​​​​ភ្នំពេញៈ ​កម្ពុជា​មាន​ម​ហិ​ច្ឆ​តា​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ពិការ​ភ្នែក​ឱ្យ​នៅ​ត្រឹម ០,៣៥ %​ នៅ​ឆ្នាំ ២០៣០ ​ខណៈ​សមិទ្ធ​ផល​នៃ ​«​ការ​បង្ការ​ និង​គ្រប់​គ្រង​ភាព​ពិការ​ភ្នែក​»​ ចាប់​ពី​ឆ្នាំ​ ១៩៩៥ ​ដល់​ ២០១៩​ កម្ពុជា​សម្រេច​បាន​អត្រា​ពិការ​ភ្នែក​ថយ​ចុះ​ពី ១,២% ​មក​នៅ​ត្រឹ​ម​ ០,៣៧%​។ ​នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​។​

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​ស្តីពី​ទិវា​សុខ​ភាព​ភ្នែក​ពិភព​លោក ១៣ ​តុលា ​២០២២ ​បាន​ឱ្យដឹង​ថា​ ក្រសួង​កំពុង​បង្កើន​ផែន​ការ​យុទ្ធ​សាស្ត្រ​សំដៅ​ដល់​ការ​បង្ការ​ និង​ពិនិត្យ​ភាព​ពិការ​ភ្នែក​ ដោយ​មាន​គោល​ដៅ​ចម្បង​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ការ​ពិការ​ភ្នែក​ឱ្យ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​០,៣៥%​ នៅ​ឆ្នាំ​ ២០៣០​ ខាង​មុខ​។​

ក្រសួង​បញ្ជាក់​ថា​៖ «​​ក្រសួង​សុខាភិ​បាល​បាន​បង្កើត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ទី​៣ សម្រាប់​ការ​បង្ការ​ និង​ត្រួត​ពិនិត្យ​ភាព​ពិការ​ភ្នែក​ឆ្នាំ ​២០២១ ​-២០៣០ ​មាន​គោល​ដៅ​មហិច្ឆ​តា​របស់​ខ្លួន​គឺ "​ដើម្បី​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ពិការ​ភ្នែក​ឱ្យ​នៅ​ត្រឹម ០,៣៥% ​នៅ ​ឆ្នាំ​ ២០៣០»​​។

ប្រភព​ដដែល​បានឱ្យដឹ​ង​ទៀត​ថា​ នៅ​ប្រទេស​កម្ពុជា​ បញ្ហា​ពិការ​ភ្នែក​ និង​​គំហើញ​​ចុះ​ខ្សោយ​ គឺ​កំពុង​ស្ថិត​​នៅ​ជា​ប​​ញ្ហា​សុខ​ភាព​ សាធារ​ណៈដែល​តម្រូវ​ឱ្យ​គ្រប់​គ្នា​​យកចិត្ត​ទុក​ដាក់​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាបបំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា ៩០% ​នៃ​ភាព​ពិការ​ភ្នែក​ និង​គំ​ហើញ​ចុះ​ខ្សោយ​ គឺ​អាច​ចៀស​វាង​ និង​អាច​ព្យាបាល​បាន​។

ក្រសួង​បញ្ជាក់​ទៀត​ថា​៖ «​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ភាព​ឈ្លាស​វៃ ដែល​ធ្វើ​ឱ្យ​កម្ពុ​ជា​មាន​សន្តិភាព​បរិបូរណ៍ ​រីក​ចម្រើន​របស់​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សមិទ្ធផល​នៃ «​ការ​បង្ការ និង​គ្រប់​គ្រង​ភាព​ពិការ​ភ្នែក​» ​សម្រេច​បាន​អត្រា​ភាព​ពិការ​ភ្នែក​មាន​ការ​ថយ​ចុះ​ ១,២% នៅ​ឆ្នាំ​ ១៩៩៥​ ​មក​ត្រឹម​ ​០,៣៧% ​នៅ​ឆ្នាំ​ ២០១៩​»​​។​

ក្រសួង​សុខាភិ​បាល​បាន​បង្ហាញ​សមិទ្ធ​ផល​លេច​ធ្លោ​ដែល​រាជ​រដ្ឋាភិ​បាល​សម្រេច​បាន​ក្នុង​រយៈ​ពេល​ ២៧​ ឆ្នាំ​កន្លង​មក​នេះ​ មាន​ធនធាន​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ការ​ងារ​រួម​ចំណែក​ក្នុង​ការ​បង្ការ​ និង​គ្រប់​គ្រង​ភាព​ពិការ​ភ្នែក ​ក្នុង​នោះ​មាន​អ្នក​ឯក​ទេស​ជាន់​ខ្ពស់​ច​ក្ខ​សាស្ត្រ​មាន​ចំនួន​ ៦០​ រូប ចក្ខុ​បណ្ឌិត​មាន​ចំនួន​ ១០៣​ រូប​ ចក្ខុ​គិលានុ​បដ្ឋាក​មាន​ចំនួន​ ១៥៨​ រូប ចក្ខុ​មាត្រ​ការី​មាន​ចំនួន​ ១០៥​ រូប​ ហើយក៏មាន​ការ​បណ្តុះ​បណ្តាល​សុខ​ភាព​ភ្នែក​បឋម​ដល់​មន្ត្រី​នៅ​ថ្នាក់​មណ្ឌល​សុខ​ភាព ​និង​មាន​វគ្គ​សិក្សា​រយៈ​ពេល​ខ្លី វះ​កាត់​ជំងឺ​បាយ​ភ្នែក​មុខ​តូច​ និង​ការ​អភិ​វឌ្ឍ​ជំនាញ​វិជ្ជា​ជីវៈ​ផង​ដែរ​។​

