័យ​ក្មេង​រូប​នេះ​ផង​ដែរ​។ ជា​បញ្ញវន្ត​ដែល​ទទួលបាន​ការ​សិក្សា​ជិត​ ១ ​ទសវត្សរ៍​ពី​ប្រទេស​បារាំង​ និង​មាន​បទពិសោធ​ការងារ ១៣ ​ឆ្នាំ​ក្នុង​ជួរ​រដ្ឋាភិបាល តើ​លោក​ ឌិត ទីណា អាច​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ដោយ​របៀប​ណា ​និង​​បាន​កម្រិត​ណា?សមីការ​នេះ​ គឺ​មាន​តែ​អនាគត​រដ្ឋមន្ដ្រី​នៃ​ក្រសួង​កសិកម្ម​រូប​នេះ​ទេ ដែល​អាច​ដោះស្រាយ​បាន​។

សម្រាប់​លោក គិត សុធា ​មើល​ឃើញ​ថា​៖​ «ចំពោះ​ការ​ដឹកនាំ​របស់​គាត់ គឺ​អាស្រ័យ​លើ​ការងារ​បច្ចេកទេស​របស់​គាត់​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​គាត់​ទេ។​យ៉ាងណា​ខ្ញុំ​ជឿជាក់​ថា គាត់​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ក្រសួង​កសិកម្ម​ឱ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត។

ចំណែក​ឯ​លោក​ ប៉ែន​ សុវិជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១២ តុលា​ថា លោក​ធ្លាប់​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​លោក ឌិត ទីណា កាល​ដែល​លោក​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ទទួល​បន្ទុក​កម្មសិទ្ធិ​បញ្ញា។ លោក​លើក​ឡើង​ថា​៖ «លោក​ជា​មន្រ្តី​ដែល​មាន​ចំណេះដឹង​ខ្ពស់​ដោយ​ទទួល​ការអប់រំ​ផ្នែក​បច្ចេកទេស​យ៉ាង​ច្បាស់លាស់​ពី​បរទេស។ អំឡុងពេល​ដែល​គាត់​ធ្វើការ​នៅ​ក្រសួង​ពាណិជ្ជកម្ម ខ្ញុំ​ធ្លាប់​អម​ដំណើរ​ជា​មួយ​លោក ឌិត ទីណា ទៅ​ចូលរួម​កិច្ចប្រជុំ​នានា​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​ផង​ដែរ។​លោក​ជា​បុគ្គល​ដ៏​ពោរពេញ​ដោយ​សមត្ថភាព​ និង​មាន​ភាព​វៃឆ្លាត​ក្នុងការ​ដោះស្រាយ​ឬ​ជជែក​ពិភាក្សា​នូវ​បញ្ហា​បច្ចេកទេស​នានា​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​យ៉ាង​ស្ទាត់ជំនាញ។​ ខ្ញុំ​ហ៊ាន​និយាយ​បាន​ថា​ លោក​គឺជា​បុគ្គលិក​បច្ចេកទេស​ដ៏​ប៉ិន​ប្រសប់​ ១ រូប»។

លោក​បាន​បន្ថែម​ថា​ សម្រាប់​បុគ្គលិក​លក្ខណៈ​ លោក​ ឌិត​ ទីណា​ ជា​បុគ្គល​ដ៏​រួសរាយ​រាក់ទាក់​ និង​ចុះសម្រុង​ជាមួយ​មន្រ្តី​ក្រោម​ឱវាទ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា៖ «ជាមួយ​ចំណេះដឹង និង​បទពិសោធ​តាំងពី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងរ៉ែ និង​ថាមពល ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​ឯកឧត្តម​ ឌិត ទីណា គឺ​ស័ក្តិសម ជា​មន្រ្តី​វ័យក្មេង​ដ៏​មាន​បទពិសោធ និង​ចំណេះដឹង​​ខ្ពស់​ដែល​ស័ក្តិសម​នឹង​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​នេះ។​ ខ្ញុំ​ជឿជាក់​ថា លោក​ នឹង​មាន​ឆន្ទៈ​ និង​ការ​តាំងចិត្ត​ខ្ពស់ ក្នុងការ​ដឹកនាំ​ក្រសួង​នេះ»​​។ លោក​ យស​ មុនីរ៉ាត់ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា លោក ឌិត ទីណា គឺ​ជា​ថ្នាក់​ដឹកនាំ​ដែល​មាន​សក្តានុពល​ ហើយ​មាន​គំនិត​ផ្តួចផ្តើម​ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ ជា​ពិសេស​គឺ​ការ​ធ្វើការ​ជាក្រុម ​ហើយ​មិន​ប្រកាន់​ឋាន: និង​តួនាទី​ដោយ​ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុសត្រូវ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​គាត់​មិន​ល្អ មិន​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​គឺ​ទាំង​គណបក្ស​ប្រជាជន និង​ទាំង​រដ្ឋាភិបាល​គឺ​លោក​មិន​ផ្តល់​សេចក្តី​ទុកចិត្ត​នោះ​ទេ។​នេះ​គឺ​ពិតជា​មើល​ឃើញ​ថា លោក​ជា​មនុស្ស​ល្អ​បាន​រាជរដ្ឋាភិបាល​ស្នើ​ផ្តល់​សេចក្តី​ទុកចិត្ត​ក្នុងការ​ផ្តល់​តំណែង​ដ៏​សំខាន់​នេះ។ ជា​មួយ​នឹង​ការវាយ​តម្លៃ​ដែល​ធ្វើការ​ជាមួយ​គ្នា ហើយ​គាត់​ជា​មេ​ខ្ញុំ​ផ្ទាល់​នេះ​គឺជា​កា​រគោរព ព្រោះ​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់»​៕ (រាយការណ៍បន្ថែមៈ រី សុចាន់ និង​ម៉ៃ គុណមករា)