ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ពី​មោទនភាព​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​មកនេះ ក្នុងការ​ដោះស្រាយ​វិវាទ​បុគ្គល និង​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅតាម​រោងចក្រ សហគ្រាស ដែល​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់ ខណៈ​ការធ្វើ​កូដកម្ម​មានការ​ថយចុះ​មក​នៅត្រឹម ០,១ ​ភាគរយ​។

ប៉ុន្តែ​ប្រធាន​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​រោងចក្រ​យល់ថា ការថយចុះ​កូដកម្ម បាតុកម្ម​នេះ​ ដោយសារ​ច្បាប់​ស្តីពី​សហជីព​មានការ​រឹតបន្តឹង​សិទ្ធិ​សេរីភាព​លើ​សហជីព និង​កម្មករ​និយោជិត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ១២​ តុលា ឆ្នាំ​ ២០២២ រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា តាមរយៈ​កំណែទម្រង់​បង្កើន​សមត្ថភាព​មន្ត្រី​អធិការកិច្ច​ឃើញ​ថា ចំនួន​អធិការកិច្ច​ដែល​ធ្លាប់​ចុះ​នៅ​តាម​រោងចក្រ​សហគ្រាស គឺ​មាន​ការថយចុះ​ ប៉ុន្តែ​ប្រសិទ្ធភាព អនុលោមភាព​មាន​ការកើនឡើង​។

តាមរយៈ​កំណែទម្រង់​នៃ​ប្រព័ន្ធ​អធិការកិច្ច ដោយ​ផ្អែកលើ​ការច្របាច់​បញ្ចូល​អន្តរអង្គភាព និង​ស្ថាប័ន​នេះ​ធ្វើ​ឱ្យ​យើង​កាន់​តែមាន​ភាពងាយស្រួល និង​កាន់តែ​អាច​រកឃើញ​នូវ​ចំណុច​ខ្វះខាត ធ្វើឱ្យ​រោងចក្រ​សហគ្រាស​មិនមាន​ចន្លោះ​ប្រហោង​ក្នុង​ការគេចវេះ ដូច្នេះ​ការគោរព​ច្បាប់​មាន​ការ​កើនឡើង​ទើប​ធ្វើឱ្យ​វិវាទ​នានា​មាន​ការ​ថយចុះ​។

លោក​ឱ្យ​ដឹងថា ករណី​វិវាទ​បុគ្គល​ដែល​ត្រូវ​បាន​ដោះស្រាយ​សះជា​នៅ​កម្រិត​ក្រសួង​កើនឡើង​ជា​បន្តបន្ទាប់​ពោល​គឺ​នៅ​ឆ្នាំ ​២០១៨ មាន ៥៧ ​ករណី ២០១៩ ​មាន ៣០​ ករណី ២០២០ មាន​ ៤១ ​ករណី ២០២១ មាន​ ៦០ ​ករណី និង​ឆ្នាំ​ ២០២២ ដោះស្រាយបាន ៦២ ​ករណី​។ ជាមួយ​គ្នា​នេះដែរ សម្រាប់​ដោះស្រាយ​វិវាទ​រួម​ឃើញ​ថា ការសះ​ជា​នៅ​កម្រិត​របស់​សហគ្រាស និង​ក្រសួង​មាន​ការកើនឡើង ឧទាហរណ៍​ឆ្នាំ ២០២២ កម្រិត​សះជា​នៅ​ក្រសួង​ឡើង​ដល់ ៦០ ​ភាគរយ​នៃ​វិវាទ​ការងារ​រួម ហើយ​នៅ​ជាង​ ៣០ ​ភាគរយ​ក៏មាន​ការសះជា​នៅ​កម្រិត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

លោក​ថា​៖ «​នេះ​ជា​មោទនភាព​មួយ​ដែល​យើង​សង្កេតឃើញ​ថា និន្នាការ​នៃ​ការផ្ទុះ​វិវាទ​ការងារ​រួម ហើយ​ដែល​ចេញ​ទៅជា​កូដកម្ម​គឺមាន​ការថយចុះ​ជា​បន្តបន្ទាប់​ ដែល​ការថយចុះ​នេះ​មិនមែន​មកពី​ការរឹតត្បិត​ទេ គឺ​មកពី​ភាគី​ពាក់ព័ន្ធ​ទាំង​និយោជក ទាំង​កម្មករ​និយោជិត​គាត់​យល់​អំពី​ច្បាប់​លក្ខខណ្ឌ ហើយ​មាន​សិល្បៈ​នៃ​ការចរចា​»​។

