
តំណាងក្រសួងអប់រំ និងអង្គការយូណេស្កូក្នុងពិធីថ្ងៃទី ១២ តុលា។ រូប សហការី
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូណេស្កូ បានផ្សព្វផ្សាយរបាយការណ៍ស្តីពីការពិនិត្យតាមដានការអប់រំជាសកល ដោយផ្តោតលើតួនាទីរបស់តួអង្គអប់រំមិនមែនរដ្ឋ និងទំនួលខុសត្រូវរបស់តួអង្គរដ្ឋ ដែលជាអ្នកទទួលខុសត្រូវក្នុងការធានាការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយនិរន្តរភាព។
ពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការត្រួតពិនិត្យការអប់រំជាសកលឆ្នាំ ២០២១-២០២២ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ក្នុងរបាយការណ៍ឱ្យដឹងថា នៅឆ្នាំ ២០២២ មានកុមារ ៣៥០ លាននាក់ ត្រូវបានផ្ដល់ការអប់រំ ដោយតួអង្គមិនមែនរដ្ឋនៅទូទាំងពិភពលោក ដូច្នេះវាមានសារសំខាន់ណាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរអំពីស្ថានភាពនឹងប្រព័ន្ធដែលតួអង្គរដ្ឋនិងមិនមែនរដ្ឋធ្វើប្រតិបត្តិការនៅក្នុងប្រទេសនីមួយៗដើម្បីធានាថា សិទ្ធិទទួលបានការអប់រំ និងតម្រូវការអប់រំរបស់កុមារ យុវជននិងជនពេញវ័យត្រូវបានបំពេញ។
របាយការណ៍ដដែលបន្តថា នៅក្នុងប្រទេសកម្ពុជា តួអង្គមិនមែនរដ្ឋមានវត្តមាននៅគ្រប់កម្រិតអប់រំទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ហើយការចូលរួមរបស់វិស័យឯកជនត្រូវបានគេសង្កេតឃើញមានជាទូទៅ ជាពិសេសនៅឧត្តមសិក្សា ជាកម្រិតអប់រំតែ ១ គត់ ដែលតួអង្គមិនមែនរដ្ឋបានផ្ដល់ការអប់រំខ្ពស់ជាងតួអង្គ រដ្ឋតាមរយៈគ្រឹះស្ថានឧត្ដមសិក្សាឯកជនដែលត្រូវបានបង្កើតឡើងមានជាង ៦០ ភាគរយ ក្នុងចំណោមចំនួនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅឆ្នាំ ២០១៨។
លោក សាដាអ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា តួអង្គអប់រំឯកជនមិនមែនជាបាតុភូតថ្មីនៅកម្ពុជានោះទេ និងមានភាពលេចធ្លោនៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាហើយបានផ្តល់សេវាអប់រំនៅគ្រប់កម្រិតភូមិសិក្សា ដែលតួអង្គនេះគឺមិនអាចខ្វះបានឡើយ។
លោកថ្លែងថា៖ «វាជាភ័ស្តុតាងដែលថាពួកគេបានចូលរួមចំណែករួចមកហើយរួមជាមួយនឹងស្ថាប័នរដ្ឋដែលជាផ្នែក ១ នៃប្រព័ន្ធ អប់រំតែមួយដើម្បីគាំទ្រប្រទេសក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី៤»។
ជាមួយគ្នានេះដែរលោកកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការផ្តល់នូវការអប់រំបឋមសិក្សានិងមធ្យមសិក្សា ប្រកបដោយគុណភាព និងសមធម៌សម្រាប់កុមារគ្រប់រូបដោយនៅឆ្នាំ ២០២០ អត្រាចុះឈ្មោះចូលរៀននៅបឋមសិក្សាគឺ ៩៧ភាគរយ ដែលបង្ហាញពីវឌ្ឍនភាពធំធេងធ្វើឡើងដោយប្រទេសកម្ពុជាក្នុងការផ្តល់នូវលទ្ធភាពទទួលបានការអប់រំជាសកល។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តួអង្គវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកធ្វើឱ្យការអប់រំនៅកម្ពុជាប្រកបដោយនិរន្តរភាព។
