​ភ្នំពេញៈ ប្រធានាធិបតី​ប្រទេស​ទី​ម័​រ​ខាងកើត លោក Jose Ramos-Horta គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​សប្តាហ៍​ក្រោយ ស្រប​ពេលដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខែក្រោយ​ហើយ​លោ​កស​ង្ឃឹម​ថា ទី​ម័​រ​ខាងកើត​នឹង​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១​ នៅ​ឆ្នាំ ២០២៣​។

លោក Jose Ramos-Horta ថ្លែង​ក្នុង​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​ថា​៖ «​នៅ​សប្តាហ៍​ទី​៣ ក្នុង​ខែតុលា ខ្ញុំ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ការអញ្ជើញរ​បស់​ព្រះមហាក្សត្រ​។ មិត្ត​របស់​យើង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ស្ថិត​ក្នុងចំណោម​អ្នកតស៊ូ​មតិ​ដ៏​សកម្ម​បំផុត​សម្រាប់​សមាជិកភាព​អាស៊ាន ​[​របស់​ទី​ម័​រ​ខាងកើត​]»​។

លោក​ថ្លែងថា ដោយមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន​ដែលមាន​សមត្ថភាព​ខ្ពស់ UN សហភាព​អឺរ៉ុប (EU) និង​ធនាគារ​អភិវឌ្ឍន៍​អ៊ា​ស៊ី (ADB) ​គឺ​បានធ្វើ​ឱ្យមាន​ការវិវឌ្ឍ​​គួរឱ្យកត់សម្គាល់​ក្នុងការ​រៀបចំ​ឆ្ពោះទៅរក​ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​។

លោក Jose Ramos-Horta បន្តថា បេសកកម្ម​ស្វែងរក​ការពិត​ជាន់ខ្ពស់​របស់​អាស៊ាន ដែល​ធ្វើការ​លើ​សសរស្តម្ភ​ទាំង​៣​របស់​ទី​ម័​រ​ខាងកើត ដែល​រួមមាន នយោបាយ​សន្តិសុខ សង្គម​វប្បធម៌ និង​សេដ្ឋកិច្ច បានធ្វើការ​ពិនិត្យយ៉ាង​ហ្មត់ចត់​លើ​ការត្រៀមខ្លួន​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​។​

លោក​ថ្លែងថា​៖ «​របាយការណ៍​បេសកកម្ម​ទាំងនោះ​គាំទ្រ​ទស្សនៈ​របស់​យើង​ផ្ទាល់ និង​ទស្សនៈ​របស់​ទីភ្នាក់ងារ​ UN ស្ថាប័ន Breton Woods ក៏ដូចជា ADB និង​បេសកកម្ម​ស្វែងរក​ការពិត​ជាន់ខ្ពស់​បរទេស​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី Dili ទី​ម័​រ​ខាងកើត​ដែល​ប្រទេស​នេះ​បាន​បោះជំហាន​យ៉ាងសំខាន់​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​។ យើង​គួរតែ​ត្រូវបាន​ស្វាគមន៍​ក្នុង​អាស៊ាន​ជា​សមាជិក​ទី​១១​។ យើង​សង្ឃឹមថានឹង​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅ​ឆ្នាំ ២០២៣»​។

ប្រធានាធិបតី​រូបនេះ ថ្លែងបន្តថា នៅ​ឆ្នាំ​ ២០២៣​ ទី​ម័​រ​ខាងកើត​សង្ឃឹមថានឹង​ទទួលបាន​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ដែលជា​ផ្នែក​បន្ថែម​មួយ​ផ្សេងទៀត​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​។ ការចូល​ជា​សមាជិក​អាស៊ាន និង WTO ត្រូវបាន​ជំរុញ​ដោយ​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់​របស់​ទី​ម័​រ​ខាងកើត ដូចជា​ដំណើរការ​កំណែទម្រង់សេដ្ឋកិច្ច​ក្នុងស្រុក ដើម្បី​ធានាបាន​នូវ​បរិយាកាស​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ (FDI)​ ការវិនិយោគ​ជាតិ និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។​

លោក Jose Ramos-Horta ថ្លែងថា​៖ «​សមាជិកភាព​អាស៊ាន​នេះ​គឺជា​កត្តាចាំបាច់​ជា​យុទ្ធសាស្ត្រ ដែលមាន​សារៈសំខាន់​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ទី​ម័​រ​ខាងកើត​និង​អាស៊ាន​ផងដែរ​។ ជាមួយនឹង​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​របស់​យើង​ដែល​ផ្តល់​ផលប្រយោជន៍​ទាំងអស់គ្នា​ផងដែរ​នោះ ជម្លោះ ឬ​ការគំរាមកំហែង និង​ហានិភ័យ​ដែល​កើតចេញពី​ប្រទេសមួយ​ក៏​ប៉ះពាល់​ដល់​ប្រទេស​ដទៃទៀត​ដោយ​ចៀស​មិន​រួច​ផងដែរ​»​។​

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ខែសីហា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​ថា ប្រទេស​ទី​ម័​រ​ខាងកើត​ នឹង​អាច​ចូល​ជា​សមាជិក​អាស៊ាន​យ៉ាងយូរ​នៅត្រឹម​ឆ្នាំ​ ២០២៣ ដោយ​លោក​អះអាងថា​៖ «​ដំណើរការ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្ត កំពុងមាន​វឌ្ឍនភាព​យ៉ាង​ល្អ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​អាច​ស្វាគមន៍​ប្រទេស​នេះ​មកកាន់​គ្រួសារ​អាស៊ាន បាន​យ៉ាងយូរ​នៅត្រឹម​ឆ្នាំក្រោយ​»​។​

កម្ពុជា​គ្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ថ្ងៃទី​៨-១៣ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ផ្ញើលិខិត​អញ្ជើញ​ទៅកាន់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ លើកលែងតែ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ស្នើ​សុំឱ្យ​បញ្ជូន​តំណាង​មិន​នយោបាយ​។ ក្រៅពីនេះ កម្ពុជា​ក៏បានធ្វើ​លិខិតអញ្ជើញ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​អាស៊ាន ​ដៃគូ​សន្ទនា​អាស៊ាន​ចំនួន​១០​អង្គការ​ក្នុង​តំបន់ និង​អន្តរជាតិ​មួយចំនួន​។

ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ក​ម្ព​ជា​បាន​អ​ញ្ចើ​ញ​តាំងពី​ប្រធាន​ធនាគារពិភពលោក អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ប្រធាន​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និងប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក​មក​ចូលរួម​វេទិកា​កិច្ចសន្ទនា​សកល​លើក​ទី​២​៕