ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន អំពាវនាវ​ដល់​សមាជិក​អាស៊ាន ព្រមទាំង​ដៃគូ​អាស៊ាន លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ឌីជីថល​ សម្រាប់​ស្ត្រី ដោយ​សម្រួល​លទ្ធភាព​ទទួល​ឥណទាន ទីផ្សារ និង​ព័ត៌មាន ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម ខណៈ​សហគ្រិន​ភាព​របស់​ស្ត្រី​ក្នុង​តំបន់​អាស៊ាន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​សហគ្រាស​។

លោក​ថ្លែងថា ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត ស្ត្រី​នឹង​បន្ត​ដើរតួនាទី​ជា​តួអង្គ​ដ៏សំខាន់ ជាពិសេស ក្នុង​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និង​ភាពរឹងមាំ​។ ការណ៍​នេះ ទាមទារ​ឱ្យ​មាន​ការរួម​សាមគ្គី និង​សហការ​គ្នា​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដែល​អំណោយផល​ដល់​ការរីក​លូតលាស់​របស់​សហគ្រិន​ស្ត្រី និង​ការចូលរួម​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។

លោក​អំពាវនាវ​ដូច្នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន លើក​ទី​ ២ ក្រោម​ប្រធានបទ «​ការកសាង​អនាគត​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និង​កាន់តែ​រឹងមាំ ៖ បំផុស​សហគ្រិនភាព​របស់​ស្ត្រី​នៅក្នុង​អាស៊ាន​» ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តាម​ប្រព័ន្ធ​អនឡាញ​នា​ថ្ងៃទី​ ១២ ខែតុលា​។

លោក​ ហ៊ុន សែន បន្តថា សហគ្រិនភាព​របស់​ស្ត្រី​នៅក្នុង​តំបន់​អាស៊ាន បាននិង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​សហគ្រាស ជាពិសេស​នៅតាម​តំបន់​ទីជនបទ​។ ម្យ៉ាងវិញ​ទៀត ស្ត្រី​ភាគច្រើន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​នៅ​កម្រិត​មីក្រូ កម្រិត​តូចៗ និង​ស្ថិត​នៅក្រៅ​ប្រព័ន្ធ ដោយ​ភាគច្រើន​លើសលប់ មិនទាន់​បាន​ចុះបញ្ជី​អាជីវកម្ម​ផ្លូវការ​នៅ​ឡើយ ដែល​អាច​បង្កឱ្យមាន​ការលំបាក​ដល់​រដ្ឋាភិបាល ក្នុង​ការកំណត់ និង​ផ្តល់​ការគាំទ្រ​តាម​ការចាំបាច់​។

លោក​ថ្លែងថា​៖ «​ដើម្បី​បំផុស​សក្តានុពល​សហគ្រិន​ស្ត្រី និង​បង្ក​ភាពងាយស្រួល​ក្នុងការ​ចាប់យក​នូវ​កាលានុវត្តភាព និង​សក្តានុពល​ថ្មីៗ​នានា យើង​គួរ​ពិនិត្យ និង​ផ្តល់​ការយក​ចិត្ត​ទុកដាក់​លើ​កិច្ចការ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ឌីជីថល​សម្រាប់​ស្ត្រី និង​ក្មេងស្រី តាម​-​រយៈ​ការ​ផ្តល់នូវ​ចំណេះដឹង​ផ្នែក​-​ហិរញ្ញវត្ថុ និង​ឌីជីថល និង​ការសម្រួល​លទ្ធភាព​ទទួល​ឥណទាន ទីផ្សារ និង​ព័ត៌មាន ក្នុង​ការចាប់ផ្ដើម និង​អភិវឌ្ឍ​អាជីវកម្ម​»​។

លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​រៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគ្រាស​ធុន​មីក្រូ​តូច និង​មធ្យម និង​សហគ្រិន​ស្ត្រី ព្រមទាំង​កែលម្អ​នូវ​ក្របខ័ណ្ឌ​គតិយុត្ត និង​ផ្នត់គំនិត​សង្គម​ ដែល​រារាំង​ដល់​សក្តានុពល​របស់​ស្ត្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​។ លោក​ថែមទាំង​ជំរុញ​ឱ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស តាមរយៈ​កម្មវិធី​លើកកម្ពស់​ជំនាញ និង​បណ្តុះបណ្តាល​ជំនាញ​ថ្មី​ដល់​ស្ត្រី និង​ក្មេងស្រី រួមទាំង​កម្មវិធី​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។

លើសពីនេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម វិធានការ​គោលនយោបាយ​នានា​ផ្នែក​គាំពារ​សុខុមាលភាព​គ្រួសារ និង​ការឆ្លើយតប​លើ​ការងារ​ថែទាំ​គ្រួសារ និង​ការងារ​ផ្ទះ​របស់​ស្ត្រី ព្រម​ទាំង​ការវិនិយោគ​សាធារណៈ​លើ​វិស័យ​សេវា​ថែទាំ និង​សុខុមាលភាព​សង្គម​។

បើតាម​លោក​ ហ៊ុន សែន អាស៊ាន​គឺជា​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេស​ដោយសារ​ការ​ចូលរួម​ដ៏សកម្ម​របស់​ស្ត្រី​។ សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ពឹងផ្អែក​ខ្លាំង​លើ​សហគ្រាស ធុន​មីក្រូ​តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី​។

លោក​ក៏បាន​លើកឡើង​ករណី​កម្ពុជា ដែល​មាន​សហគ្រាស​ធុន​មីក្រូ​តូច និង​មធ្យម រហូតដល់​ទៅ ​៩៨​ ភាគរយ​នៃ​ចំនួន​សហគ្រាស​សរុប ដែល​បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ជាតិ ប្រមាណ​ ៥៨ ​ភាគរយ និង​បានផ្តល់​ការងារ​ប្រមាណ ៧៣ ​ភាគរយ​នៃ​ការងារ​សរុប​។ ក្នុងនោះ​ស្ត្រី គឺជា​អ្នកប​ង្កើត និង​គ្រប់គ្រង​ប្រមាណ​ ៦១ ​ភាគរយ នៃ​ចំនួន​សរុប​នៃ​សហគ្រាស ធុន​មីក្រូ​តូច និង​មធ្យម​។

លោក​ថ្លែងថា​៖ «​ការណ៍​នេះ បាន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា កំណត់ និង​ជំរុញ​ការលើក​តម្កើង​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​សមភាព​យេនឌ័រ និង​ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី នៅក្នុង​កិច្ចអភិវឌ្ឍន៍​នូវ​គ្រប់​វិស័យ និង​គ្រប់​កម្រិត​»​។

លោកស្រី Penny Wong សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា អូស្ត្រាលី និង​អាស៊ាន​មាន​អនាគត​រួមគ្នា ហើយ​ក៏មាន​បញ្ហា​ប្រឈម​រួមគ្នា​ដែរ ប៉ុន្តែ អាច​ឈ្នះ​បញ្ហា​ប្រឈម​ទាំងនេះ​ដោយ​ធ្វើការ​រួមគ្នា​ក្នុង​ស្មារតី​ជា​អាស៊ាន​។ បញ្ហា​ប្រឈម​ច្រើន​នៅក្នុង​អាស៊ាន គឺមាន​ផលប៉ះពាល់​ច្រើន​ទៅលើ​ស្ត្រី និង​កុមារី​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​ទៅលើ​បញ្ហា​ជាច្រើន​ជាមួយ​ស្ត្រី និង​កុមារី ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ដែលជា​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​របស់​យើង ហើយ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​អាស៊ាន​ក៏​ផ្តល់​លទ្ធភាព​ឱ្យមាន​កិច្ចសហការ​បន្ថែម រួមទាំង​ជាមួយ​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​»​។

លោកស្រី Vicky Ford អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​នៃ​ក្រសួង​ការបរទេស​អង់គ្លេស ថ្លែង​ក្នុង​ពិធី​នេះ​ថា នៅ​ប្រទេស​កម្ពុជា ចក្រភព​អង់គ្លេស​គាំទ្រ​ដល់​អ្នកដឹកនាំ​ជា​ស្ត្រី ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​។

លោកស្រី​ថ្លែងថា​៖ «​នៅពេល​បច្ចុប្បន្ន យើង​គាំទ្រ​ស្ត្រី ដែល​ជា​ជើងឯក​ជាង​ ១០០ ​នាក់ ដើម្បី​ក្លាយជា​អ្នកតស៊ូ​មតិ​នៅក្នុង​ស្រុក សម្រាប់​បរិយាប័ន្ន​យេនឌ័រ និង​គោលនយោបាយ​នៃ​ការប្រែប្រួល​អាកាសធាតុ ហើយ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​របស់​ចក្រភព​អង់គ្លេស​-​អាស៊ាន​។ យើង​ប្តេជ្ញា​ពង្រឹង​សមភាព​យេនឌ័រ និង​ការពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី ដោយ​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​លោកអ្នក​»៕