លោក​បន្តថា ជា​ការពិត យើង​អាច​ឃើញ​កូដកម្ម​មួយ​ចំនួន ប៉ុន្តែ​ជា​សមិទ្ធផល គួរតែ​ពិនិត្យ​ទៅ​មើល​និន្នាការ គឺ​ចំនួន​មាន​ការថយចុះ ហើយ​ការសះ​ជា​គ្នា គឺថា មាន​ច្រើន​ជាង​មុន ដែល​នេះ​ជា​ចំណុច ដែល​ត្រូវ​ពិនិត្យ​ព្រៃ​ទាំងមូល​មិនអាច​មើល​តែ​ករណី​វិវាទ ឬ​កូដកម្ម​ណាមួយ​ហើយ​សន្មត​ថា ករណី​វិវាទ និង​កូដកម្ម​មាននៅ​គ្រប់​កន្លែង​ទេ​។

លោក​ថា​៖ «​យើង​មើលឃើញ​ទាំងអស់​គ្នា​ថា ការដើរ​ធ្វើ​កូដកម្ម​មាន​ការថយចុះ​ជាង​មុន​ច្រើន​ធៀប​ជាមួយ​អាណត្តិ​មុន ដែល​នេះ​ជា​មោទនភាព​របស់​ក្រសួង​ការងារ​បាន​ចូលរួម​ក្នុង​ការធានា​នូវ​សុខដុមរមនាកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​»​។ លោក​បញ្ជាក់​ថា យន្តការ​ដោះស្រាយ​កូដកម្ម​ត្រូវ​បាន​ពង្រឹង ដែល​បាន​បង្ហាញ អត្រា​កូដកម្ម​បាន​ថយចុះ​ជា​បន្តបន្ទាប់​មក​នៅត្រឹម​ក្រោម ១% នៅ​ឆ្នាំ​ ២០២២ តាមរយៈ​ការធ្វើ​អន្តរាគមន៍​គ្រប់​ទីកន្លែង និង​ទាន់​ពេលវេលា និង​ការដោះស្រាយ​កូដកម្ម​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ប្រមាណ​ជិត ១០០ ​ភាគរយ​។

ក្នុង​របាយការណ៍​របស់​ក្រសួង​ការងារ​គិត​ចាប់ពី​ឆ្នាំ​ ២០១៨​ មក​អត្រា​កូដកម្ម​មាន ០,៤ ​ភាគរយ ២០១៩​ មាន ០,៥​ ភាគរយ ២០២០ មាន ០,៩ ​ភាគរយ ២០២១ ​មាន ០,៤​ ភាគរយ និង​ឆ្នាំ​ ២០២២ មាន​ការធ្វើ​កូដកម្ម​ត្រឹម​ ០,១​ ភាគរយ​។ ចំណែក​អត្រា​ការ​ដោះស្រាយ​កូដកម្ម​នៅ​ឆ្នាំ​ ២០២២ មាន​ ៩៦ ​ភាគរយ បើ​ធៀប​ឆ្នាំ ២០២១ ​មាន ៩៤​ ភាគរយ​។

លោក​ថា ក្រៅពី​ធានា​លក្ខខណ្ឌ​ការងារ និង​សុខភាព ក្រសួង​បាន​បន្ត​ពង្រឹងពង្រីក​បង្កើត​នូវ​លិខិតបទដ្ឋាន​បន្ថែ​ម​ទៀត ដើម្បី​ធានា​នូវ​យន្តការ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល និង​វិវាទ​ការងារ​រួម​ឱ្យ​កាន់តែ​ល្អ​ធ្វើ​ម៉េច​ឱ្យ​ភាគី​វិវាទ​អាច​ទទួល​យក​បាន ហើយ​អាច​បញ្ចប់​វិវាទ​ដោយ​មិន​ចាំបាច់​ប្តឹងផ្ដល់​វែងឆ្ងាយ​។

លោក​ ហេង សួរ បន្ថែម​ថា ក្នុង​រយៈពេល ៥​ ឆ្នាំ​មកនេះ ក្រសួង​ក៏បាន​ធានា​នូវ​សេរីភាព អង្គការ​វិជ្ជាជីវៈ​ដោយ​បាន​បន្ត​ចុះ​បញ្ជិកា​សហជីព សមាគម​និយោជក ជា​បន្តបន្ទាប់​ជាក់ស្តែង​សហជីព​មូលដ្ឋាន​នៅតាម​រោងចក្រ ក្រុមហ៊ុន មាន​រហូតដល់​ ៥ ៥៩១​ សហជីព​។