ដោយ​ឡែក​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុ​ជា​មាន​អគារ​ចក្ខុ​រោគ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ក្រុង ​ដែល​ក្នុង​នោះ​នៅ​រាជ​ធានី​ភ្នំពេញ​មាន​មន្ទីរ​ពេទ្យ​ចំនួន ​៤ ​ផ្តល់​សេវា​ចក្ខុរោគ​ និង​មាន​មន្ទីរ​ឯក​ទេស​ភ្នែក​ជាន់​ខ្ពស់​​នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​។ ​ចំណែក​នៅ​តាម​បណ្តា​ខេត្ត ​មាន​មន្ទីរ​ពេទ្យ​ខេត្ត​ចំនួន​ ២២ ​និង​ មណ្ឌល​ថែ​ទាំ​ភ្នែក​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ចំនួន​ ១៨ ​កន្លែង​​។​

ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា​ នៅ​ឆ្នាំ​ ២០២១ ​បាន​ផ្តល់​សេវា​ពិនិត្យ ​និង​ព្យាបាល​បាន​ចំនួន​ ៤១៥ ​៥០២ នាក់ ​និង​វះ​កាត់ ​ចំនួន​ ៣២ ៩០៥​ នាក់ ចំណែក​ជំងឺ​កង្វះ​ជីវ​ជាតិអា ​ត្រូវ​បាន​លុប​បំបាត់​ ហើយ​ជំងឺ​ត្រាក់​កូម មិន​មែន​ជា​បញ្ហា​សុខ​ភាព​សាធារ​ណៈ​ត​ទៅ​ទៀត​ទេ​។​

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​ក្នុង​ឱកាស​នៃ​ទិវា​សុខភាព​ភ្នែក​ពិភព​លោក​ថ្ងៃទី​ ១៣ ខែតុលា​ ឆ្នាំ​ ២០២២​ ក្រសួង​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ទៅ​ពិ​និត្យ​ភ្នែក​នៅ​តាម​អគារ​ផ្តល់​សេវា​ចក្ខុ​រោគ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​-​ក្រុង​ នៅ​ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា យ៉ាង​ហោច​ណាស់​ឱ្យ​បាន​រៀង​រាល់ ​២​ ឆ្នាំ​ម្តង​។​

សម្រាប់់​អ្នក​មាន​អាយុ​ចាប់​ពី ​៤០​ ឆ្នាំ​ ឡើង​ទៅ​មាន​ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (​សម្ពាធ​ភ្នែក​ឡើង​ខ្ពស់ ឬ​មាន​ផល​វិបាក​ប៉ះ​ពាល់​ដល់​គំហើញ​)​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​លើស​ឈាម​ មាន​ប្រវត្តិ​នៃ​ការ​ជក់បារី​យូរ​រ៉ាំរ៉ៃ ​ពាក់​វ៉ែន​តា​រួច​ហើយ​ កម្រិត​ម្ញ៉ូ​ប​ខ្ពស់​ជា​ដើម​ ត្រូវ​តែទៅ​រក​គ្រូ​ពេទ្យ​ពិនិត្យ​ភ្នែក​ជា​រៀង​រាល់​ឆ្នាំ​។​​

ដើ​ម្បី​អប​អរ​សា​ទរ​ដល់​ទិវា​សុខ​ភាព​​ភ្នែក​ពិភព​លោក ​១៣ ​តុលា​នេះ​ មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូ​វៀត​ បាន​ប្រកាស​ផ្តល់​ជូន​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ភ្នែក​ជូន​ប្រជា​ជន​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃទី ​១៣​ ខែតុលា ​ដល់​ថ្ងៃទី​ ១៤​ ខែ​តុលា​ ឆ្នាំ​ ២០២២ ​នេះ​។​

លោក​ស្រី ​សុខ​ ខេង​ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ភ្នែក​កុមារ​ នៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​ឱ្យ​ដឹង​ថា​ ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ភ្នែក​ដោយ​មិន​គិត​ថ្លៃ​នេះ​ពេល​ព្រឹក​ចាប់​ផ្តើម​ពី​ម៉ោង ​៨ ​ដល់​ម៉ោង ​១២​ ថ្ងៃ​ត្រង់​ និង​ពេល​រសៀល​ចាប់​ផ្តើម​ពី​ម៉ោង​ ២ ​រហូត​ដល់​ម៉ោង​ ៥​ ល្ងាច​។​

លោក​ស្រី​បាន​ឱ្យដឹង​ថា​ នៅ​ថ្ងៃទី ១៣​ ខែតុលា​នេះ ចំនួន​ប្រជា​ជន​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​មិន​គិត​ថ្លៃ ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត​ អាច​មាន​ចន្លោះ​ពី ​៦០​ ទៅ​ ៨០​ នាក់​​។​

លោក​ស្រី​បញ្ជាក់​ថា​៖ «​ប្រភេទ​ជំងឺ​ដែល​គាត់​មក​ធ្វើការ​ពិនិត្យ​ព្យាបាល​ហ្នឹង​ ក្នុង​នោះ​មាន​ជំងឺ​ភ្នែក​ឡើង​បាយ​ ជំងឺ​កន្ទុយ​ថ្លែន​ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ ជំងឺ​បាត​ភ្នែក​ដែល​កើត​ឡើង​ដោយ​សារ​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​ និង​ជំងឺ​ភ្នែក​កុមារ​»​៕​ ​