លោកបន្តថា ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅជាច្រើន ក្នុងការពង្រឹងភាពជាដៃគូវិស័យឯកជនជាមួយរដ្ឋដើម្បីចូលរួមសម្រេចគោលដៅអប់រំប្រកបដោយចីរភាពឆ្នាំ ២០៣០ ដែលបានផ្តោតលើការ “ធានាឱ្យការអប់រំមានគុណភាព សមធម៌ បរិយាប័ន្ន និងលើក កម្ពស់ឱកាសក្នុងការសិក្សាពេញ ១ ជីវិតសម្រាប់ទាំងអស់គ្នា”។
លោកថា៖ «គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះដែរលោកបន្ថែមថា ក្រសួងអប់រំក៏កំពុងផ្តោតសំខាន់ទៅលើគ្រួសារក្រីក្រ ជនមានពិការភាព ជនជាតិដើមភាគតិច ករណីគ្រោះធម្មជាតិជំងឺរាតត្បាត និងយេនឌ័រ ដើម្បីឱ្យពួកគេទទួលបានការអប់រំប្រកបដោយស្មើភាពផងដែរ។
ក្នុងរបាយការណ៍ពិនិត្យតាមដានការអប់រំជាសកលស្តីពីការអប់រំរបស់តួអង្គមិនមែនរដ្ឋនៃអង្គការយូណេស្កូ បានផ្តល់អនុសាសន៍មួយចំនួនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ អនុសាសន៍ទាំងនោះរួមមាន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថា កុមារ និងយុវជនទាំងអស់បានទទួលការអប់រំរយៈពេល ១ ឆ្នាំនៅកម្រិតមត្តេយ្យសិក្សា និង ១២ ឆ្នាំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាដោយមិនគិតថ្លៃ ដែលមានការផ្ដល់ថវិកាគាំទ្រពីប្រភពសាធារណៈ។
ត្រូវដាក់ចេញនូវស្តង់ដាគុណភាព ដែលអនុវត្តចំពោះគ្រប់គ្រឹះស្ថានអប់រំរដ្ឋ និងមិនមែនរដ្ឋទាំងអស់ពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល ដើម្បីតាមដាន និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា លើកទឹកចិត្តនវានុវត្តន៍ ដើម្បីផលប្រយោជន៍រួមនិងប្រមូលផ្ដុំគ្រប់តួអង្គទាំងអស់ ដែល មានលទ្ធភាពអភិវឌ្ឍនវានុវត្តន៍ ទាំងនេះ និងការពារមិនឱ្យមានការប្រើប្រាស់ការអប់រំ ដើម្បីបំពេញប្រយោជន៍បុគ្គលដែលមានលក្ខណៈតូចចង្អៀត។
ក្រសួងអប់រំបានឱ្យដឹងថា ក្នុងរបាយការណ៍តាមដានការអប់រំសកលឆ្នាំ ២០២១-២០២២ គឺបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងអនុសាសន៍ជាគោលនយោបាយ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនៃការអប់រំដែលមានការចូលរួមបន្ថែមពីតួអង្គមិនមែនជារដ្ឋដោយផ្តោតលើប្រធានបទ“ នរណាជាអ្នកជ្រើសរើស នរណាជាអ្នកខាតបង់?”។
ក្រសួងអប់រំបានគូសបញ្ជាក់ថាក្នុងបរិវត្តកម្មប្រព័ន្ធអប់រំ ក្រសួងបានកំណត់ទិសដៅជាអាទិភាពក្នុងការធ្វើកំណែទម្រង់វិស័យអប់រំចំនួន ៨ ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំឱ្យប្រសើរឡើងរួមមាន ១ សាលារៀនបើកដំណើរការ និងធានានូវការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស។ ២ ធ្វើកំណែទម្រង់សាលារៀន ដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀន។ ៣ គ្រូបង្រៀនមានគុណភាពខ្ពស់ ៤ ការអប់រំឌីជីថល ៥ ការអប់រំ វិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៦ អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជន។ ៧ បង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា និង ៨ ពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ៕