លោក​ថា​៖ «​ជារួម​ក្នុង​ ១ ​ឆ្នាំ សហជីព​យ៉ាងតិច​មាន​ចំនួន​ជាង ​១០០​ ដែល​ត្រូវបាន​បង្កើត​ថ្មី ក្រៅពី​នេះ​មាន​ការកើនឡើង​ចំនួន​សហព័ន្ធ​សហជីព​រហូត​ដល់ ២៦៣ ហើយ​សហភាព​សហជីព​មាន ៤០​ ។ អ៊ីចឹង​យើង​ឃើញថា សេរីភាព​នៃ​ការបង្កើត​សហជីព​នៅ​កម្ពុជា​ត្រូវ​បាន​ធានា ហើយ​មិន​មានការ​ថមថយ​ទេ​»​។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា កត់សម្គាល់​ឃើញថា ការធ្វើ​កូដកម្ម​មាន​ការ​ថយចុះ​បណ្តាល​មកពី​ច្បាប់​ស្តីពី​សហជីព​ថ្មី ដែល​ជា​កត្តា​មួយ​ទប់ស្កាត់ ដោយសារ​ច្បាប់​នេះ​មាន​ចរិត​រឹតត្បិត​សេរីភាព​របស់​កម្មករ​និយោជិត និង​សហជីព​។ មួយ​ទៀត​ទាំង​វិវាទ​បុគ្គល និង​វិវាទ​រួម ភាគី​សហជីព​ព្យាយាម​ដោះស្រាយ​ក្នុង​កម្រិត​មូលដ្ឋាន ហើយក៏​ឃើញថា សំណុំរឿង​មួយចំនួន​ទៀត​បាន​ធ្វើការ​ជជែក​ជាមួយ​ដៃគូ​ខាងក្រៅ​ ដែលជា​ផ្នែក​មួយ​ក្នុង​យន្តការ​ទប់ស្កាត់ ករណី​វិវាទ​ដែល​អាច​រីករាលដាល​ធំ​។ «​ដូច្នេះ​យើង​ឃើញថា ទោះ​កូដកម្ម​មាន​ការ​ថយចុះ​ ប៉ុន្តែ​វិវាទ​នៅតែ​កើតមាន​ច្រើន​»​។

លោក​ថា​៖ «​ខ្ញុំ​លើក​ឧទាហរណ៍​ថា បើសិន​ជា​មាន​ករណី​កូដកម្ម​កើតឡើង សហជីព​អត់​អាច​ចូលរួម​ក្នុង​ការសម្របសម្រួល​បានទេ អាច​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពីបទ​ញុះញង់​ឈានដល់​រង​ការព្រមាន ឬ​ប្តឹង ដូច្នេះ​ទាំងអស់​នេះ ដែល​ធ្វើឱ្យ​សហជីព រអា​ក្នុង​ការចូលរួម​ដោយសារ​ច្បាប់​ដាក់​បម្រាម​មក​អ៊ីចឹង​»​។

លោក​បន្តថា ជាការ​ពិត ការបង្កើត​សហជីព​មាន​ការកើនឡើង​មែន ប៉ុន្តែ​មិនមែន​ជា​សហជីព ​ដែល​ឈរលើ​គោលការណ៍​ឯករាជ្យ​នោះទេ ឬ​ការពារ​ប្រយោជន៍​កម្មករនិយោជិត​ទេ​។

បន្ថែម​ពីនេះ​លោក ហេង សួរ បានឱ្យ​ដឹងថា តាមរយៈ​កំណើន​សេដ្ឋកិច្ច​ឃើញ​ថា អត្រា​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​រហូតដល់ ៩៩,៣ ​ភាគរយ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ជាង ១២ ​លាន​នាក់ ក្នុងនោះ​មាន​ ១​ លាន​ ៣ សែន​នាក់​កំពុង​ធ្វើការ​នៅឯ​ក្រៅប្រទេស និង​បាន​ផ្ទេរ​សាច់ប្រាក់​មកជួយ​ដល់​គ្រួសារ និង​រួមចំណែក​ដល់​សេដ្ឋកិច្ច​កម្ពុជា​ប្រហែល ២,៧ ​ពាន់​លាន​ដុលារ ក្នុង​ឆ្នាំ​ ២០២២៕